សភា​អាមេរិក​ព្រមាន​ថា ១៧​ឆ្នាំ​ទៀត​យោធា​ចិន​ទាត់​អាម​រិ​ក​ចេញពី​អាស៊ី​

1191

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនត្រូវបានព្រមានថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងស្ថិតក្នុងទីតាំងប្រយុទ្ធជាមួយអាមេរិកទាំងនៅលើដី អាកាសនិងក្នុងសមុទ្រ ហើយឈ្នះក្នុងរង្វង់១៧ឆ្នាំខាងមុខ។

យន្តហោះបំបាំងកាយធុនJ-20 របស់ចិនទើបបង្ហាញសមត្ថភាពអស្ចារ្យក្នុងពិព័រណ៍អាកាសចរណ៍ចិនឆ្នាំ២០១៨

របាយការណ៍មួយមកពីគណៈកម្មការយុទ្ធសាស្រ្តការពារជាតិអាមេរិកនិយាយថា« បើអាមេរិកគិតតែជាប់ប្រយុទ្ធនឹងរុស្ស៊ីនៅក្នុងសង្រ្គាមតំបន់បាល់ទិកណាមួយ ឬជាមួយចិនដោយសារបញ្ហាតៃវ៉ាន់ នោះអាមេរិកអាចប្រឈមនឹងបរាជ័យយោធាមួយ»។

គណៈកម្មការនេះនិយាយថា អាមេរិកបានចាញ់ប្រៀបយោធារួចជាស្រេចហើយនិងរំពឹងថាចិននឹងស្ថិតក្នុងទីតាំងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបណ្តេញអាមេរិកចេញពីអាស៊ីនៅរង្វង់១៧ឆ្នាំខាងមុខ យ៉ាងយូរត្រឹមឆ្នាំ២០៣៥។

របាយការណ៍ប្រចាំឆ្នាំចេញកាលពីថ្ងៃ១៥វិច្ឆិកា ព្រមានថាចិនមានសមត្ថភាពរួចហើយក្នុងការប្រជែងជាមួយកងកម្លាំងអាមេរិកនៅលើដី សមុទ្រនិងក្នុងអាកាសក្នុងកម្រងកោះទី២ គិតត្រឹមជប៉ុននៅភាគខាងជើង កោះហ្កាំនៅខាងកើតនិង ប៉ាឡោតូនៅភាគខាងត្បូង។«នៅពេលទំនើបកម្មយោធាមានការចំរើនទៅមុខ និងរដ្ឋាភិបាលក្រុងប៉េកាំងមានជំនឿលើកងទ័ពរំដោះប្រជាជន គ្រោះថ្នាក់នឹងកើនឡើងដោយកម្លាំងទប់ស្កាត់នឹងបរាជ័យហើយចិននឹងប្រើកម្លាំងសំរាប់អនុត្តរភាពតំបន់»។

ទោះជារបាយការណ៍មិនប្រកាសថាចិនជាគូប្រជែង ដែលមានន័យថាចិនមានកម្លាំងស្មើអាមេរិកខាងយោធា វាព្រមានថា«កម្រងកោះទី១» ដែលរួមមានសមុទ្រចិនខាងត្បូងនិងបណ្តាបន្ទាយនៅតាមកោះសិប្បនិម្មិត ស្ថិតក្នុងកណ្តាប់ដៃចិនរួចបាត់ទៅហើយ។

ត្រង់ចំណុចនេះ យោធាអាមេរិកចាញ់ប្រៀបក្នុងការប្រយុទ្ធនៅក្នុងតំបន់ដែលមានដាក់យោធាក្រាស់ក្រែល តំបន់ដែលហ៊ុំព័ទ្ធដោយសព្វាវុធប្រឆាំងការជ្រៀតចូល ដូចជាសមុទ្របាល់ទិក សមុទ្រខ្មៅ​និងសមុទ្រចិនខាងត្បូង។

របាយការណ៍បានបន្ថែមថា« លទ្ធភាពរបស់អាមេរិកក្នុងការការពារសម្ពន្ធមិត្ត ដៃគូរបស់ខ្លួន ព្រមទាំងផលប្រយោជន៍សំខាន់ជាអាយុជីវិតរបស់ខ្លួន កាន់តែស្ថិតក្នុងភាពមានមន្ទិល។បើប្រជាជាតិនេះមិនអាចធ្វើសកម្មភាពភ្លាមៗដើម្បីដោះស្រាយកាលៈទេសៈទាំងនេះ ផលវិបាកនឹងធ្ងន់ធ្ងរនិងជានិរន្ត។អាមេរិកអាចចាញ់សង្រ្គាមនៅក្នុងការប្រយុទ្ធ»។

ភាពជឿនលឿនយ៉ាងគំហុកខាងបច្ចេកវិទ្យារបស់ចិន ដូចជាអ៊ិនធឺណិត អវកាសនិងបច្ចេកវិទ្យាលឿនជាងសម្លេងក៏ជួយអោយមានប្រៀបនៅក្នុងសមរភូមិសំខាន់ៗ។

របាយការណ៍អាមេរិកនេះក៏បាននិយាយថា ចិនបានវិនិយោគក្រាស់ក្រែលលើការធ្វើបច្ចុប្បន្នភាពសព្វាវុធនៅគ្រប់ផ្នែក រួមមានដ្រូនមុជទឹក យន្តហោះចុះទឹកបាន យន្តហោះទម្លាក់គ្រាប់អាចគេចពីរ៉ាដា កាំជ្រួចលឿនជាងសម្លេងនិងកាំភ្លើងធំព្រមទាំងសង់បន្ទាយតាមកោះសិប្បនិម្មិត។កងកម្លាំងគាំទ្រយុទ្ធសាស្រ្តថ្មីរបស់ចិនមានសមត្ថភាពរារាំងការប្រើសង្រ្គាមអវកាស អ៊ិនធឺណិតនិងរលកសញ្ញានៅក្នុងតំបន់៕ដោយ៖វាសនា

កាលពីខែមុន ប្រធានាធិបតីចិន ស៊ី ជីនពីង បានព្រមានថា យោធារបស់លោកនឹងផ្តោតលើការត្រៀមប្រយុទ្ធក្នុងសង្រ្គាមណាមួយ