សមត្ថកិច្ច​ចាប់​សាច់​និង​គ្រឿងក្នុង​ជ្រូក​នាំចូល​ពី​ប្រទេស​ថៃ​យក​ដុតបំផ្លាញ​ចោល

252
ចែករម្លែក

ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​សមត្ថកិច្ច​ពេទ្យសត្វ​សហការ​នឹង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​បាន​ចាប់​សាច់​និង​គ្រឿងក្នុង​ជ្រូក​ដែល​នាំចូល​ពី​ប្រទេស​ថៃ​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​និង​នាំយក​ដុត​បំផ្លាញចោល​។​កាលពី​ល្ងាច​ថ្ងៃទី​២១​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នៅ​ចំណុច​មុខ​ផ្ដា​រ​រ៉ា​ផ្លូវជាតិ​លេខ​៥​ភូមិ​/​សង្កាត់​/​ក្រុង​ប៉ោយប៉ែត​។​

​លោក​ហ៊ុយ​ទូច​ប្រធានការិយាល័យ​ផលិតកម្ម​និង​ប​សុ​ព្យ​បាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​នៅ​ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ថា​សាច់​និង​គ្រឿងក្នុង​ជ្រូក​ចម្រុះ​នោះ​ទម្ងន់​៩៦០​គីឡូក្រាម​។​សាច់​នេះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចាប់​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​រទេះអូស​កម្មករ​បាន​ដឹកជញ្ជូន​ពី​ផ្សារ​រោង​ក្លឿ​មក​កម្ពុជា​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​។​

​ប៉ុន្តែ​កម្មករ​ខាងលើ​មិន​ព្រម​ប្រាប់ថា​ម្ចាស់​ទំនិញ​នេះ​ជា​នរណា​ឡើយ​។​មន្ត្រី​ជំនាញ​បាន​បញ្ជូន​សាច់​និង​ផលិតផល​គ្រឿងក្នុង​សត្វ​ជ្រូក​ទាំង​នោះមក​ទីពិសោធន៍​នៃ​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​។​បាន​ត្រួតពិនិត្យ​និង​វាយតម្លៃ​គុណភាព​ឃើញថា​ផលិតផល​សាច់​និង​គ្រឿងក្នុង​ជ្រូក​ទាំងនោះ​ជា​ផលិតផល​នាំចូល​ពី​ប្រទេស​ថៃ​ពុំមាន​លិខិតអនុញ្ញាត​ច្បាប់​មិន​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ។​

មន្ត្រី​ជំនាញ​ក៏​អំពាវនាវ​ដល់​មន្ត្រី​សមត្ថកិច្ច​ចម្រុះ​ប្រចាំ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ក៏​ដូច​ច្រក​តំបន់​និង​បណ្តោយ​ព្រំដែន​មេត្តា​សហការ​ទប់ស្កាត់​បទល្មើស​ការ​នាំចូល​ខុសច្បាប់​នូវ​សាច់​និង​ផលិតផល​សត្វ​គ្រប់​ប្រភេទ​ផង ៕S/

រូបថត​៖​លោក​ហ៊ុយ​ទូច​និង​មន្ត្រី​ដុតបំផ្លាញ​ចោល​សាច់​និង​ផលិតផល​សត្វ​ជ្រូក​ទម្ងន់​៩៦០​គ​ក្រ​ដែល​ឈ្មួញ​លួច​បង្កប់​ក្នុង​ទំនិញ​ដឹក​តាម​រទេះអូស​ពី​ថៃ​មក​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ( រូបៈ ភ្នំ​ស្វាយ )​