សភា​វៀតណាម អនុម័ត​អោយ​ប្រធាន​បក្ស កាន់តំណែង​ប្រធានាធិបតី​

879
ចែករម្លែក

សភាវៀតណាមកាលពីថ្ងៃអង្គារទី២៣តុលា បានជ្រើសរើសលេខាបក្សកុំម្មុយនីស្តវៀតណាម លោកង្វៀន ភូត្រុង ជាប្រធានាធិបតីថ្មីរបស់ប្រទេស។

ការអនុម័តយល់ព្រមនេះគ្រាន់តែជាទម្រង់ពិធីការប៉ុណ្ណោះ ដោយសារលោកត្រូវបានបក្សតែងតាំងជាឯកច្ឆន្ទ និងជាបេក្ខជនតែម្នាក់គត់សំរាប់មុខតំណែងនេះ ក្រោយពីអតីតប្រធានាធិបតី ត្រាន ដាយក្វាងបានទទួលមរណភាពកាលពីថ្ងៃ២១កញ្ញា។

ត្រុង អាយុ៧៤ឆ្នាំ បានក្លាយជាមេដឹកនាំវៀតណាមដំបូងដែលកាន់តំណែង២ក្នុងពេលតែមួយ ចាប់តាំងពីសម័យប្រធានាធិបតីស្ថាបនិកនិងវីរជនបដិវត្តន៍ ហូ ជីមីញ។

ហា ហ័ង ហុប នៅវិទ្យាស្ថានអន្តរជាតិសំរាប់ការសិក្សាយុទ្ធសាស្រ្តនៅសិង្ហបុរី បាននិយាយថា«នឹងមិនមានការផ្លាស់ប្តូរធំដុំភ្លាមៗទេនៅក្នុងគោលនយោបាយវៀតណាម។ត្រុងត្រូវបានបោះឆ្នោតអោយក្លាយជាប្រធានាធិបតីដោយសារស្ថានការណ៍បណ្តោះអាសន្នមួយហើយខ្ញុំមិនគិតថាលោកអាចធ្វើការផ្លាស់ប្តូរបានច្រើនមុនការចប់អាណត្តិនៅជាង២ឆ្នាំទៀត»។

ត្រុងដែលបានក្លាយជា ប្រធានបក្សនៅឆ្នាំ២០១១ បានដឹកនាំយុទ្ធនាការបង្រ្កាបជនប្រឆាំងនិងបំបាត់អំពើពុករលួយ ដែលនាំដល់ការចាប់ខ្លួននាយកប្រតិបត្តិក្រុមហ៊ុនរដ្ឋនិងឯងជន ព្រមទាំងសមាជិកការិយាល័យនយោបាយមួយចំនួនប្រឈមការកាត់ទោសចំពោះការគ្រប់គ្រងហិរញ្ញវត្ថុខុសនិងការលួចកឹបកេងបន្លំប្រាក់។

ពេលចូលកាន់តំណែង លោកត្រុងបាននិយាយថា« ខ្ញុំនឹងខិតខំអស់ពីសមត្ថភាពដើម្បីបំពេញភារកិច្ចដែលបក្ស រដ្ឋនិងប្រជាជនផ្តល់អោយ»។

ហ័ង បាននិយាយថា លោកត្រុងនឹងបន្តរក្សាទំនាក់ទំនងជាមួយចិននិងអាមេរិក ដែលសុទ្ធតែជាដៃគូពាណិជ្ជកម្មកំពូលរបស់វៀតណាម តែនឹងមិនងាកទៅខាងណាជ្រុលខ្លាំងទេ៕

លេខាបក្សកុំម្មុយនីស្តវៀតណាម លោកង្វៀន ភូត្រុង ក្លាយជាប្រធានាធិបតីថ្មីរបស់ប្រទេស