សភា​អាម៉េរិក​ក៏​កំពុង​ខ្នះខ្នែង​រារាំង​ការលក់​អាវុធ​របស់​ត្រាំ​ឱ្យទៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ដែរ​

499
ចែករម្លែក

សមាជិកសភា​តំណាងរាស្ដ្រ​អាម៉េរិក​បាន​ណែនាំ​នូវ​វិធានការ​របស់​បក្ស​ទាំងពីរ​កាលពី​ថ្ងៃ​ពុធ​ទី​១២​មិថុនា​ ដើម្បី​រារាំង​ការលក់​អាវុធ​របស់លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​ ឱ្យទៅ​អា​រ៉ា​ប៊ី​សា​អូឌីត បន្ទាប់ពី​រដ្ឋបាល​រប​ស់លោក​បានប្រកាសថា ខ្លួន​បាន​រំលង​សភា​ដើម្បី​ផ្ទេរ​អាវុធ​ទៅ​អា​រ៉ា​ប៊ី​សា​អូឌីត​និង​សម្ព័ន្ធមិត្ត​ដទៃទៀត​។​

​ការ​រុញច្រាន​របស់​សភា​ជាន់​ទាប​ប្រឆាំងនឹង​សេត​វិមាន​បានកើត​ឡើង​មួយ​សប្តាហ៍​បន្ទាប់ពី​សមា​ជិ​ក​ព្រឹទ្ធសភា​អាម៉េរិក​នៅ​ទូទាំង​វិសាលភាព​នយោបាយ​អាម៉េរិក​ក៏បាន​រារាំង​ការលក់​ចេញ​អាវុធ​តម្លៃ ៨,១ ពាន់​លាន​ដុល្លារ​ផងដែរ​។​

​រដ្ឋបាល​ត្រាំ​បាន​មើលរំលង​រដ្ឋសភា​ដោយ​ប្រកាស​កាលពី​ខែ​មុន​ថា​ខ្លួន​នឹង​ប្រើប្រាស់​អំណាច​គ្រាអាសន្ន​ដើម្បី​ប្រឆាំងនឹង​សភា​និង​ផ្តល់​គ្រាប់បែក យន្តហោះ​ចម្បាំង ការថែទាំ និង​យោ​ធូប​ករ​ណ៍ដ​ទៃទៀត​ទៅកាន់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត អារ៉ាប់​រួម​អេ​មី​រ៉ា​ត និង​ហ្ស៊​កដា​នី​។​

​សេត​វិមាន​បាន​លើកឡើងថា ការគំរាមកំហែង​ខ្លាំង​ឡើង​ពី​អ៊ីរ៉ង់​គឺជា​ហេតុផល​ចម្បង​ក្នុងការ​ចៀសវាង​ការពិនិត្យ​ឡើងវិញ​នូវ​សេចក្តីសម្រេចចិត្ត​លេខ​២២​ស្តីពី​ការផ្ទេរ​អាវុធ ដោយ​និយាយថា ការផ្អាក​ការលក់​អាវុធ​ដោយ​សភា​អាច​ប៉ះពាល់​ដល់​សមត្ថភាព​ប្រតិបត្តិការ​របស់​សម្ព័ន្ធ​មិត្ត​អារ៉ាប់​។​

​ប៉ុន្តែ​សមាជិកសភា​នៅតែ​ខឹង​នឹង​នគរ​មួយ​នេះ គឺ​៨ ខែ​ហើយ​បន្ទាប់ពី​ឃាតកម្ម​លើ​អ្នកសារព័ត៌មាន​ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត លោក​ចា​ម៉ា​ល់ ខា​សូក​ជី ដែលជា​អ្នករស់នៅ​អាម៉េរិក​ម្នាក់ ដែល​បាន​សរសេរ​អត្ថបទ​រិះគន់​ខ្លាំងៗ​លើ​ព្រះអង្គម្ចាស់​អា​រ៉ា​ប៊ី​សា​អូឌីត គឺ​ទ្រង់​ម៉ូ​ហា​ម៉េ​ត ប៊ី​ន សាល់​ម៉ាន់ និង​ត្រូវបាន​សម្លាប់​នៅក្នុង​ប្រទេស​តួ​ក​គី​ដោយ​ភ្នាក់ងារ​ចារកម្ម​របស់​រដ្ឋាភិបាល​ក្រុង​រី​យ៉ា​ត​។​

​ក្រុម​សមាជិកសភា​រួមទាំង​អ្នក​ស្មោះត្រង់​នឹង​លោក​ត្រាំ​បាន​សម្តែង​ការព្រួយបារម្ភ​ថា អាវុធ​អាម៉េរិក​អាច​ត្រូវបាន​ប្រើប្រាស់​ប្រឆាំងនឹង​ជន​ស៊ីវិល​នៅ​យេ​ម៉ែន​ដោយ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ចូលរួម​ក្នុង​សង្គ្រាម​ដ៏​ឃោរឃៅ​នៅ​ទីនោះ​៕ ដោយ៖ កញ្ញាដាលីស/Ha

ក្រុម​សមាជិកសភា​ទាំងពីរ​បក្ស​កំពុង​ខ្នះខ្នែង​រារាំង​ការលក់​អាវុធ​របស់​ត្រាំ​ឱ្យទៅ​អា​រ៉ា​ប៊ី​សា​អូឌីត