សភា​អាម៉េរិក​បោះឆ្នោត​ថ្កោលទោស “​សម្តី​ប្រកាន់ពូជសាសន៍​” របស់​ត្រាំ​

503
ចែករម្លែក

​សភាតំណាងរាស្ត្រ​អាម៉េរិក ​បាន​ថ្កោលទោស​ជា​ផ្លូវការ​លើ​លោក​ដូ​ណា​ល់ ត្រាំ​កាលពី​ថ្ងៃ​អង្គារ​ទី​១៦​កក្កដា​ ចំពោះ​ការវាយប្រហារ​រើស​អើងជាតិ​សាសន៍​ទៅលើ​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​ចំនួន ៤ រូប​និង​ការប្រើ​ភាសា​អរិភាព​សំដៅលើ​ជនអន្តោប្រវេសន៍ ខណៈដែល​លោក​ប្រធានាធិបតី​បាន​ជំរុញ​ច្រាន​ទៅវិញ​ចំពោះ​ការចោទប្រកាន់​អំពី​ការរើសអើង​ជាតិ​សាសន៍​។​

​ពួក​អ្នកដឹកនាំ​កំពូល​របស់​គណបក្ស​សាធារណរដ្ឋ​​ បាន​ប្រមូលផ្តុំ​នៅ​ជុំវិញ​លោក​ត្រាំ ប៉ុន្តែ​សមាជិក ៤ នាក់​នៃ​គណបក្ស​របស់លោក​ប្រធានាធិបតី​បាន​បោះឆ្នោត​ជាមួយ​សមាជិកសភា​គណ​បក្ស​ប្រជាធិបតេយ្យ ២៣៥ រូប​ដើម្បី​ថ្កោលទោស​រូបគាត់​ចំពោះ “​ការប្រើ​ភាសា​ប្រកាន់​ជាតិ​សាសន៍ ដែល​បានធ្វើ​ស្របច្បាប់​និង​បង្កើន​ការភ័យខ្លាច​និង​ការ​ស្អប់​ជនជាតិ​អាម៉េរិក​ចំណូល​ថ្មី​និង​មនុស្ស​គ្រប់​ពណ៌​សម្បុរ​”​។​

​អ្នកតាក់តែង​ច្បាប់​ឯករាជ្យ​ម្នាក់​ក៏បាន​គាំទ្រ​វិធានការ​នេះ​ផងដែរ ដោយ​សំដៅលើ​សារ Twitter របស់លោក​ត្រាំ ​កាលពី​ថ្ងៃអាទិត្យ ដែល​ប្រាប់​ឱ្យ​ក្រុម​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​ថ្មីថ្មោង​ដែលមាន​ពណ៌​សម្បុរ​ចម្រុះ “​ត្រឡប់​” ទៅ​រស់នៅ​ប្រទេស​កំណើត​របស់​ពួកគេ​។​

​សេចក្តីសម្រេច​របស់​ស​ភា​ក៏​រិះគន់​លោក​ប្រធានាធិបតី​ផងដែរ​ចំពោះ​ការនិយាយ​សំដៅទៅ​ជនអន្តោប្រវេសន៍​និង​ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន​ថា​ជា “​ពួក​ឈ្លានពាន​” ។​

​ត្រាំ​មាន​ប្រវត្តិ​យូរ​មកហើយ​ចំពោះ​ការសង្ស័យ​លើ​ជនជាតិភាគតិច​ដទៃទៀត​ក្នុង​សហរដ្ឋ​អាម៉េរិក ហើយ​សេចក្តីសម្រេច​របស់​សភា​បាន​រិះគន់​គាត់​ចំពោះ “​ការ​និយាយថា​សមាជិក​សភា ដែលជា​ជនអន្តោប្រវេសន៍ (​ឬ​សហការី​របស់​យើង​ដែល​ត្រូវបាន​គេ​សន្ម​តខុស​ថា​ជា​ជនអន្តោប្រវេសន៍​) មិនមែនជា​សមាជិក​នៅ​ក្នុង​សភា ឬ​នៅ​សហរដ្ឋ​អាម៉េរិក​ទេ​”​។​

​គណបក្ស​ប្រជាធិបតេយ្យ​កាន់កាប់​សំឡេង​ភាគច្រើន​នៅក្នុង​សភា​ដែលមាន​សមាជិក ៤៣៥ រូប ប៉ុន្តែ​មាន​សំឡេង​ចាញ់​គណបក្ស​សាធារណរដ្ឋ​ដាច់​នៅក្នុង​ព្រឹទ្ធសភា កន្លែង​ដែល​សេចក្តីសម្រេច​របស់​សភា​ទំនង​មិនមាន​អ្នកណា​យកមក​គិតគូរ​ទេ​។​

​សមាជិកសភា​ស្រី​ទាំង​បួនរូប ដែលមាន​ម្នាក់​គត់​កើត​នៅក្រៅ​សហរដ្ឋ​អាម៉េរិក គឺជា​ជន​អាម៉េរិក​ជាប់សាច់​ឈាម​អេ​ស្ប៉ា​ញ អារ៉ាប់ សូ​ម៉ាលី និង អាហ្វ្រិក​។​

​លោក​ត្រាំ​បាន​សរសេរ​នៅលើ Twitter កាលពី​ថ្ងៃ​អង្គា​រថា “​ប្រទេស​របស់​យើង​គឺជា​ប្រទេស​សេរី មាន​ភាពស្រស់​បំព្រង និង មាន​ភាពជោគជ័យ​ណាស់​។ ប្រសិនបើ​អ្នក​ស្អប់​ប្រទេស​របស់​យើង​ឬ​ប្រសិនបើ​អ្នក​មិន​សប្បាយចិត្ត​នៅទីនេះ អ្នក​អាច​ចាកចេញ​បាន​!”​។

​ពួក​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​បាន​រិះគន់​សម្តី​របស់លោក​ត្រាំ​និង​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ជុំវិញ​សមាជិកសភា​ស្រី​ទាំង​បួន​រូបនោះ រួមមាន អា​ឡិច​សាន់​ឌ្រី​យ៉ា អូ​កាស៊ី​អូខ​ត​ថេ​ស​, រ៉ាស៊ី​ដា ថា​លី​ប​, អា​យ៉ាន​ណា ប្រេ​ស​ស្លី និង អ៊ី​ល​ហាន អូ​ម៉ា​។​

​នាង​អូ​ម៉ា​ គឺជា​សមាជិកសភា​អាម៉េរិក​តែមួយគត់​ដែល​កើត​ក្រៅ​សហរដ្ឋ​អាម៉េរិក​។​

​ដោយ​រិះគន់ “​ការបោះឆ្នោត​សភា​” ថា​ជា “​ល្បែង​ដាក់​អន្ទាក់​របស់​បក្ស​ប្រជាធិបតេយ្យ​” លោក​ត្រាំ​បាន​ជំរុញ​សមាជិក​គណបក្ស​សាធារណរដ្ឋ​កុំឱ្យ “​បង្ហាញ​” ភាពទន់ខ្សោយ និងធ្លាក់​ចូលក្នុង​អន្ទាក់​របស់​ពួកគេ​។​

​លោក​ត្រាំ​និយាយថា “​ធ្វី​ត (Tweet) ទាំងនោះ​មិនមែនជា​ការរើសអើង​ជាតិ​សាសន៍​ទេ​។ ខ្ញុំ​ពុំមាន​ឆ្អឹង​ប្រកាន់​ពូជ​សាន៍​នៅក្នុង​ខ្លួន​របស់ខ្ញុំ​ទេ​!”៕ ដោយ៖ កញ្ញាដាលីស/Ha

រាប់​ពីឆ្វេង​ទៅ​ស្តាំ ៖ សមាជិកសភា​អាម៉េរិក អ៊ី​ល​ហាន អូ​ម៉ា​, អា​ឡិច​សាន់​ឌ្រី​យ៉ា អូ​កាស៊ី​អូខ​ត​ថេ​ស​, រ៉ាស៊ី​ដា ថា​លី​ប និង អា​យ៉ាន​ណា ប្រេ​ស​ស្លី
លោក​ត្រាំ​បន្ត​វាយប្រហារ​លើ​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​ទាំង​បួន​រូបនេះ ខណៈ​ច្រានចោល​ការចោទប្រកាន់​អំពី​ការរើសអើង​ជាតិ​សាសន៍