សមត្ថកិច្ច​កោះកុង ហាម​លេងល្បែង​ជះ​ទឹក និង​ប៉ាត​ម្សៅ​លើផ្លូវ​សាធារណៈ​អំឡុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​

1286
ចែករម្លែក

ដោយ : សុ​ផានី​តា/​កោះកុង ៖ ក្រុម​សមត្ថកិច្ច និង​អាជ្ញាធរ​ខេត្តកោះកុង បាន​ហាម​ដាច់ខាត​ចំពោះ​យុវជន និង​ពលរដ្ឋ​ដែល​លេងល្បែង​ជះ​ទឹក ឬ​ប៉ាត​ម្សៅ​ដាក់គ្នា​នៅតាម​ដងផ្លូវ​សាធារណៈ​អំឡុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ នាពេល​ខាងមុខនេះ​។ ការហាម​ប្រាម​របស់​អា​ជ្ញា​ធរ និង​សមត្ថកិច្ច​យ៉ាង​ដូច្នេះ គឺ​ក្នុងន័យ​ដើម្បី​ថែរក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ចៀសវាង​ការបង្ក​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​កើតមានឡើង​។​

​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ រយៈពេល​៣​ថ្ងៃ អាជ្ញាធរខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ចេញមុខ​ហាមឃាត់​ដាច់ខាត​មិនអោយ​មានការ​លេងល្បែង​ជះ គប់​ស្បោង​ទឹក ប៉ាត​ម្សៅ ឬ​ជិះ​ម៉ូតូ​បង្ហោះ​ប្រដេញ​គ្នា​តាម​ដងផ្លូវ​សាធារណៈ ដែល​កត្តា​ទាំងនេះ​នាំឱ្យ​កើតមាន​គ្រោះថ្នាក់​ផ្សេងៗ​ជាយ​ថា ដោយ​សប្បាយ​ក្លាយជា​ទុក្ខសោក​។​

​ឧ​ត្ត​ម​សេនីយ៍​ទោ សំ​ឃិត វៀន ស្នងការ​នគរបាល​ខេត្តកោះកុង បានឱ្យដឹង​នៅ​ថ្ងៃទី​១១ មេសា ថា សមត្ថកិច្ច​មិន​អនុញ្ញាត​ឱ្យមាន​ការលេង​ល្បែង​ប្រឈម​នឹង​គ្រោះថ្នាក់​ខាងលើ​នេះឡើយ ព្រោះ​ល្បែង​នេះ​ពុំមែន​ជា​ល្បែង​ប្រជាប្រិយ​សប្បាយ​រីក​រា​អំណ​ឆ្នាំ​ថ្មី​ទេ​។

​ស្នងការ​នគរបាល​ខេត្តកោះកុង ពន្យល់ថា ជួនកាល អ្នកលេង​ទៅ​ជ្រុល​ហួសហេតុ នាំឱ្យ​អ្នកបើករ​តាមផ្លូវ​ដែល​គេ​មិន​ចង់​លេង​ជាមួយ​អាច​គេច ឬ​ជ្រុល​ចង្កូត​ទៅបុក​គ្នា​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​ជាដើម​។​ករណី​បើ​ក្រុមយុវជន និង​ពលរដ្ឋ​ណា​នៅតែ​លេងល្បែង​ដែល​អាជ្ញាធរ​ហាមឃាត់​ទៀត គឺ​សមត្ថកិច្ច​នឹងមាន​វិធានការ​ទៅលើ​ពួកគេ​ភ្លាមៗ យោងតាម​បទល្មើស​ជាក់ស្តែង​។

​គួរ​កត់សម្គាល់ថា ការហាម​ប្រាម​របស់​អា​ជ្ញា​ធរ សមត្ថកិច្ច ក្នុងន័យ​ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍ ចៀសវាង​កើតមាន​គ្រោះថ្នាក់​ណាមួយ​កើតមានឡើង​។​សម្រាប់​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ទេ ពោលគឺ​យុវជន​ទាំងអស់ គួរ​នាំគ្នា​លេង​របាំ​ប្រជាប្រិយ​ខ្មែរ​ដែល​ដូនតា​បន្សល់​ទុកអោយ​។​

​បន្ថែម​ពីលើ​លោកស្នងការ​នគរបាល លោក ឈេ​ង សុវណ្ណ​ដា អភិបាលក្រុង​ខេមរភូមិន្ទ ថ្លែងថា អាជ្ញាធរ ក្រុង​និង​សមត្ថកិច្ច​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ ចាំបាច់​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការប្រុងប្រយ័ត្ន​ខ្ពស់​គ្រោះ​អគ្គិភ័យ ដោយ​ត្រូវមាន​ភាពម្ចាស់ការ​លើ​ខ្លួនឯង​ពេល​ដុត​ភ្លើងទៀន ធូប ចង្ក្រាន​ដាំ​ស្ល និង​ទុកដាក់​គ្រឿង​ឆេះ​ផ្សេងៗ​អោយ​ល្អ​ត្រឹមត្រូវ ដើម្បី​រក្សា​សម្បត្តិ អាយុជីវិត​ផ្ទាល់ និង​អ្នក​ដ៏​ទៃ​។​

​អភិបាលក្រុង​ខេមរភូមិន្ទ ក៏​ស្នើ​ដល់​សណ្ឋាគារ ផ្ទះសំណាក់ និង​ហាង​បម្រើការ​សេវាកម្ម​ហូបចុក កម្សាន្ត​ទាំងអស់ កុំ​មានការ​ឡើងថ្លៃ​អំឡុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ខុស​ប្រក្រតី ដែលជា​ហេតុនាំឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​។​

​សម្រាប់​ខេត្តកោះកុង​ឆ្នាំនេះ មាន​រៀបចំ​ប្រព្រឹត្ត​ការណ៍​កោះកុង​សង្ក្រាន្ត​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជាង​ឆ្នាំទៅ ដោយមាន​ទីតាំង​លេង​កម្សាន្ត​ចំនួន​៣​កន្លែង ទី​១ តំបន់​លេងល្បែង​ប្រជាប្រិយ​នៅមុខ​អតីត​សាលាខេត្ត​ចាស់ ទី​២ តំបន់ឆ្នេរ​សមុទ្រ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា និង​ទី​៣​តំបន់​នៅ​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ពាម​ក្រសោប​៕B

ការតុបតែងដើម្បីត្រៀមរៀបចំសង្រ្កាន្ដកោះកុង
ការលេងគប់ទឹកនិងប៉ាតម្សៅនាពេលកន្លងទៅ