សមត្ថកិច្ច​ឃាត់ខ្លួន​ប្រាំ​នាក់​រឹបអូស​គ្រឿងញៀន​១២​កញ្ចប់​ធំ​តូច

862
ចែករម្លែក

​ដោយ​: បូកគោ / កំពត​: សមត្ថកិច្ច​ជំនាញ​របស់​ស្នងការដ្ឋាន​ខេត្តកំពត សហការ​ជាមួយ​នគរបាល នៃ​អធិការដ្ឋាន​ស្រុក​បន្ទាយមាស បាន​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​ប្រាំ​នាក់​។ ប្រតិបត្តិការ​នេះ ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ភូមិ​ភ្នំ​តូច ឃុំ​ស្ដេច​គង់​ខាងត្បូង និង​ភូមិ​ច្រក​ឃ្លៃ ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ដោយ​រឹបអូស​គ្រឿងញៀន​១២​កញ្ចប់​តូចធំ​។​

​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​ខេត្តកំពត បាន​ប្រាប់​ឱ្យដឹងថា ជនសង្ស័យ​ទាំង​ប្រាំ​នាក់ រួមមាន ១.​ឈ្មោះ យន់ ខ្នា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ​, ២.​ឈ្មោះ យ៉ាង ន​យ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ​, ៣.​ឈ្មោះ ហ៊ាង សារ៉ាត់ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ​, ៤.​ឈ្មោះ ផាន់ ធូ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ​។ ទាំង​បួន​រស់នៅ​ភូមិ​ភ្នំ​តូច ឃុំ​ស្តេច​គង់​ខាងត្បូង ស្រុក​បន្ទាយមាស ខេត្តកំពត​។ ៥. ឈ្មោះ ស៊ឹង មឹ ភេទ​ប្រុស អាយុ ២០ ឆ្នាំ រស់នៅ​ភូមិ​ច្រក​ឃ្លៃ ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត​។​

​ប្រភព​ដដែល​បាន​រៀបរាប់ថា ក្រោយ​ទទួល​ព័ត៌មាន​ពីបទ​សង្ស័យ​មាន​ករណី​ជួញដូរ​គ្រឿងញៀន ក្នុង​ឃុំ​ស្តេច​គង់​ខាងត្បូង និង​ឃុំ​ទូក​មាស​ខាងលិច កាលពី​ម៉ោង​២​រសៀល​ថ្ងៃទី​២០ ខែមិថុនា កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​ខេត្ត សហការ​ជាមួយ​សមត្ថកិច្ច នៃ​អធិការដ្ឋាន​ស្រុក​បន្ទាយមាស​បាន​ចុះ​ដល់​គោលដៅ​ភ្លាមៗ​។ ជា​លទ្ធផល​នៃ​ការឆែកឆេរ សមត្ថកិច្ច​រកឃើញ​គ្រឿងញៀន​ចំនួន​១០​កញ្ចប់​តូច និង​២​កញ្ចប់​ធំ​ទើប​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ប្រាំ​នាក់​តែម្តង​៕