សមណ​និស្សិត​-​និស្សិត​ព្រះ​សីហមុនី​រាជា​ជិត​១៥០​នាក់​ការពារ​សា​រណា​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​

418
ចែករម្លែក
  • 21
    Shares

ដោយ បូ​រិ​ន​/​ភ្នំពេញ​៖ ពុទ្ធិក​សាកលវិទ្យាល័យ ព្រះ​សីហមុនី​រាជា បាន​បើក​ឱ្យ សមណ​និស្សិត​-​និស្សិត ចំនួន​១៤៩ រូប ដំណើរ​នៃ​ការការពារ​សារ​ណា បញ្ចប់​ថ្នាក់​សម្រាប់​ឆ្នាំ​សិក្សា ២០១៨-២០១៩ លើ​ឯកទេស នីតិសាស្ត្រ អក្សរសាស្ត្រ និង​គ្រប់គ្រង​ទូទៅ ថ្នាក់​បរិញ្ញាបត្រ​។

ក្រោម​ព្រះរាជ​វត្តមាន សម្តេច ព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិ​តិ្ត​ឧទ្ទេស​បណ្ឌិត បួរ គ្រី សម្តេចព្រះ​មហាសង្ឃរាជ នៃ​គណធម្មយុត្តិកនិកាយ និង ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ធម្មការ និង​សាសនា​។​

​នៅក្នុង​ពិធី​បើក​ឱ្យ​ដំណើរការ នៃ​ការការពា​សារ​ណា កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩ នេះ លោក នួ​ង ស្តេច​ភក្តី សាកលវិទ្យាធិការរង នៃ​សាកលវិទ្យាល័យ ព្រះ​សីហមុនី​រាជា បាន​មានប្រសាសន៍​ឱ្យដឹងថា សមណ​និស្សិត​-​និស្សិត ដែល​ត្រូវការពារ​នៅពេលនេះ មាន ១៤៩ រូប ។​

ក្នុងនោះ​មកពី ពុទ្ធិកមហាវិទ្យាល័យ​បាលី​សំស្ក្រឹត នឹង ភាសារ​បរទេស ឯកទេស​អក្សរសាស្ត្រ​អង់គ្លេស​ចំនួន ៣៤​រូប ពុទ្ធិកមហាវិទ្យាល័យ ទស្សនវិជ្ជា សាសនា និង​នីតិសាស្ត្រ ឯកទេស នីតិសាស្ត្រ​១០៥ រូប និង​ពុទ្ធិកមហាវិទ្យាល័យ វិទ្យាសាស្ត្រ​អប់រំ និង​អក្សរសាស្ត្រ ឯកទេស គ្រប់គ្រង​ទូទៅ​ចំនួន​១០​រូប​។​

​លោក​បន្តថា ការទទួលបាន​ជោគជ័យ ឈានដល់​ការការពា​សា​រណា​បាន​ដូច​ថ្ងៃនេះ ក៏ដោយ​សារ​កិច្ចខិតខំ​ប្រឹងប្រែង សិក្សា​រៀនសូត្រ និង ស្រាវជ្រាវ របស់​សមណ​និស្សិត​-​និស្សិត​គ្រប់រូប ពិសេស​ដោយមាន​ការយ​ក​ព្រះទ័យ និង ចិត្ត​ទុកដាក់​ពី​ថ្នាក់ដឹកនាំ គ្រប់​ស្រទាប់ ក្នុង​ការជួយ​សម្រួល​ដ​ល់​កិច្ចការងារ ទាំង​បច្ចេកទេស ស្មារតី ផ្លូវច្បាប់ និង​សម្ភារៈ​ផ្សេងៗ​ទៀត​។​

​លោក​សាកលវិទ្យាធិការ​រង​បញ្ជាក់ថា សាកលវិទ្យាល័យ ព្រះ​សីហមុនី​រាជា បាននិងកំពុង​ដំណើរកា​រលើ ឯកទេស​ចំនួន​៦ រួមមាន​៖ វិទ្យាសាស្ត្រ​អប់រំ ទស្សនវិជ្ជា និង​សាសនា នីតិសាស្ត្រ អក្សរសាស្ត្រ​អង់គ្លេស គ្រប់គ្រង​ទូទៅ និង​ព័ត៌មានវិទ្យា ហើយក៏​កំពុងដំណើរការ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ចំនួន​៦​ទៀត គឺ វិទ្យាសាស្ត្រ​អប់រំ ទស្សនវិជ្ជា និង​សាសនា រដ្ឋបាល​សាធារណៈ អក្សរសាស្ត្រ​អង់គ្លេស គ្រប់គ្រង​ទូទៅ និង និតិ​ឯកជន​។​

​នាឱកាស​នោះ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ​អ្នកគ្រូ ដែល​បាន​យកចិត្តទុកដាក់ បង្ហាត់បង្រៀន តាម​និយាម​គរុកោសល្យ និង ស្រាវជ្រាវ រៀវរក​គ្រប់​មធ្យោបាយ ធ្វើឱ្យ​សមណ​និស្សិត​-​និស្សិត​ទទួលបាន​ចំណេះ ជំនាញ ដូច​ពេលនេះ​។​

​លោក រដ្ឋមន្ត្រី​បានបញ្ជាក់​ថា ការការពារ​សារ​ណា បញ្ចប់​បរិញ្ញាបត្រ​នេះ ពិត​ជាមាន​សារសំខាន់ និង​អត្ថន័យ​បំផុត សម្រាប់​សមណ​និស្សិត​-​និស្សិត​គ្រប់រូប ដែល​បាន​ខិតខំ​រៀនសូត្រ​អស់​រយៈពេល​៤​ឆ្នាំ ក្នុងការ​ក្រេប​យកចំណេះ​ដឹង ចំណេះធ្វើ និង​បទពិសោធន៍​ល្អ ពី​ការសិក្សា លើ​គ្រប់​មុខវិជ្ជា ឬ ជំនាញ​ពី​លោកគ្រូ​អ្នកគ្រូ សាស្ត្រាចារ្យ​គ្រប់រូប​។ ថ្ងៃនេះ​ត្រូវ​បញ្ចេញ​ឱ្យអស់​សមត្ថភាព ដែល​ខ្លួន​មាន ដើម្បី​ការពារ​ឱ្យបាន​ល្អ និង​ទទួលបាន​ពិ​ន្ទ​ល្អ​ពី​គណៈមេប្រយោគ​។​

​សូមបញ្ជាក់ថា សាកលវិទ្យាល័យ ព្រះ​សីហមុនី​រាជា បានកើត​ឡើង​នៅ​ឆ្នាំ​២០០៥ គិត​រហូតមក​ដល់ពេលនេះ មាន សមណ​និស្សិត -​និស្សិត បានបញ្ចប់​ការសិក្សា​ចំនួន ៣២១៥​រូប និង​សមណ​និស្សិត​-​និស្សិត កំពុង​សិក្សា​ចំនួន ១៩១៥​រូប ហើយក៏​មាន សមណ​និស្សិត​-​និស្សិត ត្រៀមប្រលង​ចូលរៀន ឆ្នាំ​សិក្សា​មូលដ្ឋាន នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ ចំនួន ៦៧០​រូប​ផងដែរ​៕S/​