សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន​មនុស្ស​៥​នាក់​រឹបអូស​ឈើ​ប្រណីត​និង​រថយន្ត​ចំនួន​៤​គ្រឿង​

849
ចែករម្លែក

​(​ភ្នំពេញ​)៖​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ សហការ​ជាមួយ កងពលតូច ឆ​ត្រ័​យោង ៩១១​និង កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដោយមាន​ការសម្របសម្រួល​ពី​ស្ថាប័ន​តុលាការ បានធ្វើការ​ចុះបង្ក្រាប បទល្មើស​ព្រៃឈើ ដោយ​ឃាត់​រថយន្ត ចំនួន ៤​គ្រឿង​។ ក្នុងនោះ​រថយន្ត​៣​គ្រឿង ផ្ទុក​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ពេញ​ព្រមទាំង​ធ្វើការ​ឃាត់​មនុស្ស ចំនួន ៥​នាក់ ផងដែរ ។​

​សមត្ថកិច្ច​ព្រៃឈើ​ប្រាប់​ឲ្យ​ដឹងថា ប្រតិបត្តិ​ការណ៍​បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ ធ្វើឡើង កាលពី​វេលា​ទាបភ្លឺ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៧ ដឹកនាំ​ដោយ​លោក អ៊ុន វណ្ណា​រិ​ទ្ធ នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ សហការ​ជាមួយ​កងពលតូច ទ័ព​ពិសេស​ឆ​ត្រ័​យោង ៩១១ កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដោយមាន​ការសម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ ក្រឡាបញ្ជី​រលោក លឹម ស៊ា​ង​ហៃ បានធ្វើការ​បង្ក្រាប​ជាក់ស្តែង នៅ​ចំណុច​ក្បែរ​របង អង្គភាព កងពលតូច ទ័ព​ពិសេស​ឆ​ត្រ័​យោង ៩១១ ផ្លូវ​បេតុង ភូមិ​កំបូល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​លទ្ធផល​ដែល​ទទួលបាន​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ​ជំនាញ​រឹបអូស​បាន​ឈើ​ធ្នង់​សរុប​ចំនួន​២៧៣​កំណាត់​ស្មើរ​៨/៥​ម៉ែត្រគូប​រថយន្ត​ចំនួន​៤​គ្រឿង​តៃកុង​និង​ព្រូ​សរុប​ចំនួន​៥​នាក់​។​បច្ចុប្បន្ន​រថយន្ត ចំនួន ៤​គ្រឿង ក្នុងនោះ ចំនួន ៣​គ្រឿង ដែល​ផ្ទុក​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ពេញ​ក្នុង​រថយន្ត ព្រមទាំង​មនុស្ស ចំនួន ៥​នាក់ សមត្ថកិច្ច​នាំយកទៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ព្រែក​ព្នៅ ដែលមាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវ​លេខ​៥ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​បន្ត​នីតិវិធី តាមច្បាប់​ព្រៃឈើ​៕S/​ដោយ​ម៉េង​សែ​