សមត្ថកិច្ច​ចុះបង្ក្រាប​ទីតាំង​ស្តុក​បារី គ្មាន​សារ​ព្រមាន​សុខភាព នៅ​ខណ្ឌ​បឹង​កេងកង​

469
ចែករម្លែក

ដោយ​: ចាន់តូ​
​ភ្នំពេញ​:
ទីតាំង​ស្តុក​បារី​មួយកន្លែង ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ចុះទៅ​បង្ក្រាប បន្ទាប់ពី​នាំចូល​ស្តុក​ចែកចាយ ផ្សាយពាណិជ្ជកម្ម​លក់​ខុសច្បាប់ និង​គ្មាន​សារ​ព្រមាន​អប់រំ​ពី​សុខភាព​។ ប្រតិបត្តិការ​ខាងលើ បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិតនៅ​ទីតាំង​ផ្ទះ​លេខ​១០៤ ស្ថិត​តាមផ្លូវ​២៩៦ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌ​បឹង​កេងកង រកឃើញ​បារី​ចំនួន​១២៩​កេស​។​

​ដោយមាន​ការចូលរួម​ពី​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ នៃ​មជ្ឈមណ្ឌល​ជាតិ​លើកកម្ពស់​សុខភាព នៃ​ក្រសួងសុខាភិបាល និង​កម្លាំង​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការសម្របសម្រួល​នីតិវិធី​ផ្ទាល់​ដោយ​លោក សេង គីម​ឡាក់ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​ត្រួតពិនិត្យ​ក្នុង​ឃ្លាំង​ស្តុក​បារី​ខាងលើ ដោយបាន​រកឃើញ​វត្ថុតាង​មួយចំនួន រួមមាន​៖ បារី​ម៉ាក GOLD SEAL និង​បារី​គ្មាន​សារ​ព្រមាន​សុខភាព​មួយចំនួនទៀត ដូចជា​ម៉ាក GOLD SEAL ម៉ាក GUDANG GARAM ម៉ាក HARVEST ម៉ាក ORIS ម៉ាក TRADITION ម៉ាក ASHFORD និង​ម៉ាក LIPS ដែល​សរុប​ទាំងអស់​ចំនួន ១២៩​កេស ព្រមទាំង​សម្ភារ​ប្រើប្រាស់​សម្រាប់​បម្រើ​ឲ្យ​ការងារ​ផ្សាយពាណិជ្ជកម្ម​បារី​ចំនួន ៦​មុខ​ផ្សេងទៀត ។​

​បន្ទាប់ពី​បាន​ត្រួតពិនិត្យ​ចប់សព្វគ្រប់ លោក​ព្រះរាជអាជ្ញារង​បានសម្រេច​ឱ្យ​សមត្ថកិច្ច​ដកហូត​វត្ថុតាង​ទាំងអស់ ដោយ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅក្នុង​បន្ទប់​ឃ្លាំង​ដដែល ដើម្បី​ធ្វើការ​ពិនិត្យ​ស្រាវជ្រាវ​បន្តទៀត ដោយ​ដាក់ឱ្យ​ស្ថិតក្រោម​ការទទួលខុសត្រូវ​របស់​តំណាង​ម្ចាស់​ទីតាំង រង់ចាំ​ការសម្រេច​ពី​ស្ថាប័ន​តុលាការ ព្រមទាំង​តម្រូវ​ឱ្យឈ្មោះ ឈុន រ​ត្ថា អាយុ​៣៤​ឆ្នាំ ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទ​ល្នើ​ស​សេដ្ឋកិច្ច ដើម្បី​បន្ត​នីតិវិធី​៕