សន្និសីទ​អ​.​ស​.​ប​អនុម័ត​កតិកាសញ្ញា​ស្តីពី​អន្តោប្រវេសន៍ ទោះបី​ប្រទេស​ជាច្រើន​បាន​ដើរចេញ​

618
ចែករម្លែក
  • 11
    Shares

​សន្និសីទ​អង្គការសហប្រជាជាតិ​មួយ​បានអនុម័ត​កតិកាសញ្ញា​អន្តោប្រវេសន៍​នៅ​ចំពោះមុខ​មេដឹកនាំ​និង​អ្នកតំណាង​មកពី​ជាង ១៦០ ប្រទេស​នៅក្នុង​ប្រទេស​ម៉ា​រ៉ុ​ក​កាលពី​ថ្ងៃ​ចន្ទ​ទី​១០​ធ្នូ បើទោះបីជា​ប្រទេស​ជាច្រើន​បាន​ដើរចេញ ដែល​ជំរុញ​ដោយ​ប្រជា​និយម​ប្រឆាំងនឹង​អន្តោប្រវេសន៍​ក៏ដោយ​។​

​កិច្ចព្រមព្រៀង​ជា​សកល​សម្រាប់​អន្តោប្រវេសន៍​ដែលមាន​សុវត្ថិភាព សណ្តាប់ធ្នាប់ និង​ទៀងទាត់ ដែល​រៀបចំ​រួចរាល់​នៅ​អង្គការសហប្រជាជាតិ​កាលពី​ខែកក្កដា​បន្ទាប់ពី​កិច្ចចរចា​រយៈពេល ១៨ ខែ​មក​នោះ ត្រូវបាន​អនុម័ត​ជា​ផ្លូវការ​ជាមួយ​ការ​គោះ​នឹង​ញញួរ​មួយ​នៅ​ទីក្រុង​ម៉ា​រ៉ា​កេស (Marrakesh) នៅពេល​ចាប់ផ្តើម​សន្និសីទ​រយៈពេល​ពីរ​ថ្ងៃ​។​

​ប៉ុន្តែ​សហរដ្ឋអាមេរិក​និង​ប្រទេស​យ៉ាងហោចណាស់ ១៦ ផ្សេងទៀត​បានជ្រើសរើស​ដើរចេញ​ឬ​សម្តែង​ការព្រួយបារម្ភ ដោយ​ប្រទេស​ខ្លះ​អះអាងថា​កិច្ចព្រមព្រៀង​នេះ​រំលោភ​លើ​អធិបតេយ្យភាព​ជាតិ​។​

​ដោយ​ត្រូវបាន​ចាត់ទុកថា​ជា​ឯកសារ​អន្ដរជាតិ​ដំបូង​គេ​ស្តីពី​ការគ្រប់គ្រង​អន្តោប្រវេសន៍ កិច្ចព្រមព្រៀង​នេះ​ដាក់ចេញ​កម្មវត្ថុ​ចំនួន ២៣ ដើម្បី​បើកទូលាយ​ដល់​ការធ្វើ​អន្តោប្រវេសន៍​ស្របច្បាប់​និង​ទប់ស្កាត់​ការឆ្លងកាត់​ព្រំដែន​ខុសច្បាប់ ខណៈ​ចំនួន​មនុស្ស​ដែល​ធ្វើ​បំលាស់​ទី​ទូទាំង​ពិភពលោក​បាន​កើនឡើង​ដល់​ជាង ២៥០ លាន​នាក់​។​

​ដោយ​ពណ៌​នាវា​ថា​ជា “​ផែនទី​បង្ហាញផ្លូវ​” ដើម្បី​ទប់ស្កាត់​ទុក្ខវេទនា​និង​ភាពវឹកវរ​នោះ អគ្គលេខាធិការ​អ​.​ស​.​បលោក​អង់​តូ​នី​ញ៉ូ គូ​ថេ​រ៉េ​ស បាន​ព្យាយាម​លុបបំបាត់ចោល​នូវ​អ្វីដែល​លោក​ហៅថា “​រឿង​មិន​ពិត​” ជុំវិញ​កតិកាសញ្ញា​នេះ រួមមាន​ទាំង​ការអះអាង​ថា​វា​នឹង​អនុញ្ញាតឱ្យ​អង្គការសហប្រជាជាតិ​ដាក់ចេញ​គោលនយោបាយ​អន្តោប្រវេសន៍​លើ​រដ្ឋ​ជា​សមាជិក​។​

​លោក​គូ​ថេ​រ៉េ​សបាន​និយាយថា “​កតិកាសញ្ញា​នេះ​មិន​ជាប់​កាតព្វកិច្ច​ផ្លូវច្បាប់​ទេ​។ វា​គឺជា​ក្របខ័ណ្ឌ​មួយ​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​”​។​

​លោក​បាន​ប្រាប់​ទស្សនិកជន​ដែល​រួមមាន​អធិការបតី​អាល្លឺម៉ង់​លោកស្រី​អ៊ែន​ជែ​ឡា មឺ​គែល ប្រធានាធិបតី​ប៉ា​ណា​ម៉ា​លោក​វ័ន កា​ឡូ​ស វ៉ា​រ៉េ​ឡា នាយករដ្ឋមន្ត្រី​ក្រិ​កលោក​អា​ឡិច​ស៊ី​ស ស៊ី​ប្រាស់ នាយករដ្ឋមន្ត្រី​ដា​ណឺ​ម៉ា​កលោក ឡាស ឡុ​កកេ រ៉ា​សមូ​សសិន និង​នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​លោក​ប៉េ​ត្រូ សាន់​ឆេស យ៉ាង​ដូច្នេះ​ថា “​យើង​មិនត្រូវ​ចុះ​ញ៉ម​នឹង​ការភ័យខ្លាច​និង​រឿង​មិន​ពិត​នោះឡើយ​”៕ ដោយ៖ កញ្ញាដាលីស

កតិកាសញ្ញា​អន្តោប្រវេសន៍​ត្រូវបាន​អនុម័ត​នៅ​ម៉ា​រ៉ុ​ក​កាលពី​ថ្ងៃ​ចន្ទ