សភា​កម្ពុជា នឹងចូលរួម​មហា​សន្និបាត​លើក​ទី​១៤១ របស់​សហភាព​អន្តរ​សភា​នៅ​សាធារណរដ្ឋ​ស៊ែ​ប៊ី​

127
ចែករម្លែក

ដោយ:​សុផល​/ភ្នំពេញ ​៖ ​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី អនុប្រធាន​ទី​២​នៃ​រដ្ឋសភា តំណាង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា ចូលរួម​មហាសន្និបាត​លើក​ទី​១៤១ របស់​សហភាព​អន្តរ​សភា​(IPU) និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ទីក្រុង​ប៊ែ​ល​ក្រា​ត សាធារណរដ្ឋ​ស៊ែ​ប៊ី ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩ ខាងមុខនេះ​។​

សេចក្តីជូនដំណឹង​រប​ស់អគ្គ​លេខាធិការដ្ឋាន​រដ្ឋសភា បានឱ្យដឹងថា​មហាសន្និបាត​នឹង ប្រារព្ធ​ឡើង​ក្រោម​មូលបទ​ស្នូល «​ការពង្រឹង​ច្បាប់​អន្តរជាតិ​៖ តួនាទី និង​យន្តការ​សភា និង​ការចូលរួមចំណែក​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​»​។​

មហាសន្និបាត​លើក​ទី​១៤១ របស់​សហភាព​អន្តរ​សភា និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នឹង​ផ្តោតជាសំខាន់ លើ​ការលើកកម្ពស់​ការគោរព​ច្បាប់​អន្តរជាតិ ដើម្បី​ពង្រឹង​សន្តិសុខ ស្ថិរភាព និង​ការអភិវឌ្ឍ ស្រប​ពេលដែល​សណ្តាប់ ធ្នាប់​អន្តរជាតិ​ដែល​ផ្អែកលើ​វិធាន​ច្បាប់​អន្តរជាតិ​បាននិងកំពុង​រង​ការវាយប្រហារ​ដោយសារ​ឯកតោភាគី​និយម កិច្ច​គាំពារ​និយម នយោបាយ​ជ្រុលនិយម ប្រជា​ភិ​ថុ​ត និង​ការ​ប្រជែង​គ្នា​នៃ​មហាអំណាច ព្រមទាំង​ការជ្រៀតជ្រែក កិច្ចការ​ផ្ទៃក្នុង ដោយ​បំពាន​លើ​ធម្មនុញ្ញ​របស់ អ​.​ស​.​ប ដែល​បាន​អនុវត្ត​រយៈពេល ៧០​ឆ្នាំ កន្លងមកនេះ​។​

នៅក្នុង​មហាសន្និបាត​នេះ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី នឹង​អញ្ជើញ​ថ្លែង សុន្ទរកថា​គន្លឹះ​សំខាន់ៗ ទាក់ទង​នឹង​មូលបទ​ខាងលើ ដោយ​ផ្តោត​សំខាន់​លើ​ ៖​ការលើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដែល​ផ្អែកលើ​ច្បាប់​កម្ពុជា និង​អន្តរជាតិ តាម​បរិបទ នៃ​ប្រទេស​នីមួយៗ​។ ការប្តេជ្ញាចិត្ត​របស់​ក​ម្ពុ​ជា​ក្នុង​ការជំរុញ​ប្រព័ន្ធ​ពហុភាគី​និយម ដែល​បើកចំហរ បរិ​យា​ប័ន្ន ប្រសិទ្ធភាព និង​ការចូលរួម ដើម្បី​រក្សា​សន្តិភាព និង​កសាង​សណ្តាប់ធ្នាប់​អន្តរជាតិ​ដែល​ផ្អែកលើ​វិធាន​ច្បាប់​។​ តម្លៃ​សន្តិភាព និង​សិ្ថ​រ​ភាព​នយោបាយ​របស់​កម្ពុ​ជា​សព្វថ្ងៃ ដែលនាំឱ្យ​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ថេរ ៧% ក្នុង​រយៈពេល ២ ទស្សវត្ស​ចុងក្រោយ​នេះ​។​ភាពផុយស្រួយ​នៃ​សន្តិភាព​ដែល​កម្ពុជា​រកបាន​ដោយ​លំបាក ពីព្រោះថា​កម្ពុជា​កំពុងតែ​ជួប​បញ្ហា​ប្រឈម​ដោយសារ​នយោបាយ​ជ្រុលនិយម និង​នយោបាយ​ប្រជា​ភិ​ថុ​ត ក៏ដូចជា​ការជ្រាតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។​

កិច្ចប្រឹងប្រែង​យ៉ាងសកម្ម​របស់​សភា​កម្ពុ​ជា​ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​និង​អន្តរជាតិ​។​ជាពិសេស សភា​កម្ពុជា​នឹងមាន​កិត្តិយស​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប​លើក​ទី​១១ នៅ​ឆ្នាំ​២០២០ ខាងមុខ​។​

លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី ក៏​គ្រោង​នឹង​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ លោកស្រី Maja Gojković ប្រធានសភា នៃ​សាធារណរដ្ឋ​ស៊ែ​ប៊ី លោកស្រី Gabriela Cuevas Barron ប្រធាន​សហភាព​អន្តរ​សភា សម​ភាគី​សភា​មី​យ៉ាន់​ម៉ា ជប៉ុន និង​កា​ហ្សា​ក់​ស្ថាន ព្រមទាំង​ត្រៀម​ជួប​សភា​ប្រទេស​សមាជិក IPU មួយចំនួនទៀត​ផងដែ​រ​។​

ក្នុងឱកាស​ចូលរួម​មហាសន្និបាត​សហភាព​អន្តរ​សភា​លើក​ទី​១៤១​នេះ គណៈ​ប្រតិ​ជាន់ខ្ពស់​សភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹងចូលរួម​ក្នុង​មហាសន្និបាត និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ចំនួន​១១ ទៀត រួមមាន​៖​កិច្ចប្រជុំ​អាស៊ាន​បូក​៣,​កិច្ចប្រជុំ​ក្រុម​អាស៊ី​-​ប៉ាស៊ីហ្វិក​,​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​លើក​ទី​២០៥, កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទី​១ : សន្តិភាព និង​សន្តិសុខ​អន្តរជាតិ​,​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទី​២ : ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម​,​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទី​៣ : សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​,​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទី​៤: កិច្ចការ​អង្គការសហប្រជាជាតិ​,​វេទិកា​សមាជិកសភា​ជា​ស្ត្រី​លើក​ទី​៣០,​វេទិកា​សមាជិកសភា​វ័យក្មេង​,​កិច្ចប្រជុំ​សមាគម​អគ្គលេខាធិការ​សភា (ASGP), កិច្ចប្រជុំសភា​តំបន់​អាស៊ី (APA)​។​

​គួរឱ្យ​ដឹងថា​សហភាព​អន្តរ​សភា​(IPU) ជា​អង្គការនីតិប្បញ្ញត្តិ​ធំ​មួយ បង្កើតឡើង​ក្នុង​ឆ្នាំ​១៨៨៩ ដែលមាន​សមាជិក ជា​សភា​មកពី​រដ្ឋ​អធិបតេយ្យ​ចំនួន​១៧៩​។ សភា​កម្ពុជា​ចូល​ជា​សមាជិក​IPU ក្នុង​ខែមេសា ឆ្នាំ​១៩៩៧ នៅ​សន្និសីទ​អន្តរ​សភា​លើក​ទី​៩៧ នាទី​ក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ​៕B/