សប្បាយ​ក្លាយជា​ទុក្ខ មនុស្ស​៦៣​នាក់​ស្លាប់​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​សាល​ទទួលភ្ញៀវ​ការ​

1676
ចែករម្លែក

​សប្បាយ​និង​ការអបអរ​ស៊ីផឹក​នៅក្នុង​មង្គលការ​មួយ​នៅ​ក្រុង​កា​ប៊ុល បាន​ប្រែ​ជាការ​ភ័យរន្ធត់​និង​ការសម្លាប់​រង្គាល នៅ​ពេល​អ្នក​វាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​មកពី​ក្រុម​រដ្ឋ​​អ៊ីស្លាម បាន​វាយប្រហារ​សាល​រៀបការ​មួយ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៦៣​នាក់ កាលពី​យប់​ថ្ងៃ​សៅរ៍​ទី​១៧​សីហា​។​

​ការផ្ទុះ​ដ៏​ខ្លាំង​នៅ​ប៉ែក​ខាងលិច​ក្រុង​កា​ប៊ុល​ ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន បាន​កើតឡើង​ចំ​ពេល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​ក្រុម​តា​លី​បង់​សំរេចបាន​កិច្ចព្រមព្រៀង​មួយ​ដើម្បី​​កាត់បន្ថយ​វត្តមាន​យោធា​អាម៉េរិក​នៅ​អា​ហ្វ​ហ្គានី​ស្ថាន និង​បង្កើត​ផែនទី​នាំ​ផ្លូវ​សំរាប់​បទ​ឈប់​បាញ់​មួយ​។​

​កូន​កម្លោះ​បាន​រំលឹក​អំពី​ការទទួល​ស្វាគមន៍​ភ្ញៀវ​ទាំង​ទឹកមុខ​ញញឹម​នៅ​ពេល​រសៀល មុន​ឃើញ​សាកសព​របស់គេ​ត្រូវបាន​សែង​ចេញ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​។​«​ការវាយប្រហារ​​នេះ​បាន​ប្រែ​សុភមង្គល​របស់​ខ្ញុំ​ទៅ​ជា​ទុក្ខសោក​។​គ្រួសារ កូនក្រមុំ​របស់ខ្ញុំ​ស្រឡាំងកាំង​មិនអាច​និយាយ​ចេញ និង​កូនក្រមុំ​នៅ​សន្លប់​នៅឡើយ​។​ខ្ញុំ​បាត់បង់​បងប្រុស និង​មិត្ត​​របស់ខ្ញុំ​។​ខ្ញុំ​លែង​ស្គាល់​សុភមង្គល​ក្នុង​ជីវិត​របស់​ខ្ញុំ​ជា​ថ្មី​ហើយ​»​។​

​ភ្ញៀវ​មង្គលការ​នេះ​ភាគច្រើន​ជា​ជន​អ៊ីស្លាម​និកាយ​សៀ ដែល​តែងតែ​ង​ជា​គោលដៅ​វាយប្រហារ​របស់​ក្រុម​អ៊ីស្លាម​និកាយ​ស៊ុន​នី ជាពិសេស​ក្រុម​រដ្ឋ​អ៊ីស្លាម​។​

​ក្រុម​និយម​ជ្រុល​និកាយ​ស៊ុន​នី រដ្ឋ​អ៊ីស្លាម បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការផ្ទុះ​នេះ ដោយ​ថា មង្គលការ​នេះ​ត្រូវ​បាន​វាយប្រហារ​ពីព្រោះ​វា​ជា​របស់​ពួក​សៀ​។​

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​និយាយថា អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​វាយប្រហារ​សម្លាប់​មនុស្ស​៦៣​នាក់​និង​របួស​១៨២​នាក់​។​

​ចំណែក​ប្រធានាធិបតី​អា​ហ្វ​ហ្គានី​ស្ថានលោក​អា​សរ៉ា​ហ្វ ហ្កានី បាន​ហៅ​វា​ថា​«​ព្រៃផ្សៃ​» និង​ថា​ក្រុម​តា​លី​បង់​មិន​អាច​ថា​មិន​បន្ទោស​ទេ ព្រោះ​ក្រុម​នេះ​ផ្តល់​ទីតាំង​សំរាប់​ពួក​ភេរ​វករ​៕ដោយ៖វាសនា

រូបភាព​ក្នុង​សាល​ទទួលភ្ញៀវ​បង្ហាញ​ឈាម ស្បែកជើង​របស់​ជនរ​ង​គ្រោះ​និង​ពិ​ដាន​អាគារ​ដែល​រយះរយាយ​ដោយ​កម្លាំង​ផ្ទុះ​

#