សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​មុខសញ្ញា​លួច​ប្លន់ និង​ចែកចាយ​ថ្នាំញៀន​

691
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ជនសង្ស័យ​២​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​ឃាត់ខ្លួន ក្រោយ​ឆែកឆេរ​រកឃើញ​ថ្នាំញៀន និង​សោ​អក្សរ​តេ​២​ឈុត លាក់ទុក​ក្នុង​កាបូបស្ពាយ​ទុក​ធ្វើ​សកម្មភាព​លួច​កាត់​សោក​ម៉ូតូ​ណា ដែល​ម្ចាស់​ចត​ទុក​ប្រហែស​។ ការឃាត់ខ្លួន​នេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០១៨ ស្ថិតនៅ​កន្លែង​លាង​ម៉ូតូ​មួយកន្លែង នៅ​ផ្លូវ​លេខ​១៩៨២​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ គឺ​ជនសង្ស័យ​បាន​យក​ម៉ូតូ​ទៅ​លាង ស្របពេល​សមត្ថកិច្ច​យក​ម៉ូតូ​របស់គាត់​ទៅ​លាង​ដែរ ខណៈពេល​សមត្ថកិច្ច​មើលមុខ​ជនសង្ស័យ​ចេះ​អៀន​សមត្ថកិច្ច​ងាក​មុខ​ចេញ រហូត​ធ្វើ​ឲ្យ​សមត្ថកិច្ច​មានការ​សង្ស័យ ក៏​ហៅ​កម្លាំង​បន្ថែម​សុំ​ធ្វើការ​ឆែកឆេរ​កាបូប​ជនសង្ស័យ​រកឃើញ​ថ្នាំញៀន​ចំនួន​៩​កញ្ចប់ សោ​សម្រាប់ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​២​កំ​ផ្លេ​រ អត្តសញ្ញាណប័ណ្ណ​២​សន្លឹក កាត​គ្រី​ម៉ូតូ​១​សន្លឹក​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ទី​១.​ឈ្មោះ សុខ លី អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ទី​២.​ឈ្មោះ ហួ សិឡា អាយុ​៣០​ឆ្នាំ មុខរបរ​អ៊ុត​កញ្ចក់​ឡាន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕