សន្លឹកឆ្នោត​ឈ្នះ​រង្វាន់​១,៥​ពាន់​លាន​មួយ​ត្រូវ​លក់​នៅ​រដ្ឋ​ខា​រ៉ូ​ឡាយ​ណា​ខាងត្បូង​

1033
ចែករម្លែក
  • 98
    Shares

ឆ្នោតឈ្នះរង្វាន់មហាសេដ្ឋីMega Millionsមួយសន្លឹកត្រូវបានលក់ចេញនៅទីប្រជុំជនមួយក្នុងរដ្ឋខារ៉ឡាយណាខាងត្បូង ។វាជារង្វាន់ជាង១.៥០០លានដុល្លារ ជារង្វាន់ធំបំផុតទី២ក្នុងប្រវត្តិសាស្រ្តអាមេរិក, នេះបើតាមមន្រ្តីក្រុមហ៊ុនឆ្នោតបានប្រកាសអោយដឹងកាលពីថ្ងៃពុធទី២៤តុលា។

ចៅហ្វាយក្រុងដែលលក់សន្លឹកឆ្នោតត្រូវរង្វាន់នេះ លោកចានីស ឃឺទីស បានប្រាប់កាសែតថា«ខ្ញុំគិតថាវាជាដំណឹងអស្ចារ្យមួយ ដែលទីប្រជុំជនមានព្រះវិហារតែមួយនេះឈ្នះរង្វាន់ធំ»។

ទោះជាយ៉ាងណា អ្នកឈ្នះរង្វាន់នឹងមិនមាននរណាស្គាល់ទេ។មិនដូចរដ្ឋផ្សេងទៀតនៅអាមេរិកទេ នៅខារ៉ូឡាយណាខាងត្បូង អ្នកឈ្នះឆ្នោតត្រូវរក្សាទុកជាជនអនាមិកតាមផ្លូវច្បាប់។

ក្រុមហ៊ុនឆ្នោតMega Millionsដែលដំបូងបានប្រកាសថារង្វាន់ឡើងដល់១.៦០០លានដុល្លារ ក្រោយមកបានកែសម្រួលវិញដោយបញ្ចុះមកនៅត្រឹម ១.៥៣៧លានដុល្លារ។អ្នកឈ្នះអាចយករង្វាន់៨៧៨លានដុល្លារជាប្រាក់សុទ្ធភ្លាម បើមិនដូច្នេះទេគេបើកប្រាក់បណ្តាក់រាល់ឆ្នាំក្នុងរយៈពេល៣០ឆ្នាំតែបានរង្វាន់មិនកាត់ពន្ធពេញចំនួន១.៥៣៧លានដុល្លារ។

ប្រាក់រង្វាន់នេះជារង្វាន់ធំបំផុតទី២ ដោយក្រោមរង្វាន់១.៥៨៦លានដុល្លារសម្រាប់ឆ្នោតPowerballដែលចែកគ្នាក្នុងចំណោមអ្នកត្រូវ៣នាក់កាលពីខែមករាឆ្នាំ២០១៦។ដូច្នេះរង្វាន់ឆ្នោតMega Millionsលើកនេះ ចាត់ទុកជារង្វាន់ទោលធំបំផុតក្នុងប្រវត្តិសាស្រ្តអាមេរិក និងលើសឆ្ងាយពីរង្វាន់ធំរបស់Mega Millionsកាលពីឆ្នាំ២០១២ដែលពេលនោះមានអ្នកឈ្នះ៦៥៦លានដុល្លារ។

លេខចំនួនប្រាំមួយដែលឈ្នះរង្វាន់ធំកាលពីយប់ថ្ងៃអង្គារ គឺ 5,28,62,65,70,5 ។

រង្វាន់មហាសេដ្ឋីនេះបានបង្កការជ្រួលជ្រើមពេញសហរដ្ឋអាមេរិកដោយពលរដ្ឋអាមេរិកម្នាក់ៗស្រមៃចង់ក្លាយជាសេដ្ឋីភ្លាមៗដោយគ្រាន់តែចំណាយប្រាក់២ដុល្លារលើសន្លឹកឆ្នោតមួយសន្លឹក។ពួកគេមានឱកាស១ក្នុងចំណោម៣០០លានដើម្បីឈ្នះរង្វាន់នេះ។

ឆ្នោតរង្វាន់ធំនេះឥឡូវកំណត់រង្វាន់ថ្មី គឺ៤០លានដុល្លារសំរាប់ការចេញនៅថ្ងៃសុក្រទី២៦តុលា៕ដោយ៖វាសនា


ប្រជាជនអាមេរិកតំរៀបជួរទិញឆ្នោតរង្វាន់១,៥ពាន់លាន ដើម្បីផ្សងសំណាង១លើ៣០០លាន