សភា​វៀតណាម​អត់​គាំទ្រ បម្រាម​​លក់​គ្រឿង​ស្រវឹង​ពេល​យប់​

490
ចែករម្លែក

​សភា​វៀតណាម​បាន​ច្រានចោល​បម្រាម​មួយ​ស្តី​ពី​ការលក់​សុរា​នៅពេល​យប់ ដែល​ស្នើឡើង​ដោយ​ក្រសួង​សុខាភិបាល​។​

​ក្រសួង​បាន​ស្នើ​ច្បាប់​នេះ​ក្នុង​បំណង​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង ​ដោយ​ហាម​លក់​វា​រាល់ថ្ងៃ​ចាប់ពី​ម៉ោង​១០​យប់​ដល់​៨​ព្រឹក​។​តែ​មាន​តែ​សមាជិក​សភា​២២៤​រូប ស្មើនឹង​៤៦,៣​ភាគរយ​ដែល​គាំទ្រ​វា កាលពី​ថ្ងៃ​ចន្ទ​ទី​៣​មិថុនា​។​

​ការគាំទ្រ​លើ​៥០​ភាគរយ​ពី​សមាជិក​សភា​ទើប​អាច​អនុម័ត​ច្បាប់​ណាមួយ​បាន​នៅក្នុង​ប្រទេស​វៀតណាម​។​

​ទោះជា​យ៉ាងណា សមាជិកសភា​៧៣​ភាគរយ​គាំទ្រ​ការ​កំណត់​ពេល​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នៅ​តាម​ទូរទស្សន៍​និង​វិទ្យុ​។​ច្បាប់​នេះ​ហាម​ការផ្សាយ​គ្រឿង​ស្រវឹង​ចាប់ពី​ម៉ោង​៦​ល្ងាច​ដល់​៩​យប់​។​

​សភា​វៀតណាម​កាលពី​សប្តាហ៍​មុន​ក៏​បាន​ដកចេញ​សំណើ​ហាមឃាត់​ការលក់​គ្រឿង​ស្រវឹង​តាម​បណ្តាញ​អេឡិចត្រូនិក ដោយ​ថា​វា​ប្រឆាំងនឹង​និន្នាការ​អន្តរជាតិ​និង​ប្រឆាំង​នឹង​​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​។​

​គ្រឿង​ស្រវឹង ជាពិសេស​ស្រា​បៀរ ត្រូវបាន​ប្រើប្រាស់​ជា​ទូទៅ​នៅ​វៀតណាម​។​ទិន្នន័យ​ឆ្នាំ​២០១៧ ​ចងក្រង​ដោយ​ក្រសួង​សុខាភិបាល បង្ហាញ​ថា ​ពលរដ្ឋ​វៀតណាម​ប្រើ​ស្រា​៣០៥​លាន​លីត្រ​​និង​ស្រា​បៀ​រ៤,១​ពាន់​លាន​លីត្រ ជាហេតុ​ធ្វើឲ្យប្រទេស​នេះ​ក្លាយជា​អ្នក​ប្រើ​សុរា​ធំ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​និង​ធំ​បំផុត​ទី​៣​នៅ​អាស៊ី បន្ទាប់​ពី​ជប៉ុន​និង​ចិន​៕ដោយ៖វាសនា/Ha