សភា​អនុម័ត​កិច្ចព្រមព្រៀង​ព្រំដែន​, ត្រាំ​នឹង​ចុះហត្ថលេខា​និង​ប្រកាស​ស្ថានភាព​គ្រា​អាសន្ន​

366
ចែករម្លែក
  • 85
    Shares

​សភា​បាន​អនុម័ត​ការសម្របសម្រួល​អំពី​សន្តិសុខ​ព្រំដែន​មួយ​កាលពី​យប់​ថ្ងៃ​ព្រហហ​ស្ប​ត៍ទី​១៤​កុម្ភៈ ដែល​នឹង​បញ្ចៀស​ការបិទ​រដ្ឋាភិបាល​លើក​ទី​២ តែ​វា​បង្ក​អោយ​មាន​ការ​​ប្រឈម​មុខ​ដ៏​ធំ​មួយ​នៅពេល​នេះ​អំពី​ផែនការ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដើម្បី​កន្លង​អំណាច​សភា​និង​ប្រកាស​ស្ថានភាព​គ្រាអាសន្ន​ជាតិ​មួយ​ដើម្បី​យក​ប្រាក់​រាប់​ពាន់​លាន​​ពី​ហិប​ប្រាក់​សហព័ន្ធ​ទៅ​សាងសង់​របង​ព្រំដែន​ជាប់​ម៉ិក​ស៊ិច​តាម​បំណង​របស់​លោក​។​

​លុយ​សង់​របង​នៅក្នុង​ពង្រាង​ច្បាប់​នេះ មាន​ចំនួន​ប្រមាណ​១,៤​ពាន់​លាន​ដុល្លារ​នៅ​ទាប​ឆ្ងាយ​ពី​ចំនួន​៥,៧​ពាន់​លាន​ដែល​ត្រាំ​ចចេស​ទាមទារ​អោយ​ទាល់តែ​បាន​។​សេត​វិមាន​​បាន​និយាយថា​លោក​ត្រាំ​នឹង​ចុះហត្ថលេខា​លើ​ច្បាប់​នេះ តែ​បន្ទាប់​មក​លោក​នឹង​ចាត់ការ​ដោយ​ខ្លួនឯង​គឺ អនុម័ត​ប្រាក់​ដែល​នៅ​សេសសល់ ដើម្បី​បាន​ប្រាក់​គ្រប់​ចំនួន​ដែល​លោក​ចង់​បាន​។​

​ព្រឹទ្ធសភា​បានអនុម័ត​ពង្រាង​ច្បាប់​នេះ​ជាមួយ​សម្លេង​៨៣​គាំទ្រ និង​១៦​ប្រឆាំង កាលពី​យប់​ថ្ងៃ​ព្រហស្បត៍ ហើយ​លោក​ត្រាំ​នឹង​ចុះហត្ថលេខា​នៅ​ថ្ងៃ​សុក្រ​។​

​ពួក​សមាជិក​សភា​បាន​ធូរទ្រូង​ដោយ​កិច្ចព្រមព្រៀង​នេះ​បាន​បញ្ចៀស​ការបិទ​បណ្តា​ទីភ្នាក់ងារ​សហព័ន្ធ​សាជាថ្មី នៅ​ពេល​តែ​៣​សប្តាហ៍​ក្រោយពី​ការបិទ​រដ្ឋាភិបាល​មួយ​ផ្នែក​អស់​ពេល​៣៥​ថ្ងៃ​ដែល​បាន​បង្ក​ការមិនសប្បាយចិត្ត​ពី​សាធារណជន​។​តែ​ពេល​ប្រកាស​ថា​លោក​ត្រាំ​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ លេខា​ព័ត៌មាន​សេត​វិមាន សា​រ៉ា ស៊ែ​ន​ឌ័​រ ក៏​​បាន​និយាយថា លោក​ប្រធានាធិបតី​ក៏​នឹង​«​ចាត់វិធានការ​ប្រតិបត្តិ​ផ្សេងៗ រួម​មាន​ការប្រកាស​ស្ថានភាព​គ្រាអាសន្ន​ជាតិ​មួយ​» ដែលនាំអោយ​មាន​ការ​ថ្កោលទោស​ពី​ពួក​ប្រជា​​ធិបតេយ្យ​ភ្លាមៗ និង​ការ​គំរាម​ប្តឹង​ពី​បណ្តា​រដ្ឋ ដែល​ប្រឈម​នឹង​ការបាត់បង់​ប្រាក់​សហព័ន្ធ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​គ្នា​មិន​ធម្មតា​មួយ ប្រធាន​សភា​លោក​ស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី និង​មេដឹកនាំ​សម្លេង​ភាគតិច​ព្រឹទ្ធសភា ឈុក ស៊ូមឺ បាន​និយាយថា ការប្រកាស​ស្ថានភាព​​គ្រាអាសន្ន​ណាមួយ​នឹង​ជា​«​អំពើ​ខុសច្បាប់ ការរំលោភ​ទាំង​កំរោល​លើ​អំណាច​ប្រធានាធិបតី​និង​ជា​ការប៉ុនប៉ង​មួយ​ដើម្បី​ទាញ​ការចាប់អារម្មណ៍​ពី​«​បរាជ័យ​របស់​ត្រាំ​ដើម្បី​បង្ខំ​អោយ​​ម៉ិក​ស៊ិច​បង់ប្រាក់​សង់​របង​ព្រំដែន ដូចដែល​លោក​បាន​សន្យា​រាប់​ឆ្នាំ​មកហើយ​»​។​

​មេដឹកនាំ​សភា​ទាំងពីរ​ក៏​បាន​បញ្ជាក់ថា «​សភា​នឹង​ការពារ​អំណាច​រដ្ឋធម្មនុញ្ញ​» តែ​ពួកគេ​បដិសេធ​មិន​និយាយ​ថា​តើ​នេះ​មានន័យថា នឹង​មាន​បណ្តឹង ឬ​ការ​បោះឆ្នោត​លើ​សេចក្តី​​សំរេច​ចិត្ត​មួយ​ដើម្បី​រារាំង​កុំអោយ​លោក​ត្រាំ​យក​លុយ​រដ្ឋ​ទៅ​សង់​របង​នេះ​ឬ​យ៉ាងណា​។​

​អគ្គ​រដ្ឋអាជ្ញា​ក្នុង​រដ្ឋ​ជា​ច្រើន​និយាយ​ថា ពួកគេ​នឹង​ប្តឹង​ដើម្បី​រារាំង​ត្រាំ ហើយ​អភិបាលរដ្ឋ​ព័រ​តូ​រីកូ បាន​និយាយថា​«​យើង​នឹង​ជួប​គ្នា​នៅ​តុលាការ​» បើ​ត្រាំ​ហ៊ាន​តែ​ប្រកាស​ស្ថានភាព​​គ្រា​អាសន្ន​៕​ដោយ​៖​វាសនា​

ត្រាំ​នឹង​ចុះហត្ថលេខា​លើ​ក​កិច្ចព្រមព្រៀង​ផ្តល់​ថវិកា​សង់​របង​នៅ​ថ្ងៃ​សុក្រ តែ​បន្ទាប់​មក​គេ​រំពឹងថា​លោក​នឹង​ប្រកាស​ស្ថានភាព​គ្រាអាសន្ន​មួយ​ដែល​អាច​អនុញ្ញាត​អោយ​លោក​​យក​លុយ​ពី​ហិប​ប្រាក់​សហព័ន្ធ​ទៅ​បង្គ្រប់​ទឹកប្រាក់​ដែល​លោក​ចង់​បាន​ង​៥​ពាន់​លាន​ដុល្លារ​

#