សមត្ថកិច្ច​ឃាត់ខ្លួន​២​នាក់​ករណី​ឆក់​កាបូប​ជនជាតិ​បរទេស​មិនបាន​សម្រេច​

278

​(​ភ្នំពេញ​)៖​សមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេបាសាក់​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ក្នុងចំណោម​៦​នាក់​ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនជាតិ​បរទេស​ម្នាក់​មិនបាន​សម្រេច​។​ចំណែក​បក្ខពួក​៤​នាក់​ទៀត​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​ស្ថិតនៅ​ចំណុច​ស្ពាន​អិន​ធូ​កោះ​ពេជ្រ ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​១៤​ខែកញ្ញា ឆ្នាំ​២០១៧ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ទី​១-​ឈ្មោះ សៀង មង្គល​មិ​រី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ស្នាក់នៅ​សង្កាត់​គោ​រកា ខណ្ឌ​ព្រែក​ព្នៅ និង​ទី​-​ឈ្មោះ​វណ្ណ​ចាន់​សុ​វ​ត្តិ​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​ស្នាក់នៅ​សង្កាត់​គោ​រកា​ខណ្ឌ​ព្រែក​ព្នៅ​។​ចំណែក​៤​នាក់​ទៀត​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​ទេ តែ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ ជនសង្ស័យ​២​នាក់​ខាងលើនេះ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​c125​ពណ៌​ទឹកមាស​ពាក់​ស្លាក​លេខ​1GO.4340​និង​បក្សពួក​៤​នាក់​ទៀត​ជិះ​ម៉ូតូ​មួយគ្រឿង​ជិះ​មាន​គ្នា​២​នាក់​។​​លុះដល់​ចំណុចកើតហេតុ​ស្រាប់តែ​ជនសង្ស័យ​២​នាក់​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនជាតិ​បរទេស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​កង់​បី ដែល​កំពុងធ្វើដំណើរ​តាម​ដងផ្លូវ​តែ​ឆក់​តែ​មិនបាន​សម្រេច​។​

ភ្លាមៗ​នោះ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេបាសាក់​កំពុង​ល្បាត​ក៏បាន​ឃើញ​នាំគ្នា​ដេញតាម​ពីក្រោយ​រហូត​ទើប​ចាប់​ជនសង្ស័យ​២​នាក់​ខាងលើ​។ ចំណែក​បក្ខពួក​៤​នាក់​ទៀត​នាំគ្នា​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់​ស​ម្រោ​ល ។​​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ រួម​និង​ម៉ូតូ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ឃាត់ខ្លួន​បណ្តោះអាសន្ន និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕S/​ដោយ​៖​ហូ​សាន់

​សមត្ថកិច្ច​ឃាត់ខ្លួន​២​នាក់​ករណី​ឆក់​កាបូប​ជនជាតិ​បរទេស​មិនបាន​សម្រេច​(រូប៖វ៉េបសាយ)