សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​៣​នាក់​ពាក់ព័ន្ធ​ករណី​នាំ​ប្រាក់​៩០​ម៉ឺន​ដុល្លារ​ចូល​កម្ពុជា​

428
ចែករម្លែក

ដោយ​: ស​រិ​ទ្ធ​
​ភ្នំពេញ​:
សមត្ថកិច្ច​នគរបាល​អន្ដោប្រវេសន៍ ប៉ុស្ដិ៍​ច្រកទ្វារ​អន្ដរជាតិ​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩ បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ចំនួន​០៣​នាក់ ក្រោយពី​ពួកគេ​នាំ​លុយ​ចូលមក​ប្រទេស​កម្ពុជា ចំនួន​៩០​ម៉ឺន​ដុល្លារ ដោយ​គ្មាន​ប្រភព​ច្បាស់លាស់​។​

​សមត្ថកិច្ច​បញ្ជាក់ថា ជនជាតិ​ចិន​ដែល​ចាប់ខ្លួន​នោះ​រួមមាន​៖ ទី​១-​ឈ្មោះ Huang Canming អាយុ​២៧​ឆ្នាំ​។ ទី​២-​ឈ្មោះ Yang Yongwei អាយុ​២៦​ឆ្នាំ ពួកគេ​ធ្វើដំណើរ​ចេញពី​ទីក្រុង​ហុងកុង ប្រទេស​ចិន មក​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ តាម​ជើងយន្ដហោះ​លេខ LQ971 និង​៣-​ឈ្មោះ Zizheng Zheng អាយុ​៣២​ឆ្នាំ (​ជា​អ្នក​មក​ចាំ​ទទួល​នៅ​ភ្នំពេញ​)​។​

​សមត្ថកិច្ច​បន្តថា ក្រោយ​ធ្វើការ​ត្រួតពិនិត្យ និង​បាន​រកឃើញ​ក្រដាសប្រាក់​ដែល​ជនសង្ស័យ​ដាក់​ក្នុង​កាបូប​យួរដៃ​ចំនួន​០៣ ដែលមាន​ទឹកប្រាក់​សរុប ៩០​ម៉ឺន​ដុល្លារ ដោយ​អ្នកដំណើរ​មិនបាន​ប្រកាស​ជូនដំណឹង​ដល់​មន្ដ្រី​គយ និង​រដ្ឋាករ លើ​លិខិត​រាយការណ៍​គយ​នោះឡើយ​។ ការនាំ​ចូល​ក្រដាសប្រាក់​ទាំងនេះ​មាន​ចំនួន​ច្រើន មិនមាន​ប្រភព​ច្បាស់លាស់ និង​មិន​បង្ហាញ​ពី​គោលដៅ​ច្បាស់លាស់​របស់​ប្រាក់ ទើប​ការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ បានសម្រេច​ឃាត់ខ្លួន​តែម្ដង​។​

​សូមបញ្ជាក់ថា រយៈពេល​៣​ថ្ងៃនេះ​មន្ត្រី​គយ​បង្ក្រាប​បទល្មើស​នាំ​លុយ​ដុល្លារ​ល្មើសច្បាប់ ចូល​បាន​២​ករណី​ហើយ​។ កាលពី​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៩ បង្ក្រាប​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប ដោយ​ចាប់ខ្លួន​ជនជាតិ​កូរ៉េខាងត្បូង​០២​នាក់ រឹបអូស​យកប្រាក់​ដុល្លារ បាន​ជាង​២​លាន​ដុល្លារ ហើយ​នៅ​ល្ងាច​មិញ​នេះ​ឃាត់​ចិន​៣​នាក់ រឹបអូស​ប្រាក់​៩០​ម៉ឺន​ដុល្លារ​ទៀត​៕ ល​