សមត្ថកិច្ច​ចាប់ខ្លួន​អគ្គនាយក​ក្រុមហ៊ុន ម្នាក់ តាម​ដីកា ពាក់ព័ន្ធ​រឿង កំហែង​យកប្រាក់​ពី​ពលរដ្ឋ​

993
ចែករម្លែក

ដោយ​:​សាវ​រក្ស / ភ្នំពេញ​: យោងតាម​ប្រភពពីស​ម​ត្ថ​កិច្ច​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨​នេះ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន អគ្គនាយក​ក្រុមហ៊ុន ម្នាក់​តាម​ដីកា​របស់ លោក រៀល សុ​ភិន តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី កំហែង​យកប្រាក់ និង គំរាមកំហែង​ប្តឹង​បរិហា​។​

​យោងតាម​ប្រភព​ដដែល​បាន បន្ថែមថា ជនសង្ស័យ​មានឈ្មោះ ទួន សុ​វណ្ណា ភេទ​ប្រុស មុខរបរ អគ្គនាយក ក្រុមហ៊ុន ប្រតិបត្តិ​ករ​ឥណទាន​ប្រសិទ្ធ មាន​ទីលំនៅ​ផ្ទះ​លេខ ៤៥​អេ​ហ្វ​១ ផ្លូវ​វត្ត​អង្គ​តា​មិញ​ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បញ្ជាក់ថា ការចាប់ខ្លួន​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​ផ្លូវ​វេ​ង​ស្រេង​ម្តុំ​លូ​៥ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​បញ្ជូន​ខ្លួន ជនសង្ស័យ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ចំណាត់ការ​របស់លោក រៀល សុ​ភិន ជា​តំណាង​អយ្យការ​កាន់​សំណុំរឿង​។​

​គួរ​រំលឹក​ជូន​ថា កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៨ កន្លងទៅ លោក អ៊ុ សុភ​ក្តិ ជា​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះហៅ ជនសង្ស័យ​ឈ្មោះ ទួន សុ​វណ្ណា និង​បក្ខពួក ប្រុស​ស្រី​ចំនួន ០៣​នាក់ ទៀត មានឈ្មោះ ឡេង វឌ្ឍនៈ ភេទ​ប្រុស ទីលំនៅ​ផ្ទះ​លេខ ២១ ផ្លូវ​លេខ​ទី​០១ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​, ឈ្មោះ ជាម ច័ន្ទ​កេ​ណា ភេទ​ប្រុស ទីលំនៅ​ផ្ទះ​លេខ​៤៥​សេ ភូមិ​០១ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ និង​ឈ្មោះ ទិ​ត សម្បត្តិ ភេទ​ស្រី ផ្ទះ​លេខ​១១​បេ ផ្លូវ​លូ​៥ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ឲ្យ​ចូល​បំភ្លឺ ពាក់ព័ន្ធ កំហែង​យកប្រាក់ និង គំរាមកំហែង​ប្តឹង​បរិហា​។​

​ផ្អែក​តាម​ការអះអាងរ​បស់​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ បានឱ្យដឹងថា កាលពី​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅ មាន​ស្ត្រី​ម្នា​ក់វ័យ ៦១​ឆ្នាំ​ម្នាក់ បានដាក់​ពាក្យ​ប្តឹង​ជនសង្ស័យ​ឈ្មោះ ទួន​សុ​វណ្ណា និង​បក្ខពួក ០៣​នាក់​ទៀត ដោយបាន​បញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ ក្រុម​ជនសង្ស័យ និង​បក្ខពួក បាននាំគ្នា​ទៅផ្ទះ​របស់លោក​ស្រី ដោយនិយាយ​ទៅកាន់​លោកស្រី​ថា ពួកគេ​ជា​អគ្គនាយក​របស់ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ឈ្មោះ “​ប្រតិបត្តិ​ករ​ឥណទាន​ប្រសិទ្ធ​”​។​

​នៅ​ថ្ងៃកើតហេតុ​នោះ ក្រុម​ជនសង្ស័យ​បាន​ប្រាប់​លោកស្រី​ថា កូ​​ន​ប្រុស​របស់​លោកស្រី ឈ្មោះ ឡេង វិសិដ្ឋ បាន​ធ្វើជា​អ្នកធានា​ឲ្យ​កូនបំណុល​ឈ្មោះ ហេង ម៉េង​ហ៊​ត ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជា​ប្តី និង​ឈ្មោះ ច​ន ម៉ូ​លីន ភេទ​ស្រី អាយុ ៣៨​ឆ្នាំ ជា​ប្រពន្ធ និង​កូនបំណុល​ម្នាក់ទៀត​ឈ្មោះ ហេង ឡា​លីន ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ដែល​បាន​ទៅ​ខ្លី​ប្រាក់​ពី ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ “​ប្រតិបត្តិ​ករ​ឥណទាន​ប្រសិទ្ធ​” ចំនួន សរុប ១២៣,០០០ ដុល្លារ​សហរដ្ឋអាមេរិក​។

​ក្រុម​ជនសង្ស័យ​បាន បង្គាប់​ឱ្យ​ដើមបណ្តឹង​ដែលជា​ម្តាយ របស់​ឈ្មោះ ឡេង វិសិដ្ឋ ជា​អ្នក​ជួយ​ធានា​បំណុល​ឱ្យ កូនបំណុល ៣​នាក់​ខាងលើ សង​ប្រាក់ ទាំងអស់ ទៅ​ស្ថាប័ន ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ “​ប្រតិបត្តិ​ករ​ឥណទាន​ប្រសិទ្ធ​” ជំនួស កូនបំណុល និង​កូនប្រុស​របស់ខ្លួន បើ​មិន​ដូច្នោះ​ទេ ក្រុម​ជនសង្ស័យ នឹង​ប្តឹង​បរិហា ដើមបណ្តឹង និង​កូនប្រុស​ជាមិនខាន​។​

​ដោយសារតែ​ដើមបណ្តឹង​ជា​ម្តាយ​របស់ ឈ្មោះ ឡេង វិសិដ្ឋ ដែលជា​អ្នក​ជួយ​ធានា​បំណុល​ឲ្យ​អ្នក ដទៃ មិនបាន​ដឹង​រឿង​អ្វី​សោះ ប៉ុន្តែ​ត្រូវ​ក្រុម​ជនសង្ស័យ​ទៅ គំរាមកំហែង និង​គំរាម​ប្តឹង បែបនេះ ទើប​ដើមបណ្តឹង​សម្រេចចិត្ត​ដាក់ពាក្យ​ប្តឹង ក្រុម​ជនសង្ស័យ​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ជួយ​រក​យុត្តិធម៌​ឱ្យ​តែម្តងទៅ​៕ ល​

#