សមត្ថកិច្ច​ចុះ​ពិនិត្យ​ទីតាំង​សិប្បកម្ម​កែច្នៃ​ប្រេងឆា​គ្មាន​ច្បាប់ តែ​មិនទាន់មាន​ចំណាត់ការ​

1821
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: ទីតាំង​សិប្បកម្ម​កែច្នៃ​ប្រេងឆា​គ្មាន​ច្បាប់ គ្មាន​អាជ្ញា​ប័ន មួយកន្លែង​ស្ថិតនៅ​តាមផ្លូវ​បេតុង​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​កម្លាំង​ចុះទៅពិនិត្យ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨​នេះ តែ​បាន​ត្រឹម​ចុះ​មើល ត្រង់​ចំណាត់ការ​មិនទាន់មាន​នៅឡើយ​។​

​តាម​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា ផលប៉ះពាល់​លើ​ផ្នែក​បរិស្ថាន ចេញពី​សិប្បកម្ម​ខាងលើ​ពិត​ជាមាន​ប្រាកដ​មែន ទាំង​ក្លិន ទាំង​ប្រេង​ហូរ ប្រឡាក់​តាមផ្លូវ ចំពោះ​ការសម្រេច​យ៉ាងណា​នោះ រង់ចាំ​សម្រេច​ពី​ថ្នាក់លើ​ជាមុនសិន​។​

​បើតាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទីតាំង​សិប្បកម្ម​ខាងលើ និយាយថា សិប្បកម្ម​កែច្នៃ​ប្រេងឆា​បាន​លួច​បើក​ដំណើរការ​ប្រមូល​កែច្នៃ បង្ក​ឲ្យ​ហូរ​កំពប់​ប្រឡាក់​តាមផ្លូវ​ក្បែរ​នោះ ភាយ​ក្លិន​ឈ្ងៀម​ពិបាក​ទ្រាំ ប៉ះពាល់​បរិស្ថាន សុខភាព​ពលរដ្ឋ​ក្បែរ​ខាង ហើយ​កន្លងមក ទោះជា​អាជ្ញាធរ​ខណ្ឌ ការិយាល័យ​ពាក់ព័ន្ធ​ដឹង​ហើយ​ជុំវិញ​ផលប៉ះពាល់ បាន​ទាំង​ដឹកនាំ​កម្លាំង​ចុះ​បិទ​ផ្អាក​សកម្មភាព​កែច្នៃ​របស់​សិប្បកម្ម​ខាង​លើ តែ​ស្ងាត់ៗ​បែរជា​លួច​បើក​ដំណើរការ​សាជាថ្មី បង្ក​ឲ្យ​ប៉ះពាល់ ទាំង​អ្នកដំណើរ​ឆ្លងកាត់​ទាំង​ពលរដ្ឋ​រស់នៅ​ជុំវិញ​នោះ​។​

​ក្នុងការ​ដឹកនាំ​កម្លាំង​ជំនាញ​មាន​សមត្ថកិច្ច​ចុះ​ពិនិត្យមើល ទីតាំង​សិប្បកម្ម​កែច្នៃ​ប្រេងឆា​ខាងលើ ត្រូវបាន​ពលរដ្ឋ​រិះគន់ថា បាន​ត្រឹម​ចុះ​ឲ្យ​ល្អមើល គ្រាន់តែ​ជំរុញ​ឲ្យ​ម្ចាស់​ទីតាំង​រក​ដីខ្សាច់​មក​លុប ស្នាម​ដាម​ប្រឡាក់​តាមផ្លូវ​ជាការ​ស្រេច ទោះ​ក្លិន​ឈ្ងៀម​ឈួ​ល​យ៉ាងណា​នោះ មិន​ថា មិន​ស្តី​អ្វី​ទាំងអស់​៕ ល​