សភា​និង​មេបក្ស​កាន់អំណាច​របស់​វេ​ណេ​ស៊ុយ​អេ​ឡា​ជំរុញឱ្យមាន​ការបោះឆ្នោត​រៀងៗ​ខ្លួន​

384
ចែករម្លែក

​សភា​គ្រប់គ្រង​ដោយ​បក្សប្រឆាំង​វេ​ណេ​ស៊ុយ​អេ​ឡា​កាលពី​ថ្ងៃ​អង្គារ​ទី​៥​កុម្ភៈ​បាន​និយាយថា ខ្លួន​នឹង​រៀបចំ​ការបោះឆ្នោត​ថ្មី​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​ក្នុង​រយៈពេល ១ ឆ្នាំ នៅពេលណា​ដែល​ប្រធានាធិបតី​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ ត្រូវបាន​បណ្តេញ​ចេញពី​អំណាច​។​

​ទន្ទឹមនឹង​នេះដែរ មេបក្ស​សង្គមនិយមរ​បស់​វេ​ណេ​ស៊ុយ​អេ​ឡា​លោក​ឌី​អូ​សដា​ដូ ខា​បែ​ល​ឡូ (Diosdado Cabello) បាន​គំរាម​ធ្វើការ​បោះឆ្នោត​សភា​មុន​កំណត់​ដែល​អាចនឹងរំលាយ​សភា ដែលជា​មែកធាង​តែមួយគត់​របស់​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្សប្រឆាំង​។ គាត់​បាន​ចោទប្រកាន់​គណបក្សប្រឆាំង​ថា​ទទួលបញ្ជា​ពី​សហរដ្ឋអាមេរិក​។​

​លោក​ខា​បែ​ល​ឡូ​បាន​និយាយថា “​យើង​នឹងមិន​ចាញ់​នរណា​នោះឡើយ​។ យើង​គ្មានអ្វី​សង្ស័យ​ទេ​ដែលថា​ពួក​ចក្រពត្តិនិយម​បាន​គ្រប់គ្រង​ពួក​ស្តាំនិយម​របស់​វេ​ណេ​ស៊ុយ​អេ​ឡា​”​។​

​ការតស៊ូ​អំណាច​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​បាន​លេចឡើង​ក្នុងឆ្នាំនេះ នៅពេល​មេដឹកនាំ​សភា​លោក​ហ្វ័​ន ក្វា​យ​ដូ បានប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន ដោយ​និយាយថា ការជាប់ឆ្នោត​ឡើងវិញ​របស់​ម៉ា​ឌូ​រ៉ូ​កាលពី​ខែឧសភា​គឺជា​ការ​ក្លែងបន្លំ​។​

​ប្រទេស​ជាច្រើន​រាប់បញ្ចូល​ទាំង​សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប​បានទទួល​ស្គាល់​លោក​ក្វា​យ​ដូ​ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​របស់​វេ​ណេ​ស៊ុយ​អេ​ឡា ដោយ​លើក​ហេតុផល​ថា ការជាប់ឆ្នោត​ឡើងវិញ​របស់​ម៉ា​ឌូ​រ៉ូ​មិនមាន​សុពលភាព ព្រោះ​គូប្រជែង​ខ្លាំង​បំផុត​របស់គាត់​ត្រូវបាន​រារាំង​មិនឱ្យ​ចូលរួម​ប្រជែង​ការបោះឆ្នោត​៕ ដោយ៖ កញ្ញាដាលីស

លោក​ហ្វ័​ន ក្វា​យ​ដូ មេបក្ស​ប្រឆាំង​វេ​ណេ​ស៊ុយ​អេ​ឡា ដែល​ប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន