សមត្ថកិច្ច​ចាប់​រថយន្ត​ដឹកឈើ​ប្រណីត​ខុសច្បាប់​មួយគ្រឿង​នៅ​ស្រុក​ស្នួល​

721
ចែករម្លែក

(​ក្រចេះ​)៖​រថយន្ត​ម៉ាក​សាំ​យ៉ុង​មួយគ្រឿង​ក្នុងចំណោម​២​គ្រឿង​ដែល​ដឹកឈើ​សុក្រ​ម​ឃ្លុម​បួន​ជ្រុង​ទ្រវែង​មានមុខ​កាត់​៣០​ទៅ​៤០​សម និង​ប្រវែង​៣​ម៉ែត្រ​ទៅ​៣​ម៉ែត្រ​កន្លះ​ដោយ​ដឹក​លោតឆ័ត្រ​បម្រុង​យកទៅលក់​ក្នុងប្រទេស​វៀតណាម​តាម​ច្រក​ត្រពាំង​ស្រែ​។​រថយន្ត​នោះ​ត្រូវបាន​កម្លាំង មេព្រៃ​សង្កាត់​ស្នួល សហការ​ជាមួយ​កម្លាំង នគរបាល​ស្រុក​ធ្វើ​ការចាប់​ស្ថិតនៅ​ចំណុច​ភូមិ​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ កាល​វេលា​ម៉ោង​៤​ទាបភ្លឺ​ថ្ងៃទី​៧ ខែសីហា​ឆ្នាំ​២០១៧​។

​ប្រភព​បាន​ឲ្យ​ដឹងថា​រថយន្ត​ដឹកឈើ​ខាងលើនេះ​គឺ​បាន​ដឹកឈើ​ចេញពី​ចំណុច​កា​កុ​ត​ឃុំ​សំបុក​ស្រុក​ចិត្រ​បុរី​ដោយ​ដឹក​ឆ្លងកាត់​តាមផ្លូវ​ជាតិ​លេខ​៧​សំបូរ​_​ស្នួល​។​ឈ្មួញ​បាន​ដឹកឈើ​ដោយ​លោតឆ័ត្រ​គ្មាន​លិខិតអនុញ្ញាត​ពី​ស្ថាប័ន​ជំនាញ​ឡើយ​បំណង​យកទៅលក់​នៅ​ប្រទេស​វៀតណាម​។​ប៉ុន្តែ​ត្រូវបាន​ជាប់អន្ទាក់​សមត្ថ​កិច្ច​ចម្រុះ​នៅ​ទីរួមស្រុក​ស្នួល ក្រោយពី​ទទួលបាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ ។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ខាងលើនេះ​គឺជា​កម្ម​សិទ្ធ​របស់​ស្ត្រី​ជើង​ខ្លាំង​ម្នាក់​ឈ្មោះ មុំ ហៅ ចែ​ម៉ាប់ ដែលមាន​ប្តី​ឈ្មោះ ធី​រស់នៅ​ភូមិ​អន្តែង​ដូន​សង្កាត់​ក្រគរ​ក្រុង​ក្រចេះ​និង​ជា​ឈ្មួញ​ឈើ​ដុះ​ស្លែរ​យូរ​ឆ្មាំ​មកហើយ​។​កន្លងមក​ស្ត្រី​មេ​ឈ្មួញ​ឈើ​នោះ គ្មាន​សមត្ថកិច្ច​ជំនាញ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ណា​ហ៊ាន​បង្ក្រាប​ឡើយ​ព្រោះតែ​អំណាច​បងៗ​ធ្វើការ​ធំ​នៅក្នុង​ខេត្តក្រចេះ ហើយ​តែងតែ​ជេរ​បញ្ចោ និង​ប្រើ​សម្តី​មើលងាយមើលថោក​ទៅលើ​សមត្ថកិច្ច​រហូត​។​ប៉ុន្តែ​ថ្ងៃនេះ​ត្រូវអស់​លក្ខណ៍ ជាប់អន្ទាក់​មេព្រៃ​សង្កាត់ ស្នួល​តែម្តង ។​

​លោក ឡាយ ធុច នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្នួល​បានបញ្ជាក់​ឲ្យ​ដឹងថា ក្នុង​ការចាប់​ឃាត់​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ខាងលើ គឺ​សមត្ថកិច្ច​មិនបាន​ឃាត់​អ្នកបើកបរ​ឬ​ម្ចាស់​ឈើ​បាន​នោះឡើយ ព្រោះ​ពួកគេ​បាន រត់គេចខ្លួន​បាត់​មុនពេល​កម្លាំងចម្រុះ​ទៅដល់ ។

​លោក​បាន​បន្តថា​ក្រោយពេល​ត្រួតពិនិត្យ​ជាក់ស្តែង​ឃើញថា ឈើ​ក្នុង​រថយន្ត​មាន​ចំនួន​៩​ដុំ វាស់​ឃើញ​បរិមាណ​ជិត​២​ម៉ែត្រគូប​។ ពេលនេះ​ទាំង​រថយន្ត និង​ឈើ​ល្មើសច្បាប់​ត្រូវបាន​កម្លាំង​មន្ត្រីរដ្ឋបាល ព្រៃឈើ​នាំមក​កាន់​ស្នាក់ការ​សង្កាត់រដ្ឋបាល ព្រៃឈើ​ស្នួល ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ។ ៕S/​ដោយ​៖​សេង​ឃួន​

​សមត្ថកិច្ច​ចាប់​រថយន្ត​ដឹកឈើ​ប្រណីត​ខុសច្បាប់​មួយគ្រឿង​នៅ​ស្រុក​ស្នួល​

#