សភា​ប្រទេស​បារាំង​ពង្រឹង​វិស័យ​ការទូត​សភា​ជាមួយ​រដ្ឋសភា​និង​ពាណិជ្ជក​ម្ជា​មួយ​កម្ពុជា​

620
ចែករម្លែក

ដោយ:​សុផល​/ភ្នំពេញ ៖ ​រដ្ឋសភា​នៃ​ប្រទេស​បារាំង បាន​កំពុង​ពង្រឹងពង្រីក​ចំណង​វិស័យ​​ការទូត​សភា​ជាមួយ​រដ្ឋសភា​ប្រទេស​កម្ពុជា​។ ក្នុង​បេសកកម្ម​នេះ លោក ស៊ី​ល​វ៉ាំ​ង វ៉ា​សឺ​ម៉​ង់ (Sylvain WASSERMAN) អនុប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​បារាំង បាន​កំពុង​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ លោក​បាន​ជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​វិមាន រដ្ឋសភា​។​

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានកត់សម្គាល់​ឃើញថា ទំនាក់ទំនង​ការទូត​កម្ពុជា​-​បារាំង បានកកើតឡើង​តាំងពី ឆ្នាំ​១៩៥២​។ បា​រាំងជា​ប្រទេស​​ដែល​ផ្តល់ជំនួយ​សំខាន់​មួយ​ដល់​កម្ពុជា ពិសេស​បាន​ដើរតួនាទី​យ៉ាងសកម្ម​នៅក្នុង​ការស្វែងរក​សន្តិ​ភាព​ឲ្យ​កម្ពុជា រហូត​បង្កើតបាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​។

​សម្តេច​បាន​គូសបញ្ជាក់ថា រហូតមកដល់​ពេលនេះ កម្ពុជា​-​បារាំង​បាន​ផ្លាស់ប្តូរ ដំណើរ​ទស្សនកិច្ច​ពីគ្នា​ទៅវិញទៅមក​ទាំង​ក្នុង​ក្របខ័ណ្ឌ​នីតិប្រតិបត្តិ និង​នីតិប្បញ្ញតិ​។​

​លោក​ស៊ី​ល​វ៉ាំ​ង វ៉ា​សឺ​ម៉​ង់ បាន​គូសបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​នៅក្នុង​ឱកាស​នេះ ក្នុង​គោលបំណង​ពង្រឹងពង្រីក​វិស័យ​ការទូត សភា​ជាមួយ​កម្ពុជា​។ លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ និង​ចំណងមិត្តភាព​រវាង​ប្រទេស​កម្ពុជា​-​បារាំង​។ ជា​ចំណងមិត្តភាព ជិតស្និទ្ធ ជឿជាក់ និង​បើកចំហ​។ តាមរយៈ​ចំណងមិត្តភាព​ដ៏​ល្អ​នេះ បាន​ជំរុញ​ឲ្យ​មាន​គម្រោង និង​ជំនួយ​ជាច្រើន​របស់​បារាំង​មកកាន់​កម្ពុជា​។​

លោក​អនុប្រធានរដ្ឋសភា​បារាំង បាន​វាយតម្លៃ​ខ្ពស់​ពី​កិច្ចសហប្រតិបត្តិការ​ផ្នែក​វប្បធម៌​នៃ​ប្រទេស​ទាំងពីរ​។ នៅ​កម្ពុ​ជាមាន​ពលរដ្ឋ និង​មន្ត្រីរាជការ ជាច្រើន នៅតែ​ប្រើប្រាស់​ភាសា​បារាំង​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បានលើកឡើង​ផងដែរ ពី​ការគាំទ្រ​គ្នា​ទៅវិញ​ទៅមក​រវាង​សភា​ប្រទេស​ទាំងពីរ ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី​។ ចំណែក​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ​វិញ សម្តេច​បាន​លើកឡើងថា មាន​ការ​រីកចំរើន​ជា​លំដាប់ ពោលគឺ​ទំហំ ទឹកប្រាក់​វិនិយោគ​បាន​កើន​ដល់​ជាង​១​ពាន់​លាន​ដុល្លារ​។ កម្ពុជា​បាន​នាំចេញ​អង្ករ​ច្រើន ក្នុង​លំដាប់​ទី​២ ទៅកាន់​ប្រទេស​បារាំង គឺ​ប្រមាណ​​ជិត ៨​ម៉ឺន​តោន​។​

​សម្តេច​ប្រធានរដ្ឋសភា បាន​ផ្តាំផ្ញើ​ដល់​អនុប្រធានរដ្ឋសភា​ប្រទេស​បារាំង ជួយ​គាំទ្រ និង​ជំរុញ​អ្នកវិនិយោគ អ្នកទេសចរ​បារាំង មក​វិនិយោគ និង​ទស្សនា​កម្ពុជា​ឲ្យ​កាន់តែ​ច្រើន​បន្ថែមទៀត​។ តាមរយៈ​ប្រធាន​គណៈប្រតិភូ សម្តេច​បាន​គោរព​អញ្ជើញ​ឯកឧត្តម​ប្រធានរដ្ឋសភា​បារាំង​មក​បំពេញ ទស្សនកិច្ច​នៅ​កម្ពុជា តាម​ពេលវេលា​សមស្រប​ណា​មួយ នាពេល​ខាងមុខនេះ​។​

​ចំពោះ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល​ម្អិ​ត រវាង​រដ្ឋសភា​ប្រទេស​ទាំងពីរ សម្តេច​ប្រធានរដ្ឋសភា បានស្នើ​ដល់​គណៈប្រតិភូ​ជួបពិភាក្សា​ជាមួយ ឯកឧត្តម ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ​និង​ព័ត៌មាន នៃ​រដ្ឋសភា និង​ជា​ប្រធាន​ក្រុម មិត្តភាព​សភា​កម្ពុជា​-​បារាំង​។ ជំនួប​ពិភាក្សា​ការងារ​រវាង ឯកឧត្តម ឈាង វុន និង​គណៈ​ប្រភូ បានធ្វើ​ឡើង​បន្ទាប់ពី​សវនាការ​ជាមួយ​សម្តេច​បានបញ្ចប់​៕B/