សភាពាណិជ្ជកម្ម​អ៊ឺរ៉ុប​ប្រចាំ​កម្ពុជា​និង​ដៃគូរ​ប្រកាស​ជ័យលាភី​អ្នកឈ្នះ​សាជីវកម្ម​ទទួលខុសត្រូវ​ផ្នែក​សង្គម (CSR)​នៅ​កម្ពុជា​

450
ចែករម្លែក

​ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EuroCham Cambodia) បាន​លើកឡើងថា ការប្រកួតប្រជែង CSR ដែល​ធ្វើឡើង ក្នុង​គោលបំណង ដើម្បី​លើកស្ទួយ ការទទួលខុសត្រូវ​ក្នុងសង្គម របស់​វិស័យ​ឯកជន​ទាំងមូល ពី​បណ្តាល​ក្រុមហ៊ុន​នានា ដែល​កំពុងដំណើរការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា នឹងត្រូវ​បានរៀបចំ រៀងរាល់​ពីរ​ឆ្នាំ​ម្តង ។​

​ក្នុង​សន្និសីទ​សារព័ត៌មាន ដែល​បាន​រៀបចំឡើង​កាលពី​ព្រលប់​ថ្ងៃ ទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ នា​សណ្ឋាគារ រ៉ា​ហ្វ​ល​ឡឺ​រ៉ូយ៉ាល់​សភាពាណិជ្ជកម្ម​អ៊ឺរ៉ុប​ប្រចាំ​កម្ពុជា​បានបង្ហាញ​ពី​គោលបំណង​នៃ​ការបង្កើត​ឲ្យ​មានការ​ប្រកួតប្រជែង​នេះ​ឡើង​ដើម្បី​លើកស្ទួយ​ការទទួលខុសត្រូវ​ក្នុងសង្គម​របស់​វិស័យ​ឯកជន​ទាំងមូល​និង​ត្រូវ​ប្រកាស​ជ័យលាភី ចំពោះ​ក្រុមហ៊ុន​ចូលរួម​ប្រកួតប្រជែង ដែលមាន​នៅក្នុង​ប្រទេស កម្ពុជា ។​

​បញ្ជាក់ប្រាប់​បណ្តាញ​សារពត៌មាន​លោក​សុខ​ចិន្តា​សោភា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​ជា​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ជា​សហប្រធាន​គណៈកម្មកា​ក្នុងការ​ប្រកួត​នេះ បានឱ្យដឹងថា​ចំពោះ ពានរង្វាន់​នេះ​ពិតជា​ផ្តល់នូវ​អត្ត​ន័យ​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន​ព្រោះថា​ពួកគេ​មានការ​ទទួលខុសត្រូវ​សង្គម និង​បរិស្ថាន​ខ្ពស់​ណាស់​ហើយ​បានរួម​ចំណែក​យ៉ាងច្រើន​ចំពោះ​សង្គម​និង​ឆ្លងកាត់​លក្ខខណ្ឌ​វាយតម្លៃ​ច្រើន​ដំណាក់កាល​ណាស់​មុន​បានទទួល​ជោគជ័យ​នៅថ្ងៃនេះ​។​

​លោក​បាន​បន្ថែមថា “​ចំពោះ​ក្រុមហ៊ុន​ដែល​ប្រកួតប្រជែង មិន​ត្រឹមតែ​យកចិត្តទុកដាក់​ចំពោះ​សុខុមាលភាព ជីវភាព​របស់​បុគ្គលិក និង​គោរព​ច្បាប់ និង​បទ​ប្ប​ញ្ញ​តិ​របស់​កម្ពុជា​នោះទេ ប៉ុន្តែ​គេ​បាន​អនុវត្តន៍​អ្វី ដែល​ដែលជា​ការគោរព​នូ​វល​ក្ខ​ខណ្ឌ​ដែល​លើស​អ្វី​ជា​តម្រូវការ​យើង​ចង់បាន​ថែមទៀត​”​។

​លោក Blaise Kilian នាយក​ប្រតិបត្តិ EuroCham Cambodia បានបញ្ជាក់​ជុំវិញ​បញ្ហា​នេះដែរ​ថា នេះ​វា​ជា​លើកដំបូង​ហើយ​ដែល​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​រៀបចំ​ការប្រកួតប្រជែង​សាជីវកម្ម​ទទួលខុសត្រូវ​ផ្នែក​សង្គម (CSR)​មួយ​នេះ​ឡើង​។ វា​ជាការ​ប្រកួតប្រជែង​ដើម្បី​ផ្តល់​ការលើកទឹកចិត្ត ដល់​ក្រុមហ៊ុន​ដែលជា​សមាជិក​របស់​ស​ភា​ពាណិជ្ជកម្ម​អឺរ៉ុប​ចំពោះ​សកម្មភាព​ទទួលខុសត្រូវ​សង្គម​របស់​ពួកគេ ជាពិសេស​លើកស្ទួយ​ការទទួលខុសត្រូវ​សង្គម​របស់​វិស័យ​ឯកជន​តែម្តង​។

​ទន្ទឹម​ជាមួយគ្នានេះ លោក ហៃ ភិរម្យ តំណាង​ក្រុមប្រឹក្សាភិបាល​របស់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប បានលើកឡើង​ដែរ​ថា សភាពាណិជ្ជកម្ម​អឺរ៉ុប ទទួលបាន​ពាក្យ​ចូលរួម​ប្រកួត​ចំនួន​២៥ ពី​ក្រុមហ៊ុន​ចំនួន​១៧ មកពី​វិស័យ​ផ្សេងៗ​គ្នា​។​ក្នុងចំណោម​នោះ​មាន​ក្រុមហ៊ុន​តែ​៥​ប៉ុណ្ណោះ​ដែល​ត្រូវ​ជ្រើសរើស​សម្រាប់​ទទួលពាន​រង្វាន់​តាម​ផ្នែក​នីមួយៗ ដែល​កំណត់ដោយ​សភាពាណិជ្ជកម្ម​អឺរ៉ុប​។

​លោក George EDGAR ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​និង​ជា​សហប្រធាន​គណៈកម្មកា​រ​ផ្តល់​ពិន្ទុ បាន​ថ្លែងថា​ក្រុមហ៊ុន​ដែល​ចូលរួម​ប្រកួតប្រជែង​សុទ្ធតែ​បាន​ព្យាយាម​បង្រួម​ផល​អវិជ្ជមាន​ទៅដល់​សង្គម​ឲ្យ​តិចតួច​បំផុត​តាម​ដែល​ធ្វើទៅបាន នៅក្នុង​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន ជាពិសេស​ផលប៉ះពាល់​បរិស្ថាន ផ្តល់​បរិយាកាស​ការងា​រ​,​អត្ថប្រយោជន៍​និង​បំពាក់បំប៉ន​ជំនាញ​បន្ថែម​ដល់​បុគ្គលិក​រួមទាំង​ផ្តល់​ប្រយោជន៍​ទៅ​សហគមន៍​ផង​។​

​សូមបញ្ជាក់ថា​ក្រុមហ៊ុន​ទាំង ៥ ដែល​បានទទួល​ពានរង្វាន់​សារ​ជីវ​កម្ម​ទទួលខុសត្រូវ​ផ្នែក​សង្គម (CSR) ពី​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា រួមមាន ក្រុមហ៊ុន Chip Mong Insee ទទួលបាន​ពានរង្វាន់​«Jury’s Choice-all Categories»​។ ក្រុមហ៊ុន Khmer Green Charcoal ទទួលបាន​ពានរង្វាន់ «SME Categories»​។ ក្រុមហ៊ុន Knai Bang Chatt ទទួល​ពានរង្វាន់ «Outstanding SME Categories»​។ ក្រុមហ៊ុន Kulara water ទទួល​ពានរង្វាន់ «Large Categories» និង​ក្រុមហ៊ុន Artisans Angkor ទទួល​ពានរង្វាន់ «Outstanding Large Achievement Categories»៕S/

​សភាពាណិជ្ជកម្ម​អ៊ឺរ៉ុប​ប្រចាំ​កម្ពុជា​និង​ដៃគូរ​បានធ្វើ​ការប្រកាស​ជ័យលាភី​ដល់​ក្រុមហ៊ុន​ឈ្នះ​សាជីវកម្ម​ទទួលខុសត្រូវ​ផ្នែក​សង្គម (CSR)​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​២៦​ខែមិថុនា​ឆ្នាំ​២០១៩(​រូប​៖​ដេប៉ូ​)​