សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​៤​នាក់​លេងល្បែង​ស៊ីសង​នៅ​ខណ្ឌ​សែន​សុខ

760
ចែករម្លែក

​(​ភ្នំពេញ​)៖​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឆ្មក់​បង្ក្រាប​ទីតាំង​លេងល្បែង​ស៊ីសង​ដោយ​លួចលាក់​មួយកន្លែង ឃាត់ខ្លួន​ស្ត្រីៗ​ចំនួន​៤​នាក់ ជាមួយនឹង​បៀ ចំនួន​២​ហ៊ូរ ព្រមទាំង​លុយកាក់​​ជាច្រើន​ទៀត កាលពី​ម៉ោង​៤​ល្ងាច​ល្ងាច​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ នៅ​ភូមិ​ធុង​កៅស៊ូ​សង្កាត់​ភ្នំពេញ​ថ្មី​។​

​ប៉ូលិស​បាន​ឲ្យ​ដឹងថា ក្រុម​ស្ត្រី​ញៀន​ល្បែង​ទាំង​៤​នាក់​ខាងលើ​នោះ​មានឈ្មោះ ១/ ហេង មាស​​អាយុ​៣៣​ឆ្នាំ គ្មាន​មុខរបរ មាន​ទីលំនៅ​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី​។ ២/ ឈ្មោះ កែវ ស្រី​​វី អាយុ​៣១​ឆ្នាំ គ្មាន​មុខរបរ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ​។ ៣/​ឈ្មោះ ញ៉េ​​ត ស្រី​មួយ អាយុ​២៤​ឆ្នាំ​គ្មាន​មុខរបរ​ស្នាក់នៅ​ផ្ទះជួល ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី​។ ៤/​ឈ្មោះ ហៀ​ង លី​លី អាយុ​២៦​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល នៅ​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី​។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី លោក ដួង វណ្ណៈ នាយប៉ុស្តិ៍​ស្តីទី​បាន​រាយការណ៍​ថា មាន​​ប្រជាជន​បាន​រាយការណ៍​មក​លោ​កថា មាន​ស្ត្រី​ជាច្រើន​នាក់​បាន​កំពុងតែ​លេងល្បែង​ស៊ីសង​ជា​ញឹកញយ​នៅ​ក្នង​ផ្ទះមួយ​កន្លែង លើដី​ឡូត៍​គ្មាន​លេខ នៅ​ភូមិ​ធុង​កៅស៊ូ​។​ក្រោយពេល​ទទួលបាន​​ព័ត៌មាន​នេះ​ភ្លាម លោក​បាន​បញ្ជូន​មនុស្ស​សម្ងាត់​ឲ្យ​ទៅ​ត្រួត​ពិនិត្យមើល ឃើញ​កំពុងតែ​​ប្រព្រឹត្ត​ដូច​គេ​រាយការណ៍​មែន ក៏​នាំ​កម្លាំង​ទៅ​បង្ក្រាប​តែម្តង ឃាត់ខ្លួន​ជាក់ស្តែង​ចំនួន​៤
​នាក់ ដកហូត​បាន​បៀ​ចំនួន​២​ហ៊ូរ និង​លុយ​ចំនួន​ជាង​២០​ម៉ឺន​រៀល​។​

​ស្ត្រី​ញៀន​ល្បែង​ទាំង​៤​នាក់​នេះ ប៉ូលិស​កំពុង​ឃុំខ្លួន​សួរ​នាំនៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដែល​នឹងត្រូវ​បញ្ជូនទៅ​តុលាការ​ផងដែរ​ដើម្បី​ឲ្យ​ពួកគេ​ខ្លាច​ច្បាប់ និង​ជាការ​​ព្រមាន ។ព្រោះ​ល្បែង​នេះ​បាន​បង្ក​ឲ្យ​មនុស្ស​ខូច​នៅពេល​ចាញ់ ហើយ​ស្រីៗ​ជា​មេផ្ទះ​ផង​គួរតែ​សន្សំ​លុយ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ និង​កូនៗ​រៀនសូត្រ​បើ​គិតតែ​ងប់ងុល​នឹង ល្បែង​​ដូច្នេះ តើ​បាន​អ្នកណា​ដាំបាយ​ឲ្យ​ប្តី​និង​កូនៗ​ហូប ហើយ​វា​នឹង​បង្ក​ឲ្យ​មាន​ជម្លោះ​ក្នុង​​គ្រួសារ​ដោយសារ​ល្បែង​នេះដែរ​៕S/​សហការី​

​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​៤​នាក់​លេងល្បែង​ស៊ីសង​នៅ​ខណ្ឌ​សែន​សុខ(រូប៖វ៉េបសាយ)
#