សព​ជនជាប់ចោទ នួន ជា តម្កល់ទុក​ប្រាំពីរ​ថ្ងៃ​

465
ចែករម្លែក
សពនួនជាពេលបញ្ជូនទៅដល់ប៉ៃលិន

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​លីវ សុ​វណ្ណា មេធាវី​ការពារ​ជនជាប់ចោទ នួន ជា បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​៥ ខែសីហា ថា សព​លោក​នួន ជា បាន​ដឹក​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត យកទៅ​តម្កល់​ធ្វើ​ពិធីបុណ្យ​តាម​ប្រពៃណី នៅ​វត្ត​ព្រហ្ម​គី​រី​មរកត ស្ថិតនៅក្នុង​ខេត្ត​ប៉ៃលិន​។​


​លោក​បន្តថា សព​លោក​នួន ជា នឹងត្រូវ​បូជា​នៅ​យប់​ថ្ងៃ​សុក្រ ទី​៩ ខែសីហា​។ លុះ​ព្រឹក​ថ្ងៃ​សៅ ទី​១០ ខែសីហា ធ្វើបុណ្យ​៧​ថ្ងៃ ជា​កិច្ច​បង្ហើយ​តែម្តង​៕​សព​ជនជាប់ចោទ នួន ជា តម្កល់​នៅ​វត្ត​ព្រហ្ម​គី​រី​មរកត ស្ថិតនៅ​ភូមិ​ផ្សារ​ព្រហ្ម ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​


​គួររំលឹកថា​សព​លោក​នួន​ជា​ត្រូវបានធ្វើ​នីតិវិធី​ប្រគល់ជូន​ដល់​ក្រុមគ្រួសារ​និង​បាន​ដឹក​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​នៅ​ម៉ោង​៤:៤៧​ព្រឹក​ព្រលឹម​ថ្ងៃទី​៥​ខែសីហា​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​របស់គាត់​នៅ​ខេត្ត​ប៉ៃលិន​ហើយ​បាន​ទៅដល់​នៅ​ម៉ោងជាង​១២​ថ្ងៃ​។​

​លោក​នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​បាន​ប្រាប់​រស្មី​កម្ពុជា​ថា ជនជាប់ចោទ នួន ជា អាយុ ៩៣ ឆ្នាំ បានទទួល​មរណភាព​កាលពី​ល្ងាច​ថ្ងៃទី​៤ ខែសីហា នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ ជនជាប់ចោទ នួន ជា ត្រូវបាន​បញ្ជូន​ពី​មន្ទីរឃុំឃាំង​បណ្តោះអាសន្ន​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​វ​តក​) ទៅកាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ដើម្បី​ក្រុមគ្រូពេទ្យ​ពិនិត្យ​ព្យាបាល​ជំងឺ​តាំងពី​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៩​មក​។

​លោក​បន្តថា នួន ជា កើត​នៅ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​១៩២៦ មាន​តួនាទី​ជា​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា សមាជិក​គណៈ ក​ម្មា​ធិ​ការ​អចិ​ន្រៃ្ត​យ៍ និង​គណៈកម្មាធិការ​ម​ជ្ឈិ​ម​បក្ស​កុម្មុយនីស្ត​កម្ពុជា និង​ជា​ប្រធានសភា​តំណាង​ប្រជាជន​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ គាត់​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០០៧ និង​បាន​ជំនុំជម្រះ​ក្តី​នៅ​ចំពោះមុខ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ពី​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ឆ្នាំ ១៩៤៩ និង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​។​

​លោក​បាន​បញ្ជាក់ថា នួន ជា ត្រូវបាន​រកឃើញថា មាន​ពិរុទ្ធភាព​ពីបទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត​នៅក្នុង​សំណុំរឿង ០០២/០១ កាលពី​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៤​។ នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ អង្គជំនុំជម្រះ​តុលាការ​កំពូល បាន​បដិសេធ​ពិរុទ្ធភាព​មួយចំនួន ប៉ុន្តែ​តម្កល់​ការផ្តន្ទាទោស​របស់​អង្គជំនុំជម្រះ​សាលាដំបូង​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​។

​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នួន ជា ត្រូវបាន​ផ្តន្ទាទោស​ពីបទ​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ​១៩៤៩ ក្នុង​សំណុំរឿង ០០២/០២ ជាមួយ ខៀវ សំផន​។ អង្គជំនុំជម្រះ​សាលាដំបូង បានរួម​បញ្ចូល​ទោស​ជាប់ពន្ធនាគារ​អស់​មួយជីវិត​នៅក្នុង​សំណុំរឿង ០០២/០១ និង​សំណុំរឿង ០០២/០២ ទៅជា​ការផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយជីវិត​តែមួយ​៕​សរន

សន្និសីទកាសែតយប់ថ្ងៃទី៤សីហាទាក់ទងមរណភាព នួនជា