សប្បុរសជន​ខ្មែរ​ក្នុងស្រុក​ចូលរួម​បណ្តុះ​ពូជ​អ្នក​អភិរក្ស​បេតិកភណ្ឌ​អង្គរ​

1077
ចែករម្លែក

​ដោយៈ​អង្គរតូច​/​សៀមរាប​:​ដើម្បី​លើកកម្ពស់​ការយល់ដឹង​និង​បញ្ជ្រាប​តម្លៃ​បេតិកភណ្ឌ​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​អង្គការ​គាំពារ​កេរ​មរតក និង​មជ្ឈមណ្ឌល​ជាតិ​យុវជន​កម្ពុជា បង្កើត​កម្មវិធី​អប់រំ​ថ្មី​មួយ​ហៅថា «​អប់រំ​បេតិកភណ្ឌ​»​។​

កម្មវិធី​នេះ​គឺ ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​និង​បញ្ជ្រាប​តម្លៃ​បេតិកភណ្ឌ ដល់​សិក្សា​នុ​សិស្ស​នៃ​សាលាបឋមសិក្សា​នៅក្នុង​តំបន់​អង្គរ តាមរយៈ​ការបើក​វគ្គ​បណ្តុះបណ្តាល អប់រំ​ខ្លីៗ​ចំនួន​មួយ​ឆមាស​ម្តង​។ កម្មវិធី​ក្នុង​ជំហាន​ដំបូង​បាន​ចាប់ដំណើរការ​ពី​ខែឧសភា ដល់​ខែសីហា ឆ្នាំ​២០១៨ នៅ​សាលាបឋមសិក្សា​ស្រះស្រង់​។​

​ដើម្បី​ដំណើរការ​កម្មវិធី​អប់រំ​បេតិកភណ្ឌ​កាន់តែ​ទទួលបាន​ភាពជោគជ័យ អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជូន​បុគ្គលិក​ជំនាញ​ផ្នែក​បេតិកភណ្ឌ​វប្បធម៌ អ្នកស្រាវជ្រាវ​បុរាណវិទ្យា ចុះ​អប់រំ​ផ្ទាល់​ក្នុង​សាលា​គោលដៅ​ក្នុង​តំបន់ រួមមាន​សាលាបឋមសិក្សា​ស្រះស្រង់​និង​វិទ្យាល័យ​នគរធំ ដោយមាន​ការសហការ​ជាមួយ​អង្គការ​គាំពារ​មរតក លោកនាយក​សាលា លោកគ្រូ អ្នកគ្រូ មជ្ឈមណ្ឌល​ជាតិ​យុវជន​កម្ពុជា​។​

​កម្មវិធី​នេះ​អាច​ដំណើរការបាន​ក៏​ដោយសារ​ការឧបត្ថម្ភ​គាំទ្រ​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ទំនាក់ទំនង​វប្បធម៌​នៅ​អាស៊ី​ដីគោក​និង​ជាពិសេស​ពី​សប្បុរសជន​អ្នក​សៀមរាប​តែម្តង​។​កម្មវិធី​របៀបនេះ​ក៏បាន​អនុវត្ត​កន្លងមក​នៅ​សាលារៀន​ក្នុង​តំបន់​រមណីយដ្ឋាន​បន្ទា​យ​ឆ្មារ ខេត្តបន្ទាយមានជ័យ​ដែរ មាន​លោក អ៊ឹម ផាន់​មូលី​វណ្ណ លោក ហ្វី​លី​ព កៅ និង​គ្រួសារ ។​ល​។

សម្រាប់​ឱកាស​បើក​កម្មវិធី​អប់រំ​បេតិកភណ្ឌ​នៅ​អង្គរ ដោយមាន​ក្តី​ស្រឡាញ់​វិស័យ​បេតិកភណ្ឌ​និង​បុរាណវិទ្យា តែ​មិនមាន​ឱកាស​បាន​រៀនសូត្រ ឬក៏​ធ្វើការ​ដិតដល់​នឹង​ផ្នែក​នេះ លោកស្រី ម៉ម សុ​ម៉ាលី សេរី និង​ស្វាមី ព្រមទាំង​បុត្រ​ដែលជា​សប្បុរសជន បាន​នាំយក​អំណោយ​សម្រាប់​ការសិក្សា ឧបត្ថម្ភ​ដល់​សិស្សសាលា​បឋមសិក្សា​ស្រះស្រង់​ដើម្បី​ជាការ​លើក​ចិត្ត​និង​រួមចំណែក​អភិវឌ្ឍន៍​ធនធានមនុស្ស​លើ​វិស័យ​បេតិកភណ្ឌ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​។​

​លោកស្រី និយាយថា នេះ​ជា​សន្តាន​ចិត្ត​បន្តិចបន្តួច បរិច្ចាគ​ទៅ តាម​លទ្ធភាព ព្រោះ​ចង់ឱ្យ​ក្មេងៗ​មានការ​យល់ ដឹង​ពី​តម្លៃ​នៃ​បេតិកភណ្ឌ​ដែល​យើង​មាន​និង​មើលឃើញ​សព្វថ្ងៃ ជាពិសេស​ការចូលរួម​ថែរក្សា​តែម្តង​។​

លោក អ៊ឹម សុខ​រិទ្ធី អនុប្រធាន​នៃ​គម្រោង​អប់រំ​បេតិកភណ្ឌ​ក៍បាន​លើកឡើងថា នេះ​ជា​សកម្មភាព​ចូលរួម​យ៉ាង​ប្រពៃ របស់​សប្បុរសជន​ក្នុងស្រុក​របស់ខ្លួន និង​ជាស​ញ្ញាណ​នៃ​ក្តីសង្ឃឹម​សម្រាប់​បណ្តុះ​ពូជ​អ្នក​អភិរក្ស​បេតិកភណ្ឌ​ជាតិ​។ មុនៗ​យើង​សង្កេតឃើញ​មានតែ​ជំនួយ​មកពី​បរទេស ឯ​ថ្មីៗ​នេះ ការជួយជ្រោមជ្រែង​គ្នា​មានកំណើត​ហើយ និង​ជាទី​សង្ឃឹម​សម្រាប់​អភិវឌ្ឍន៍​ស្រុក​។ ប្រៀប​ដូចនឹង​ពាក្យបុរាណ​ពោលថា « អ្នកមាន​រក្សា​ខ្សត់ ដូច​សំពត់​ពា​ត់​ពី​ក្រៅ អ្នកប្រាជ្ញ​រក្សា​ខ្លៅ ដូច​សំពៅ​នៅ​សំប៉ាន​»៕S/