សភា​ដែល​គ្រប់គ្រង​ដោយ​ពួក​ប្រជាធិបតេយ្យ​សម្លឹង​ទៅរក​ការស៊ើបអង្កេត​ត្រាំ​

238
ចែករម្លែក

​គណៈកម្មការ​សភា​មួយ​នឹង​ពិនិត្យមើល​របាយការណ៍​ក្នុង​កាសែត​ដែលថា ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​(FBI)​បាន​ស៊ើបអង្កេត​ថា​តើ​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​​បានធ្វើ​ការអោយ​រុស្ស៊ី​មែនឬ ដែល​វា​ប្រឆាំងនឹង​ផលប្រយោជន៍​អាមេរិក នេះ​បើតាម​ការអះអាង​របស់​ប្រធាន​គណៈកម្មការ​កាលពី​ថ្ងៃ​សៅរ៍​ទី​១២​មករា​។​

​កាសែត​ញូវយ៉ក​ ​ថែម​ស៍ បាន​រាយការណ៍​ថា ការស៊ើបអង្កេត​បានចាប់ផ្តើម​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ក្រោយពី​លោក​ត្រាំ​បណ្តេញ​លោក​ជេ​ម​ស៍ ខ័​រ​មី ពី​នាយក​FBI​កាលពី​ខែឧសភា​ឆ្នាំ​២០១៧ និង​បាន​និយាយថា ពួក​អ្នកស៊ើប​អង្កេត​ប្រឆាំង​ចារកម្ម​របស់​ទីភ្នាក់ងារ​នេះ​ត្រូវតែ​ពិចារណា​ថា​តើ​អំពើ​របស់​ត្រាំ​អាច​ចាត់ទុកថា​ជាការ​គំរាម​ចំពោះ​​សន្តិសុខ​ជាតិ​ដែរ​ឬ​អត់​។​

​សេត​វិមាន​កាលពី​ថ្ងៃ​សុក្រ​បាន​ច្រានចោល​អត្ថបទ​របស់​ថែម​ស៍​ថា​« ភ្លើ និង​មិន​ទំនង​»​ខណៈ​ត្រាំ​កាលពី​ថ្ងៃ​សៅ​រិ៍​បាន​វាយប្រហារ​រិះគន់​លោក​ខ័​រ​មី​និង​FBI​នៅក្នុង​ការ​​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ប្រាំ​ទៅ​ប្រាំ​មួយដង​។​

​ប្រធាន​គណៈកម្មការ​យុត្តិធម៌​សភា​មកពី​បក្ស​ប្រជាធិបតេយ្យ​លោក ជឺ​រ៉ូ​ល ណាត​លឺ បាន​និយាយថា​គណៈកម្មការ​របស់​លោក​«​នឹង​ចាត់វិធានការ​ដើម្បីអោយ​មានការ​​យល់ដឹង​កាន់តែ​ប្រសើរ​ទាំង​អំពើ​របស់​ប្រធានាធិបតី​និង​ចម្លើយ​តប​របស់​FBI»​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​។​លោក​បាន​បន្តថា សមាជិកសភា​នឹង​ស្វះស្វែង​ការពារ​ពួក​​អ្នកស៊ើប​អង្កេត​ពី​ការវាយប្រហារ​របស់​ប្រធានាធិបតី​។​

​ចំណែក​ប្រធាន​គណៈកម្មការ​ចារកម្ម​របស់​សភា លោក​អា​ដាំ ស៊ី​ហ្វ បាន​និយាយថា​លោក​មិនអាច​និយាយ​ចំណុច​ជាក់លាក់​អំពី​របាយការណ៍​នេះ​បានទេ តែ​គណៈ​កម្ម​​ការ​របស់លោក​នឹង​ជំរុញ​ការស៊ើបអង្កេត​អំពី​ការទាក់ទង​របស់​ត្រាំ​ជាមួយ​រុស្ស៊ី​។​

​របាយការណ៍​មួយ​ក្នុង​កាសែត​វ៉ាស៊ីនតោន​ប៉ុ​ស្ត៍​កាលពី​ថ្ងៃ​សៅរ៍​បាន​និយាយថា ត្រាំ​បាន​ទទួលយក​កំណត់ហេតុ​មួយ​នៃ​ជំនួប​ឆ្នាំ​២០១៧​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ​​ពូ​ទីន នៅ​ក្រុង​ហាំ​ប៊ឺ​ក ពី​អ្នកបកប្រែ​ភាសា​របស់លោក និង​បាន​ចាត់វិធានការ​ផ្សេងទៀត​ដើម្បី​បិទបាំង​ព័ត៌មាន​ពិស្តារ​នៃ​ការសន្ទនា​របស់គេ​។​

​ក្នុងពេល​ជាមួយគ្នា កាសែត​ញូវយ៉ក​ថែម​ស៍ បាន​និយាយថា ពួក​មន្ត្រី​FBI​បាន​សង្ស័យ​ការទាក់ទង​របស់​ត្រាំ​ជាមួយ​រុស្ស៊ី​ក្នុងអំឡុង​យុទ្ធនា​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦ តែ​មិនបាន​ចាត់ការ​ធ្វើការ​ស៊ើបអង្កេត​ភ្លាម​ទេ រហូត​ទាល់តែ​ត្រាំ​ភ្ជាប់​ការបណ្តេញ​លោក​ខ័​រ​មី​ទៅនឹង​ការចោទប្រកាន់​អំពី​ការជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​ពី​រុស្ស៊ី​៕ដោយ៖វាសនា

ត្រាំ​និង​ប្រធានាធិបតី​រុស្ស៊ី ចាប់ដៃគ្នា​នៅមុន​ជំនួប​នៅ​ក្រុង​ហែល​ស៊ីន​គី កាលពី​ឆ្នាំមុន​។​ត្រាំ​បាន​ឆ្លើយតប​កាលពី​ថ្ងៃ​សៅរ៍​ដោយ​វាយប្រហារ​កាសែត​ញូវយ៉ក ថែម​ស៍​​និង​បណ្តា​អតីត​មេដឹកនាំ​FBI