សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​ចិន​៥​នាក់ និង​គ្រឿងញៀន​មួយចំនួនធំ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​

376
ចែករម្លែក
  • 129
    Shares

ដោយ​: វណ្ណៈ / ព្រះសីហនុ​: នគរបាល​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៥​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន និង​ដកហូត​គ្រឿងញៀន​បាន​ជិត​១៦០​កញ្ចប់​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួន ណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ វេ​លោ​ម៉ោង​០៣​និង​៤៥ នាទី​យប់​ទៀបភ្លឺ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​តា​នៃ ស្រុក​ព្រៃនប់​បាន​ចុះទៅ​ត្រួតពិនិត្យ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​តូច​ប៉ះ​រថយន្ត​ធុន​ធំ​កំពុង​ចត​លើ​ចិញ្ចើមថ្នល់ នៅលើ​ផ្លូវជាតិ​លេខ​៤ ចំណុច​ភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​ពេល​កំពុងធ្វើការ​វាស់វែង​កន្លែងកើតហេតុ ឃើញ​មាន​ជនជាតិ​ចិន ចំនួន​០៣ នាក់ ក្នុងនោះ​មាន​ម្នាក់​កាន់​យូរ​ថង់​ដាក់​របស់​អ្វីមួយ ចេញពី​ក្នុង​រថយន្ត​ដែល​គ្រោះថ្នាក់ ហើយ​ដើរទៅ​ឆ្ងាយ​។ ភ្លាមនោះ ដោយមាន​ការសង្ស័យ​ក​ម្លាំ​ង​ប៉ុស្តិ៍ បាន​ដើរ​តាម​ពីក្រោយ ស្រាប់តែ​ជនសង្ស័យ​ទម្លាក់​ថង់​នោះ​ចោល ហើយ​រត់គេចខ្លួន តែ​ត្រូវ​កម្លាំង​ប៉ុស្តិ៍​ដេញចាប់បាន និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន​០៨​កញ្ចប់​ធំ ចំណែក​ជនសង្ស័យ​២​នាក់​ទៀត​បាន​រត់​ចូល​ព្រៃ​បាត់​។

​ក្រោយមក​មាន​រថយន្ត​១​គ្រឿង​ទៀត​មកដល់​កន្លែងកើតហេតុ សង្ស័យ​មក​យក​បក្ខពួក ដោយ​ក្នុង​រថយន្ត​នោះ​មាន​គ្នា​ចំនួន​០៣​នាក់ ហើយ​បើក​យ៉ាង​លឿន​សំដៅ​មក​ក្រុងព្រះសីហនុ ទោះបី​កម្លាំង​អធិកា​រដ្ឋា​នគរបាល​ស្រុក​ព្រៃនប់ ដាក់​បា​រ៉ា​ស់​ស្ទាក់​ក៏​មិន​ព្រម​ឈប់ ក៏​ដេញតាម ស្រាប់តែ​រថយន្ត​នោះ​ឈប់​ដាក់​បក្ខពួក​២​នាក់ ចុះ​រត់​ចូល​ព្រៃ រួច​បន្តដំណើរ​ទៅមុខទៀត តែ​ត្រូវបាន​កម្លាំង​ជំនាញ ចាប់បាន​នៅ​ចំណុច​ជិត​វត្ត​ស្មាច​ដែង ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ដកហូត​បាន​វត្ថុតាង​បន្ថែម​ថ្នាំញៀន​ចំនួន​១៦​កញ្ចប់ ។​

​ក្រោយពី​កម្លាំង​ជំនាញ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សាកសួរ​តាម​នីតិវិធី បាន​ឈានទៅ​ចាប់​បក្ខពួក​ចំនួន​០៣​នាក់​ទៀត នៅក្នុង​មូលដ្ឋាន ក្រុង​-​ខេត្ត​ព្រះសីហនុ រួមជាមួយ​វត្ថុតាង​ចាប់​យកបាន​ថ្នាំញៀន​បន្ថែមចំនួន​១៣២​កញ្ចប់​តូច​ទៀត ។​

​ជនសង្ស័យ​មាន​៖ ១.​ឈ្មោះ XI QINGGEN ភេទ​ប្រុស អាយុ​៤១ ជនជាតិ​ចិន ២.​ឈ្មោះ CHEN YI ភេទ​ប្រុស អាយុ​២៧ ឆ្នាំ ជនជាតិ​ចិន ៣.​ឈ្មោះ HU CHENGXIANG ភេទ​ប្រុស អាយុ​៣០ ឆ្នាំ ជនជាតិ​ចិន ៤.​ឈ្មោះ Yang Ke ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ចិន ៥.​ឈ្មោះ Hai Liang ភេទ​ប្រុស អាយ​៤០​ឆ្នាំ ជនជាតិ​ចិន​។ វត្ថុតាង​ដកហូត​បាន​: -​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ជា​សារធាតុ​ញៀន​ចំនួន ១៥៦​កញ្ចប់ (០៨​កញ្ចប់​ធំ និង​១៤៨​កញ្ចប់​តូច​)​។ -​ទូរស័ព្ទ ០៣ គ្រឿង -​រថយន្ត ០១ គ្រឿង -​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន ០២ គ្រឿង -​សម្ភារ​សំរាប់​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួន​។ ករណីនេះ​កម្លាំង​ជំនាញ​កំពុង​បន្ត​តាម​នីតិវិធី​៕ ល​