សព​សង្គ្រោះ​ជាតិ​បូជា​រួចហើយ ដាច់ខាត​មិន​រស់​ឡើងវិញ​ទេ​

1166

(​ភ្នំពេញ​) ៖ លោក​សុខ ឥសាន អ្នកនាំពាក្យ​ណ​បក្ស​ប្រជាជន​កម្ពុជា បាន​អះអាងថា មិនអាច​មានការ​ចរចា​ផ្នែក​នយោបាយ​ណាមួយ ជាដាច់ខាត​ជាមួយ​អតីត​បក្សប្រឆាំង​។​

​ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​ក្នុងស្រុក​មួយ កាលពី​ថ្ងៃទី​២ មករា លោក​សុខ ឥសាន បាន​លើកឡើងថា សព​សង្គ្រោះ​ជាតិ​បាន​បូជា​​រួចរាល់​ហើយ កុំ​សង្ឃឹមថា​រស់​ឡើងវិញ​ឲ្យ​សោះ ឯ​ការធ្វើសកម្មភាព​នៅ​ក្រៅប្រទេស​របស់​អតីត​បក្សប្រឆាំង ក្នុងឋានៈ​ជា​ជនល្មើស​ច្បាប់ និង​ជា​ទណ្ឌិត​នោះ គ្រាន់តែ​ជា​សកម្មភាព​ឧទ្ទាម​និយម ក្រៅច្បាប់​ប៉ុណ្ណោះ ហើយ​គ្មាន​ឥទ្ធិពល​អ្វី​ដល់​ផ្ទៃ​ក្នុងប្រទេស​ឡើយ​។​
​ ​
​លោក​សុខ ឥសាន បាន​គូស​បញ្ជាក់ទៀតថា ការប៉ុនប៉ង​ចង់​ឲ្យ​មានការ​បង្រួបបង្រួម​ជាតិ ស្រុះស្រួល​ជាតិ និង​ការចរចា​ផ្នែក​នយោបាយ​​ណាមួយ​មិនអាច​មាន​ជាដាច់ខាត​។ លោក​បន្តថា គ្មាន​អ្នកណា​បង្កើត​បទល្មើស ឲ្យ​សា​ម៉ី​ជន​នោះទេ គឺ​ខ្លួនឯង​ជា​អ្នកបង្កើត កុំ​បន្ទោស​ អ្នកដទៃ​។
​ ​
​លោក​ថា ការរំលាយ​គណបក្សប្រឆាំង និង​ការចាប់ខ្លួន​លោក​កឹម សុខា ពីព្រោះ​តែ​ខ្លាច​មានការ​បែកបាក់​ជាតិ ៖ “…​អត់​មាន​ប្រែប្រួល ត្រឡប់មករ​កជាន់​ដាន​ចាស់​ឡើងវិញ​ដាច់ខាត​…​ទី​១.​គឺ​បក្សប្រឆាំង​ត្រូវបាន​រំលាយ​រួចហើយ​…​បើ​យើង​គិត​ជា​សាកសព គេ​គេ​បាន​បូជា​​សព​ហ្នឹង​រួចហើយ ហើយ​យក​កម្ទិច​ធាតុ​ហ្នឹង ទៅ​បោះ​ចូលក្នុង​ទន្លេ​៤​មុខ​រួចទៅហើយ អញ្ចឹង​រឿង​រស់​ឡើងវិញ​គឺមាន​អត់​មាន​ទេ​…​ហើយ​​បញ្ហា​ទី​២. ដែល​អស់លោក​មួយចំនួន អំពាវនាវ​ឲ្យ​មានការ​បង្រួប​ប​ម្រួ​ម​ជាតិ ឥឡូវនេះ អត់​មានការ​បែកបាក់​ជាតិ​ទេពី​ព្រោះ​ខ្លាច​បែក​​បាក់​ជាតិ​ហ្នឹងហើយ បាន​ចាត់វិធានការ​ចំពោះ​ឯកឧត្តម កឹម សុខា ដែល​គាត់​បាន​ប្រព្រឹត្តល្មើស​បទ​ស​ទ្ទិដ្ឋិ​ភាព​ជាមួយ​បរទេស​​ហ្នឹងហើយ​…”​។​
​ ​
​គួរកត់សម្គាល់​ដែរ​ថា លោក​សម រង្ស៊ី ដែល​កំពុង​ធ្វើ​សកម្មភាព​នយោបាយ ពី​ក្រៅប្រទេស​ជាមួយ​សកម្មជន​និង​ថ្នាក់ដឹកនាំ​នៃ​អតីត​គណ​​បក្ស​សង្គ្រោះ​ជាតិ​ដទៃទៀត​បានប្រកាស​ក្តែ​ងៗ​ថា​ពន្លឺ​ប្រជាធិបតេយ្យ និង​យុត្តិធម៌ នឹង​បានឃើញ​យ៉ាងពិត​ប្រាកដ ក្នុង​ឆ្នាំ​ថ្មី ២០១៨ នេះ​។ ​លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដំណើរការ​ឡើងវិញ​ជា​ប្រក្រតី ហើយនឹង​ចូលរួម​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៨ នេះ​។​ឯ​លោក​កឹម សុខា​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​វៀតណាម​បាន​ផ្ញើ​សារ​ឲ្យ​អ្នក​​នយោបាយ​គ្រប់​និន្នាការ និង​ប្រជាពលរដ្ឋ​ខ្មែរ រួម​រួប​គ្នា​ផ្សះផ្សា​ជាតិ ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ និង​ការបែកបាក់​ជាតិ​ឡើងវិញ ក្នុងឱកាស​ឆ្នាំ​ថ្មី​នេះ​៕​ដោយ​៖​វិបុល​/sn