សភា​អង់គ្លេស​ច្រាល​ចោល​កិច្ចព្រមព្រៀង​ស្តីពី Brexit ក្នុងការ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​

492
ចែករម្លែក

​សភា​អង់គ្លេស​កាលពី​ថ្ងៃ​អង្គារ​ទី​១៥​មករា​បាន​បដិសេធ​យ៉ាង​ដាច់ខាត​នូវ​កិច្ចព្រមព្រៀង Brexit របស់​នាយករដ្ឋមន្ត្រី​ថេ​រ៉េ​សា មេ ដោយ​ញ៉ាំងឱ្យមាន​ការបោះឆ្នោត​មិន​ទុកចិត្ត​នៅក្នុង​រដ្ឋាភិបាល​របស់​លោកស្រី និង​បាន​ទម្លាក់​ផែនការ​របស់លោក​ស្រី​ក្នុងការ​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប​ឱ្យ​ធ្លាក់​ចូលទៅក្នុង​ភាពវឹកវរ​កាន់តែខ្លាំង​ថែមទៀត​។​

​ពួក​សមាជិកសភា​បាន​បោះឆ្នោត ៤៣២ ទល់ ២០២ សំឡេង​ប្រឆាំងនឹង​ផែនការ​របស់លោក​ស្រី​មេ​ក្នុង​ការយក​ចក្រភព​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប ដែលជា​បរាជ័យ​នៅ​រដ្ឋសភា​ដ៏​ធំ​បំផុត​សម្រាប់​រដ្ឋាភិបាល​នៅក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​សម័យ​ទំនើប​របស់​អង់គ្លេស​។​

​ជាមួយ​កិច្ចព្រមព្រៀង​ដែល​ចំណាយពេល​ជិត​ពីរ​ឆ្នាំ​ដើម្បី​ធ្វើ​ពង្រាង​និង​អនាគត​រដ្ឋាភិបាល​រប​ស់លោក​ស្រី​កំពុងស្ថិត​ក្នុងស្ថានភាព​ស្រពិចស្រពិល ពួក​មេដឹកនាំ​សហភាព​អឺរ៉ុប​បានចេញ​នូវ​សារលិខិត​ខ្លី​មួយ​ដើម្បី​បង្ហាញ​កំហឹង​របស់ខ្លួន ដោយ​ជំរុញ​ឱ្យ​ចក្រភព​អង់គ្លេស​ចេញមក​និយាយ​គ្នា និង​ប្រាប់​នូវ​អ្វីដែល​អង់គ្លេស​ចង់បាន​។​

​ប្រធាន​សហភាព​អឺរ៉ុប​លោក​ដូ​ណា​ល់ ថាស សរសេរ​នៅលើ Twitter យ៉ាង​ដូច្នេះ “​ប្រសិនបើ​កិច្ចព្រមព្រៀង​មួយ​មិនអាច​ធ្វើទៅ​រួច​និង​គ្មាន​នរណាម្នាក់​ចង់បាន​កិច្ចព្រមព្រៀង​ទេនោះ ចឹ​ង​តើ​អ្នកណា​នឹងមាន​ភាពក្លាហាន​ដើម្បី​និយាយថា​អ្វី​ទៅជា​ដំណោះស្រាយ​វិជ្ជមាន​តែមួយគត់​នោះ​?”​។​

​លោក ហ្ស​ង់​ក្លោដ ចាំង​ឃើ ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​ព្រមាន​ពី​ហានិភ័យ​ខ្ពស់​នៃ “​ការ​គ្មាន​កិច្ចព្រមព្រៀង Brexit” ដែលជា​លទ្ធផល​មួយ​អាច​នឹង​បង្អាក់​ដល់​ពាណិជ្ជកម្ម ធ្វើឱ្យ​យឺតយ៉ាវ​សេដ្ឋកិច្ច​ចក្រភព​អង់គ្លេស និង​បង្ក​ភាពវឹកវរ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​។​

​រដ្ឋាភិបាល​អៀរ​ឡង់​ដែលជា​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​តែមួយគត់​ដែលមាន​ព្រំប្រទល់​ដីគោក​ជាប់​ជាមួយ​ចក្រភព​អង់គ្លេស​បាន​និយាយថា ឥឡូវនេះ​ខ្លួន​នឹង​ពង្រឹង​ការត្រៀម​លក្ខណៈ​ដើម្បី​ដោះស្រាយ​ជាមួយ “Brexit ដែល​គ្មាន​សណ្តាប់ធ្នាប់​”​។​

​រដ្ឋមន្ដ្រី​ហិរញ្ញវត្ថុ​អាល្លឺម៉ង់​លោក​អូ​ឡា​ហ្វ សូល (Olaf Scholz) ដែល​តំណាងឱ្យ​សំឡេង​សេដ្ឋកិច្ច​លេចធ្លោ​ជាងគេ​និង​សំឡេង​នយោបាយ​ឈានមុខ​គេ​របស់​សហភាព​អឺរ៉ុប​បាន​ហៅ​ការបោះឆ្នោត​សភា​អង់គ្លេស​ថា​ជា​ថ្ងៃ​ដ៏​ជូរចត់​បំផុត​សម្រាប់​អឺរ៉ុប​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី​ថេ​រ៉េ​សា មេ និយាយ​នៅក្នុង​សភា​នៅ​មុនពេល​បោះឆ្នោត​ដើម្បី​គាំទ្រ​ឬ​បដិសេធ​កិច្ចព្រមព្រៀង​ស្តីពី Brexit កាលពី​ថ្ងៃទី ១៥ មករា