សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​ស្រុក​សំបូរ​

586
ចែករម្លែក

ដោយ​ ៖ ​សេង​ឃួន​ / ​ខេត្តក្រចេះ​ ៖​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បានបង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់​នៅតាម​ផ្លូវលំ​ស្ថិតក្នុង​ភូមិ​អូរ​លាវ ឃុំ​អូរ​គ្រៀង​ ស្រុក​សំបូរ ​ខេត្តក្រចេះ​ កាលពី​ល្ងាច​ថ្ងៃទី​២៦ ​ខែមិថុនា ​ឆ្នាំ​២០១៨​។​

​លោក​គង់ ស៊ីដន ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​ បាន​ប្រាប់​ឲ្យ​ដឹងថា ​កម្លាំង​របស់លោក​ស​ហ​ការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ដោយមាន​ការអនុញ្ញាត​ពី លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្ត និង​លោក កែវ សុជាតិ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តក្រចេះ​បើក​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់​នឹង​ដកហូត​បាន​គ្រឿងញៀន​ជាច្រើន​។​

លោក​បាន​បញ្ជាក់ថា​ជន​សង្ស័យ​ទាំងពីរ​នាក់​មានឈ្មោះ​៖១- ឈ្មោះ ស្រុ​ន ពិសី ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ (​ជា​មុខសញ្ញា​ជួញដូរ​យ៉ាងសកម្ម​)២- ឈ្មោះ តូច សុភ័ក្ត្រ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ ។​

​ជនសង្ស័យ​ទាំង​០២ មាន​ទីលំនៅ​ស្ថិត​ក្នុងភូមិ​ខ្សាច់​លាវ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ។ វត្ថុតាង​ចាប់យក​រួមមាន ៖ ក្រាម​ម្សៅ​ពណ៌​ស​ថ្លា ជា​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន ០៤​កញ្ចប់​មធ្យម​នឹង​ម៉ូតូ ចំនួន​០២​គ្រឿង (​ម៉ាក HONDA ZOOMER X ពាក់​ស្លាក​លេខ ក្រចេះ 1D-8475 និង​ម៉ាក HONDA WAVE ចាស់​)​។​

​បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុតាង​កម្លាំង​នគរបាល​គ្រឿងញៀន​ខេត្តក្រចេះ​បាន​យកទៅ​ប្រគល់​ឲ្យ​កម្លាំង​នគរបាល​គ្រឿងញៀន​ខេត្តស្ទឹងត្រែង​ដល់​ស្នងការដ្ឋាន​ដើម្បី​ផ្តុំ​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ៕​B

#