សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​ស្វែងរក​កិច្ចសហប្រតិបត្តិការ​អំពី​ការគ្រប់គ្រង​សំណល់​រឹង​និង​ទឹក​កខ្វក់​

784
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​:​ កាលពី​ថ្ងៃទី​៣​ខែឧសភា​ឆ្នាំ​២០១៩ ​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​ ដឹកនាំ​ដោយ​លោក​ហ្គី​យ៉ូ​ម ​ម៉ា​ឡ​តា​វ៉ែន​(Guillaume MALTAVARNE)​មន្ត្រី​ផ្នែក​ទាក់ទាញ​វិនិយោគ​បាន​ជួប​សំណេះសំណាល​ការងារ​ជាមួយ​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​ស្វែងយល់​កិច្ចការ​គ្រប់គ្រង​សំណល់​រឹង និង​គ្រប់គ្រង​ទឹក​កខ្វក់​ក្នុង​រមណីយដ្ឋាន​អង្គរ​។​

​កិច្ចប្រជុំ​នេះ​សភា​ពា​ណិ​ជ្ចក​ម្ម​អឺរ៉ុប​បានលើកឡើង​នូវ​ការងារ​សំខាន់ៗ​ជាច្រើន​ហើយ​ការងារ​ដែលជា​អាទិភាព​គឺ​ការលើកកម្ពស់​ពាណិជ្ជកម្ម​ ការសិក្សា​អំពី​សេដ្ឋកិច្ច​និង​ផ្តោត​សំខាន់​លើ​ការគ្រប់គ្រង​សំណល់​រឹង និង​ការគ្រប់គ្រង​ទឹក​កខ្វក់​។​

ក្នុងនោះ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​បង្ហាញ​នូវ​កិច្ចការ​របស់ខ្លួន​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​សំណល់​រឹង​(​សំរាម​)​ទឹក​កខ្វក់​នៅក្នុង​តំបន់​អង្គរ​ផងដែរ​។​កត្តា​ពីរ​ដែល​បណ្តាលឱ្យមាន​សំរាម​គឺ​កត្តា​ភ្ញៀវទេសចរ​និង​ប្រជាជន​ក្នុង​មូលដ្ឋាន​។​ព្រោះ​ប្រជាជន​នៅ​ពុំទាន់​យល់ដឹង​ទូលំទូលាយ​ចំពោះ​ការរក្សា​សំរាម ការរក្សា​អនាម័យ​ឱ្យបាន​ត្រឹមត្រូវ​នោះទេ​។​

​ចំពោះ​បញ្ហា​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏មាន​សកម្មភាព​មួយចំនួន​ដូចជា​ការអប់រំ​ឱ្យ​ស្គាល់​តម្លៃ​បេតិកភណ្ឌ ការគ្រប់គ្រង​អនាម័យ​ជុំវិញ​លំនៅដ្ឋាន​និង​ផលប៉ះពាល់​នៃ​ការដុត​សំរាម ​ការ​ចោល​ថង់​ប្លា​ស្ទិ​ក​ពាសវាល​ពាសកាល​។

លើសពីនេះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏មាន​សកម្មភាព​ប្រមូល​សំរាម ប្រមូល​ស្លឹកឈើ​ងាប់ សំណល់​ផ្ទះបាយ​ដើម្បី​ផលិត​ជីកំប៉ុស​ផងដែរ​ក្រៅពី​ការងារ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ផ្តល់ឱ្យ​ក្រុមហ៊ុន​វី​ហ្គ្រី​ន​សម្អាត​ជាប្រចាំ​។​

​ក្រោយពី​ពិភាក្សា​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក​ សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​ក៏បាន​បង្ហាញ​បំណង​ចង់​ស្វែងយល់​លទ្ធភាព​ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជា​លក្ខណៈ​ស្ថាប័ន​និង​ស្ថាប័ន​ឬ​វិស័យ​ឯកជន​ណាមួយ​ដើម្បី​ធ្វើ​ការងារ​រួមគ្នា​លើ​វិស័យ​គ្រប់គ្រង​សំណល់​រឹង​និង​គ្រប់គ្រង​ទឹក​កខ្វក់​នៅ​រមណីយដ្ឋាន​អង្គរ​៕S/​Ha