សភាព​អឺរ៉ុប​៖ រយៈពេល​១១​ឆ្នាំ​និស្សិត​និង​បុគ្គលិក​សិក្សា​កម្ពុជា​ជាប់​អាហា​រូ​ក​រណ៍សិក្សា​នៅ​បរទេស ជាង​៦០០​នាក់​ ​

1210
ចែករម្លែក

(​ភ្នំពេញ​)៖​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​បញ្ជាក់ថា នៅ​ចន្លោះ​ឆ្នាំ​២០០៥ និង​ឆ្នាំ ២០១៦ កម្មវិធី​អាហារូបករណ៍ Erasmus+ និង Erasmus Mundus ដែល​ឧបត្ថម្ភ​មូលនិធិ​ដោយ​សហភាព​អឺរ៉ុប​បានផ្តល់​អហា​រូបករណ៍​ដល់​និស្សិត​និង​បុគ្គ​​លិ​ក​សិក្សា​កម្ពុជា​ប្រមាណ​ជាង​៦០០​នាក់​រួចមកហើយ ដើម្បី​ទៅ​សិក្សា និង​បង្រៀន​នៅ​បណ្តា​ប្រទេស​នានា​នៅ​អឺរ៉ុប​។​

​ក្នុង​សន្និសីទកាសែត កាលពី​ល្ងាច​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៧​កន្លងទៅនេះ លោក ច​ច អេ​ដ​ហ្គា​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​​នៅ​កម្ពុជា បានបញ្ជាក់​ទៀតថា ក្រៅពី​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត និង​បុគ្គលិក​សិក្សា​ន កម្មវិធី​Erasmus+ ក៏បានផ្តល់​ហិរញ្ញប្បទាន ដល់​ការកសាង​សមត្ថភាព​នៅ​កំរិត​ឧ​ត្ត​មសិ​ក្សា (CBHE)​ផងដែរ ដែល​កម្មវិធី​នេះ​សំដៅ​គាំទ្រ​ដល់​ការធ្វើ​ទំនើបកម្ម​ការកែលម្អ​លទ្ធ​​ភាព​ទទួលបាន និង​ការធ្វើ​អន្តរ​ជាតូបនីយកម្ម​វិស័យ​ការអប់រំ ថ្នាក់​ឧ​ត្ត​មសិ​ក្សា​នៅក្នុង​បណ្តា​ប្រទេស​ជា​ដៃគូ​ផងដែរ​។ គម្រោង​ចំនួន​១១ ត្រូវបាន​ចុះ​កិច្ចព្រមព្រៀង​នៅ​ឆ្នាំ​២០១៦​។​

​លោក​ឲ្យ​ដឹងថា ដោយឡែក ក្នុង​ឆ្នាំ​២០១៧​នេះ និស្សិត​និង​បុគ្គលិក​សិក្សា​ចំនួន​៤៣​រូប បានទទួល​អាហារូបករណ៍​១០០​ភាគរយ​ពី​សហភាព​​អឺរ៉ុប​នៅក្រោម​កម្មវិធី​អហា​រូបករណ៍ Erasmus+ ដើម្បី​ទៅ​សិក្សា នៅ​អឺរ៉ុប​សម្រាប់​រយៈពេល​ចន្លោះ​ពី​០៦​ទៅ​២៤​ខែ​និង​ដើម្បី​ធ្វើជា​គ្រូ​​ឧទ្ទេស​ទស្សនកិច្ច​នៅ​អឺរ៉ុប​សម្រាប់ រយៈពេល​ពី​០៥​ថ្ងៃ​ទៅ​០៦​ខែ​។ ជាមួយនឹង​អាហារូបករណ៍​នេះ និស្សិត​នឹង​បន្ត​ការសិក្សា​ថ្នាក់បរិញ្ញាប័ត្រ បរិញ្ញាប័ត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅតាម​បណ្តា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ចំនួន​១៣​ប្រទេស ដែល​រួមមាន​៖ ប្រទេស​អូទ្រីស ប៊ែ​ល​ហ្សិ​ក សាធារណរដ្ឋ​ឆេ​ក ដា​ណឺ​ម៉ាក ហ្វាំ​ង​ឡង់ បារាំង អ៊ីតាលី លី​ទុយ​អា​នី ប៉ូឡូញ ព័រ​ទុយ​ហ្គា​ល់ រ៉ូ​ម៉ា​នី អេ​ស្ប៉ា​ញ និង​ស៊ុយ​អ៊ែត​។​

​យោងតាម​សេចក្តីប្រកាស​ព័ត​មាន​របស់​សភាព​អឺរ៉ុប បង្ហាញ​ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០១៧​នេះដែរ និស្សិត​និង​បុគ្គលិក​សិក្សា​អឺរ៉ុប​ចំនួន​២៧​រូប ក៏ត្រូវ​បានជ្រើសរើស​ក្រោម​កម្មវិធី Erasmus+ ដើម្បី​សិក្សា និង​បង្រៀន​នៅតាម​សា​លក​វិទ្យាល័យ​ចំនួន​០៦​នៅ​ប្រទេស​កម្ពុជា មានដូចជា​៖ វិទ្យាស្ថាន​បច្ចេកវិទ្យា​-​កម្ពុជា សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាកលវិទ្យាល័យ​បាត់ដំបង និង​សាកលវិទ្យាល័យ ហ្សា​ម៉ែន (Zaman) ផងដែរ​។ ការសិក្សា​នឹង​គ្របដណ្តប់​លើ​មុខវិជ្ជា​ផ្សេងៗ​គ្នា​រួមមាន​ដូចជា​កសិកម្ម ជីវវិទ្យា ធុរកិច្ច វិទ្យា​-​សាស្ត្រ​កុំព្យូទ័រ អប់រំ សេដ្ឋកិច្ច បរិស្ថាន វិស្វកម្ម វិចិត្រសិល្បៈ បច្ចេកវិទ្យា​ព័ត​មាន​និង​សារគមនាគមន៍ សារ​ព័ត​មាន​សិល្បៈ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​វប្បធម៌ គណិតវិទ្យា ភាសា ច្បាប់ និង​វេជ្ជសាស្ត្រ​សត្វ​៕​ដោយ​: ពៅ និមល​/sn

លោក ច​ច អេ​ដ​ហ្គា ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា (​រូប​នៅ​កណ្តាល​) (​ពៅ និមល​)
សិស្ស​និង​បុគ្គលិក​សិក្សា​កម្ពុជា​ថតរូប​អនុស្សាវរីយ៍ (​ពៅ និមល​)