ប៉ូលិសនៅច្រកទា្វរព្រំដែនអន្តរជាតិក្អមសំណ ក្នុងខេត្តកណ្តាល ជាប់ប្រទេសវៀត ណាម ចំនួនបីនាក់និងបក្ខពួក ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងទង្វើបង្ខំឲ្យស្ត្រីបម្រើការនៅក្នុងហាងខារ៉ាអូខេ យីហោ ម៉ីម៉ី ឲ្យផឹកស្រាដែលលាយជាមួយថ្នាំម្យ៉ាងបណ្តាលឲ្យស្លាប់ស្ត្រីម្នាក់ និងស្ត្រីបីនាក់ទៀតសង្គ្រោះនៅមន្ទីរពេទ្យ។ ហាងខារ៉ាអូខេ ម៉ីម៉ី មានទីតាំងស្ថិតនៅភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែកខេត្តកណ្តាល។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩។
របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ស្ត្រីជនរងគ្រោះចំនួន បួននាក់នោះរួម មាន៖ ១.ឈ្មោះ អ៊ិច ចន្នី អាយុ ១៩ឆ្នាំ មុខរបរបុគ្គលិក ខារ៉ាអូខេ ម៉ីម៉ី (ស្លាប់)។ ២.ឈ្មោះ សន ស្រីនា អាយុ ២៦ឆ្នាំ មុខរបរបុគ្គលិក ខារ៉ាអូខេ ម៉ីម៉ី (អាការធ្ងន់ កំពុងសង្គ្រោះបន្ទាន់)។ ៣.ឈ្មោះ រ៉ា សំណាង អាយុ ២១ឆ្នាំ មុខរបរបុគ្គលិក ខារ៉ាអូខេ ម៉ីម៉ី (អាការស្រាល)។ ៤.ឈ្មោះ ជា សម្ផស្ស អាយុ ១៨ឆ្នាំ មុខរបរ បុគ្គលិកខារ៉ាអូខេ ម៉ីម៉ី។ អ្នកទាំងបួននាក់នេះ ស្នាក់នៅហាងខារ៉ាអូខេ ម៉ីម៉ី ស្ថិតក្នុងភូមិ ឃុំកើតហេតុខាងលើ។
ចំណែកជនសង្ស័យ ចំនួន ប្រាំនាក់រួមមាន ១.ឈ្មោះ ទឹម វឌ្ឍនៈ ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ នគរបាលច្រកទ្វារអន្តរជាតិក្អមសំណ (ឃាត់ខ្លួន)។ ២.ឈ្មោះ ចន្ត្រា វណ្ណៈ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ នគរបាលច្រកទ្វារអន្តរជាតិក្អមសំណ (ឃាត់ខ្លួន)។ ៣.ឈ្មោះ កែវ វឌ្ឍនៈពូន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ នគរបាលច្រកទា្វរអន្តរជាតិក្អមសំណ (ឃាត់ខ្លួន)។ (អ្នកទាំងបី ស្នាក់នៅក្នុងប៉ុស្តិ៍ច្រកទា្វរអន្តរជាតិ ក្អមសំណ)។ ៤.ឈ្មោះ វ៉ាន់ ជីវ័ន្ត ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ កម្មករ (ឃាត់ខ្លួន)។ ៥.ឈ្មោះ វណ្ណា ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី (គេចខ្លួន)។
ដោយឡែក វត្ថុតាងចាប់យក រួមមាន ថ្នាំម្សៅពណ៌សស្រអាប់មួយកញ្ចប់តូច (ពុំដឹងជាថ្នាំអ្វី)។ ដបទឹកសុទ្ធវីតាល់ មានបន្សល់ទឹកថ្នាំពណ៌លឿង (ពុំដឹងថ្នាំអ្វី)។សម្បកកញ្ចប់ កៅអៀករូបខ្លាពណ៌លឿង(ចំនួនមួយ)។
តាមរឿងរ៉ាវនៅថ្ងៃទី១៦ ខែមិថុនា ជនសង្ស័យទាំងប្រាំនាក់ខាងលើបានចូលទៅច្រៀងខារ៉ាអូខេ នៅហាងម៉ីម៉ី បន្ទប់លេខ ៧៧៧៧ នៅភូមិក្អមសំណក្រោមដោយមានស្រីកំដរ ចំនួន បួននាក់ (ជនរងគ្រោះខាងលើ)។ លុះផឹកស៊ីច្រៀងរាំបានប្រហែលជាកន្លះម៉ោង ឈ្មោះ ទឹម វឌ្ឍនៈ បានយកថ្នាំចំនួនពីរដបទំហំប៉ុនម្រាមដៃ មកលាយជាមួយភេសជ្ជៈ (ពុំដឹងថ្នាំអ្វី) ហើយលាយគ្នារួច ឲ្យគ្នីគ្នាចាក់ចូលកែវតូចឲ្យស្រីកំដររៀងៗខ្លួនផឹក។ តែផឹកបានប្រហែលជា ៥ ទៅ ៦នាទី ក៏មានអាការធ្វើទុក្ខហើយដឹងដល់ម្ចាស់ ហាងក៏បានរាយការណ៍មកសមត្ថកិច្ច។ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួន បានជនសង្ស័យ បួននាក់ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បីកសាងសំណុំរឿង និងបញ្ជូនតាមនីតិវិធី។
ករណីនេះមិនមែនជារឿងថ្មីទេ ដែលនាំគ្នាផឹកស៊ី រាំច្រៀងសប្បាយ តែលទ្ធផលចុងក្រោយ ក្លាយជាទុក្ខ។ មួយវិញទៀត ជនសង្ស័យបីនាក់ជាប៉ូលិស និងកាន់ការងារនៅ ប៉ុស្តិ៍ច្រកព្រំដែនថែមទៀតផង។
តាមធម៌ព្រះពុទ្ធ អ្នកសេពគ្រឿងស្រវឹង ឬផឹកស្រា នាំមកនូវវិនាស ៦ ប្រការ រួមមាន ១-វិនាសទ្រព្យក្នុងគ្រួសារ, ២-បង្កជម្លោះ ,៣-កើតរោគាក្នុងខ្លួន, ៤-ខូចឈ្មោះ ,៥-បង្ហាញកេរខ្មាសទាំងរស់ និង៦-បាត់បង់បញ្ញា។
ការផឹកស៊ីច្រៀងរាំរបស់ក្រុមប៉ូលិសប៉ុស្តិ៍ច្រកព្រំដែនអន្តរជាតិក្អមសំណ គឺក្រៅពី វិនាសទ្រព្យ ក៏ក្លាយជាការបង្កជម្លោះ រហូតដល់ត្រូវចាប់ខ្លួន ដោយសារតែការសប្បាយ ក្រៅតែពីផឹកទឹកស្រវឹងហើយ ក្រុមប៉ូលិសប្រចាំការនៅច្រកព្រំដែនក្អមសំណថែម ទាំងចង់សប្បាយជាងទឹកស្រវឹង ក៏យកថ្នាំមកលាយទឹកគោជល់បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ និងស្ត្រីរងគ្រោះ ៣នាក់ទៀត ត្រូវចូលពេទ្យសង្គ្រោះបន្ទាន់។
បើត្រឹមតែសប្បាយល្មមៗ ហើយចេះគិត និងមិនយកជីវិតមនុស្សទៅពិសោធន៍នឹងថ្នាំដែលចង់ឲ្យកាន់តែសប្បាយ នោះប្រហែលជាក្រុមយុវជន ជាប៉ូលិសផងនោះមិនជួបរឿងអកុសល រហូតដល់មានមនុស្សស្លាប់ទេ។ ពោលគឺសប្បាយ ត្រូវចេះគិត និងកុំផឹកទឹកស្រវឹង គ្រឿងស្រវឹង ឬស្រាច្រើន រហូតបង្កឲ្យការសប្បាយ ក្លាយជាទុក្ខ។
នេះជាករណីសិក្សាថ្មីមួយទៀត ដែលក្រុមយុវជន ពិសេសបុរសៗដែលចូលចិត្តស្វែងរកការសប្បាយ តាមរយៈការផឹកស៊ី ច្រៀងរាំ យកធ្វើជាមេរៀនហើយគួរតែជៀសវាងឲ្យឆ្ងាយ ដោយមិនត្រូវសាកថ្នាំសប្បាយ ដែលអាចនឹងបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកដទៃនោះទេ។ នេះចេះឲ្យតែនារីៗកំដរផឹក ចុះបើក្រុមយុវជននោះ ផឹកខ្លួនឯងដែរមិនស្លាប់ និងមិនរងគ្រោះហើយ។
ល្អប្រសើរជាងនេះទៅទៀត ក៏គួរតែយុវជន ពិសេសក្រុមមន្ត្រីប៉ូលិស និងមន្ត្រីមួយចំនួន រួមទាំងអ្នកមានលុយ រកការសប្បាយណាដែលមិនបង្កគ្រោះថ្នាក់ពោលគឺគួរតែជួបជុំមិត្តភក្តិ ដោយគ្មានគ្រឿងស្រវឹង ស្រា និងការច្រៀងរាំនោះទេ ព្រោះថា ស្រាអីក៏ដោយ គឺច្បាស់ជាបង្កនូវវិនាស ៦ប្រការ ដូចរៀបរាប់ខាងលើ គ្រាន់តិច ឬច្រើនពោលគឺអ្នកផឹកស្រា មិនថាចាស់ ក្មេង ស្រីប្រុសនោះទេ តែងតែជួបប្រទះនូវវិនាសទាំងនេះ៕ ដោយ:ម៉េងឆៃ/Ha