សប្ដាហ៍​នេះ​នរណា​នឹង​ឡើងទៅ​ជុំ​ទី​៣

753
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: សម្រាប់​ថ្ងៃទី​១៨​សីហា ក្នុង​ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement នឹងមាន​អ្នក​ប្រដាល់​ចំនួន​២​រូប​ទៀត មានសំណាង​កក់​កៅអី​សម្រាប់​ឡើងទៅ ប្រកួត​ជម្រុះ​ជុំ​ទី​៣​បន្ត​។​

​អ្នក​ប្រដាល់ កំពែង ខ្មៅ សមាគម​ប្រដាល់​ក្រសួងកសិកម្ម និង លាប រដ្ឋា ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ​ខេត្តបន្ទាយមានជ័យ បាន​កក់​កៅអី​សម្រាប់​ជុំ​ទី​៣​មុនគេ​ហើយ ក្នុងខណៈដែល​អ្នក​ប្រដាល់ ម៉ន ព្រំ​ម៉ាញ ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក និង សេក ចៅ​ជូត ខ្ទាត​ចេញពី​ការប្រកួត​មុនគេ​ដែរនោះ​។​

​សប្ដាហ៍​នេះ តាំង តាក់ ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ វុត្ថា លាន់​លី​ញ ក្លិប​អង្គរធំ​។ តាំង តាក់ កាលពី​ជុំ​ទី​១ គេ​បាន​ផ្ដួល​អ្នក​ប្រដាល់​ផ្ដួល​អ្នក​ប្រដាល់ ភើ​យ ថា ក្លិប​ស្វាយ​រលំ​ឫទ្ធិ​ជ័យ​ឲ្យ​សន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​១​។ ចំពោះ វុត្ថា លាន់​លី​ញ គេ​បាន​ផ្ដួល​អ្នក​ប្រដាល់​គុជ​សារ ចាន់​រាជ ក្លិប​កុសល​កីឡា​បាន​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​២​។​

​លោក ហេង ប៊ុន​ឃីម ដែលជា​គ្រូ​របស់ តាំង តាក់ បង្ហាញ​នូវ​ជំនឿ​ចិត្ត​ថា សិស្ស​របស់លោក​នឹង​យកឈ្នះ​អ្នក​ប្រដាល់ វុត្ថា លាន់​លី​ញ បាន​នៅ​ជុំ​ទី​២​នេះ​។ ចំណែក​លោក ទេព ស៊ី​វុត្ថា ដែលជា​គ្រូ​របស់​ក៏មាន​ជំនឿ​ចិត្ត​ថា សិស្ស​របស់លោក​នឹង​ឈ្នះ​ការប្រកួត​នេះដែរ​។ ខ្លាំង​ជួប​ខ្លាំង​នរណា​ឈ្នះ​?

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ ឈាន រស្មី ក្លិប​ខេត្ត​រតនគីរី ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ឡុង រ៉ា​មី របស់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​។ ប្រកួត​ក្នុង​ជុំ​ទី​១ រស្មី យកឈ្នះ​ពិន្ទុ​លើ​អ្នក​ប្រដាល់ ស៊ឹម ប៊ុនឆៃ ក្លិប​សំរោង​កោង​កីឡា​ដោយ​ពិន្ទុ ឯ ឡុង រ៉ា​មី ឈ្នះ លី តឿន ក្លិប​ម្កុដ​រាជសីហ៍​ដោយ​ពិន្ទុ​ដែរ​។ អ្នក​ប្រដាល់​ទាំង​២​រូបនេះ នរណា​ជា​អ្នក​ខ្ទាត​ចេញពី​ការប្រកួត ហើយ​នរណា​ឡើងទៅ​ប្រកួត​បន្ត​វគ្គ​ជម្រុះ​ជុំ​ទី​៣?

ការប្រកួត​ជា​មិត្តភាព​ជាមួយ​អ្នក​ប្រដាល់​ថៃ​វិញ​នោះ អ្នក​ប្រដាល់ ពុទ្ធ ឆាយ​រិទ្ធី ក្លិប​ពុទ្ធ​សេរី​វង្ស ប្រកួត​ជាមួយ​ជើង​ខ្លាំង​ថៃ ថាវ អ៊ូ​ឡាន (Thav Oulan) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​។ ប្រសិនបើ ថាវ អ៊ូ​ឡាន​វ៉ៃ​ឲ្យ​អស់ពី​សមត្ថភាព ឬ​គេ​ហ្វឹកហាត់​បាន​ត្រឹមត្រូវ​នោះ រិទ្ធី មិនមែនជា​ដៃគូ​របស់គេ​ឡើយ តែមួយ​រយៈ​នេះ អ៊ូ​ឡាន ក៏​ស្រុតចុះ​ច្រើន​ដែរ​។ ចាំមើល​ការប្រកួត​នេះ​នរណា​ឈ្នះ​?

​ចំពោះ​គូប្រកួត​ក្រៅ​ពានរង្វាន់​វិញ​នោះ ឡាញ់ ផល្លា ក្លិប​អេ​ភូ​ថង​កីឡា​ប្រកួត​ជាមួយ ផាន រះ ក្លិប​តា​ព្រហ្ម​មានជ័យ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។ ធី ឆា​លី ក្លិប​កងយោធពល​ខេមរភូមិន្ទ ប្រកួត​ជាមួយ ប្រាក់ ឌី​ណា ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​៕ ល​