សភាវ៉េណេ​ស៊ុយអេ​ឡា ប្រកាស​«​ស្ថានភាព​ព្រមាន​គ្រា​អាសន្ន​» ដោយសារ​ប្រទេស​ដាច់​ភ្លើង​អស់​៥​ថ្ងៃ​

449
ចែករម្លែក
  • 77
    Shares

​សភា​ដឹកនាំ​ដោយ​ក្រុមប្រឆាំង​នៅវ៉េ​ណេ​ស៊ុយអេ​ឡា កាលពី​ថ្ងៃ​ចន្ទ​ទី​១១​មីនា បានប្រកាស​«​ស្ថានភាព​ព្រមាន​គ្រា​អាសន្ន​»​មួយ ​ដោយសារតែ​ការ​ដាច់​ភ្លើង​អស់​ពេល​៥​ថ្ងៃ​ជាប់​គ្នា​​គិត​មក​ត្រឹម​ថ្ងៃ​ចន្ទ ដែល​កំពុង​បង្ក​ភាពវឹកវរ​នៅក្នុង​ប្រទេស​ផលិត​ប្រេង​នៅ​អាម៉េរិក​ឡាទីន​មួយ​នេះ​ដោយសារ​តែ​ប្រជាជន​រាប់លាន​នាក់​កំពុង​ប្រវេប្រវា​រក​ស្បៀង​និង​ទឹក​។​

ទិដ្ឋភាព​ក្រុង​កា​រ៉ា​កាស ក្នុងអំឡុងពេល​ដាច់​ភ្លើង​កាលពី​ថ្ងៃ​៩​មីនា​

​ភាគច្រើន​នៃ​ប្រទេស​វ៉េ​ណេ​ស៊ុយអេ​ឡា នៅតែ​គ្មាន​ចរន្តអគ្គិសនី​ប្រើ​មកទល់​ថ្ងៃ​ចន្ទ តែ​ចរន្តអគ្គិសនី​បាន​វិល​មក​កាន់​រដ្ឋធានី​កា​រ៉ា​កាស​វិញ​ភាគច្រើន ក្រោយ​ការ​ដាច់​កាលពី​​ថ្ងៃ​ព្រហស្បត៍ិ៍សប្តាហ៍​មុន ដែល​លោក​ប្រធានាធិបតី នី​កូឡាស ម៉ា​ឌូ​រ៉ូ ហៅ​វា​ថា​ជា​អំពើ​វិច្ឆេទកម្ម​គាំទ្រ​ដោយ​អាម៉េរិក​។​

​តែរដ្ឋមន្ត្រីការបរទេស​អាម៉េរិក​បាន​បន្ទោស​កា​រដាច់​ភ្លើង​នេះ​បណ្តាលមកពី​ការធ្វេសប្រហែស​រាប់​ឆ្នាំ​របស់​រដ្ឋាភិបាល និង​បាន​រិះគន់​ក្រុមហ៊ុន​Rosneft​របស់​រុស្ស៊ី​ដែល​មិន​ធ្វើតាម​​ទណ្ឌកម្ម​របស់​អាម៉េរិក ​ហើយ​បន្ត​ទិញ​ប្រេង​វ៉េ​ណេ​ស៊ុយអេ​ឡា​។​រដ្ឋការ​អាម៉េរិក​មុននេះក៏​បាន​ដាក់​ទណ្ឌកម្ម​លើ​ធនាគារ​រុស្ស៊ី​មួយ​ដោយសារ​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ប្រេង​វ៉េណេ​ស៊ុយ​​អេ​ឡា​។​

​ការ​ដាច់​ភ្លើង​នេះ​បន្ថែម​ការលំបាកដល់​ប្រជាជន​នៅក្នុង​ប្រទេស​មួយ​ដែល​រង​អតិផរណា​ខ្ទង់លាន​ភាគរយ និង​វិបត្តិ​នយោបាយ​មួយដែល​បណ្តាល​មក​ពី​មេដឹកនាំ​សភា​ប្រឆាំង​​ហ្ស័​ន ក្វាយ​ដូ បានប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​និង​ដឹកនាំ​យុទ្ធនាការ​ទម្លាក់​គូប្រជែង ម៉ា​ឌូ​រ៉ូ ក្រោយ​ការគាំទ្រ​ពី​អាម៉េរិក​និង​សម្ព័ន្ធមិត្ត​។​

​សាលារៀន និង​សកម្មភាព​ការងារ​ត្រូវបាន​ផ្អាក​កាលពី​ថ្ងៃ​ចន្ទ និង​នៅ​ពេល​រសៀល រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ប្រកាស​តាម​ទូរទស្សន៍​ថា ការ​ឈប់សម្រាក​ត្រូវ​បាន​បន្ថែម​២៤​ម៉ោង​ទៀត​។​

​ប្រជាជន​វ៉េ​ណេ​ស៊ុយអេ​ឡា កាលពី​ថ្ងៃ​ចន្ទ​បាននាំគ្នា​ទៅ​កាន់​ទន្លេ​ដែល​មាន​ទឹក​កខ្វក់​មួយ​ក្នុង​ក្រុង​កា​រ៉ា​កាស ដើម្បី​ត្រង​យក​ទឹក និង​ធ្វើ​ការតវ៉ា​ប្រឆាំង​នៅ​ទីក្រុង​ជា​ច្រើន ខណៈ​​ប្រទេស​កាន់តែ​ជួប​ភាពវឹកវរ​ឡើង​ដោយសារ​ដាច់​ភ្លើង ខ្វះ​ស្បៀង​និង​ដាច់ទឹក​ម៉ាស៊ីន​៕​ដោយ​៖​វាសនា​/Ha