ដោយមូលសម្បត្តិ/ភ្នំពេញ៖កាលពីថ្ងៃទី៨ខែតុលាឆ្នាំ២០១៩រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទលោកវេងសាខុនបានទទួលជួបពិភាក្សាការងារជាមួយMr.ArnaudDarcប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា(EuropeanChamberofCommerceinCambodia)និងសហការី។ជំនួបនាពេលនេះមានគោលបំណងសំខាន់គឺធ្វើការពិនិត្យនិងពិភាក្សាលើជំពូកថ្មីស្តីពី”វិស័យធុរកិច្ចកសិកម្ម”ដែលមាននៅក្នុង The EuroCham White Book។
លោកArnaudDarcបានថ្លែងអំណរគុណជូនចំពោះរដ្ឋមន្ត្រីដែលបានផ្តល់កិច្ចសហការយ៉ាងល្អជាមួយEuroChamនាប៉ុន្មានឆ្នាំកន្លងមកនិងជាពិសេសលោកបានចែករំលែកនូវទស្សនវិស័យនិងគោលនយោបាយសំខាន់ៗសម្រាប់ធ្វើការអភិវឌ្ឍន៍វិស័យធុរកិច្ចកសិកម្មកម្ពុជា។
ថ្មីៗនេះ EuroCham បានបោះពុម្ភសៀវភៅជាលើកទី៣ដែលលើកនេះបានបញ្ចូលជំពូកថ្មីមួយនិយាយអំពី”វិស័យធុរកិច្ចកសិកម្ម”។ថ្ងៃនេះមានឱកាសបានមកជួបលោករដ្ឋមន្ត្រីដើម្បីពិភាក្សាឲ្យបានលម្អិតនិងស្នើសុំជួយវាយតម្លៃបន្ថែមលើជំពូកនេះធ្វើយ៉ាងណាបង្កើតបរិយាកាសមួយល្អក្នុងវិស័យនេះដោះស្រាយបញ្ហាជូនធុរកិច្ចជនឱ្យបានសមស្រប ល្អប្រសើរ ដើម្បីលើកកម្ពស់ការប្រកួតប្រជែង។
លោកបានបន្តថា គណ:កម្មាធិការធុរកិច្ចកសិកម្មរបស់EuroChamត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ ក្រោយមកពីសមាជិកសភាពាណិជ្ជកម្មបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធវិស័យកែច្នៃចំណីអាហារ និងកសិកម្ម។ នៅក្នុងជំពូកថ្មីនេះ មានប្រធាបបទសំខាន់ៗចំនួន០៥ រួមមាន៖ ១. សារធាតុហាមឃាត់។ ២. ការប្រយុទ្ធប្រឆាំងនឹងសម្ភារៈកសិកម្មខុសច្បាប់។ ៣. បទប្បញ្ញត្តិការងារ ។៤. ពិពិធកម្មកសិកម្ម និងទី៥. ការធ្វើតេស្តទឹកក្នុងវិស័យកសិកម្ម តាមលក្ខខណ្ឌតម្រូវច្បាប់។
នៅក្នុងប្រធានបទនីមួយៗគណ:កម្មាធិការធុរកិច្ចកសិកម្មបានជូនអនុសាសន៍សំខាន់ៗដល់អគ្គនាយកដ្ឋានដែលស្ថិតនៅក្រោមដំបូលរបស់ក្រសួង ដើម្បីយកទៅពិនិត្យ ពិចារណាឲ្យបានស៊ីជម្រៅ និងកែលម្អរាល់ចំណុចខ្វះខាតឬបញ្ហាផ្សេងៗធ្វើយ៉ាងណាលើកកម្ពស់បរិយាកាសការធ្វើធុរកិច្ចកសិកម្មឲ្យបានល្អប្រសើរដោយឈរលើគោលការណ៍ច្បាប់ បច្ចេកទេស តម្លាភាព គុណភាព សុវត្ថិភាព និងការប្រកួតប្រជែង។ល។
នាឱកាសនេះសមាជិកក្រុមការងារក៏បានលើកយកប្រធានបទមួយចំនួនទាក់ទងនឹងការអនុវត្តច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ការនាំចូល និងការធ្វើអាជីវកម្មសម្ភារៈកសិកម្មខុសច្បាប់ ការអនុម័តប្រាក់ឈ្នួលអប្បបរមាស្តង់ដាការដាំដុះពូជស្រូវហាយប្រីតនិងលក្ខខណ្ឌតម្រូវរបស់ក្រសួងបរិស្ថានដែលកំណត់ឱ្យក្រុមហ៊ុនធុរកិច្ចកសិកម្មត្រូវតែធ្វើតេស្តគុណភាពទឹកនៅក្រសួងបរិស្ថានផ្ទាល់។
នាឱកាសនេះលោករដ្ឋមន្ត្រីបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ EuroCham ជាពិសេស Mr. Arnaud Darc ផ្ទាល់ ដែលបានរៀបចំចងក្រង បោះពុម្ភ The EuroCham White Book ជាលើកទី៣ ។ដោយរួមបញ្ចូលជំពូកថ្មីមួយទៀតស្តីពី ” ធុរកិច្ចកសិកម្ម ” ស្របពេលដែលក្រសួងកំពុងលើកទឹកចិត្តជំរុញនិងគាំទ្រឱ្យដៃគូអភិវឌ្ឍវិស័យឯកជននិងសហគមន៍កសិកម្មចូលរួមអភិវឌ្ឍន៍វិស័យធុរកិច្ចកសិកម្មនេះ។
តាមរយ:ការវិនិយោគលើវិស័យផលិតកម្មកសិកម្មការកែច្នៃនិងទីផ្សារដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងដោយឈរលើគោលការណ៍ច្បាប់និងបច្ចេកទេសធានាតម្លាភាពនិងយុត្តិធម៌ជូនអ្នកផលិតនិងអ្នកបរិភោគ។ចំពោះប្រធានបទទាំង៥នេះលោករដ្ឋមន្ត្រីបានជម្រាបជូនក្រុមប្រតិភូដោយសង្ខេបមួយជំហានៗនិងបន្ទាប់លោកបានអនុញ្ញាតឱ្យអស់លោកដែលទទួលបន្ទុកការងារបច្ចេកទេសទាក់ទងនឹងប្រធានបទនេះបន្តបកស្រាយយ៉ាងពិស្តារជូនក្រុមប្រតិភូបន្ថែមទៀត។
ទោះជាយ៉ាងណាលោករដ្ឋមន្ត្រីបានទទួលស្គាល់ថាការធ្វើធុរកិច្ចកសិកម្មនៅមានបញ្ហាប្រឈមមួយចំនួនដែលក្រសួងក៏ដូចជាស្ថាប័នពាក់ព័ន្ធកំពុងតែត្រិះរិះពិចារណាស្វែងរកយន្តការដោះស្រាយឲ្យបានសមស្របទាន់ពេលវេលានិងមានប្រសិទ្ធភាពធ្វើយ៉ាងណារក្សាបរិយាកាសវិនិយោគលើវិស័យធុរកិច្ចកសិកម្មឲ្យបានល្អប្រសើរទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។
លោករដ្ឋមន្ត្រីនឹងប្រគល់ឲ្យអង្គភាពជំនាញពាក់ព័ន្ធសហការជាមួយក្រុមជំនាញនៃ EuroCham យកទៅពិនិត្យពិចារណាធ្វើការកែលម្អនិងដោះស្រាយជាបណ្តើរៗដោយឈរលើគោលការណ៍ច្បាប់ និងបច្ចេកទេស៕S/