សមត្ថកិច្ច​តាម​ចាប់​ក្រុម​ឆក់​យ៉ាងសកម្ម​បាន​២​នាក់​

450
ចែករម្លែក

ដោយ : ​ចាន់តូ​/​ភ្នំពេញ : បទល្មើស​ឆក់​កាបូប​កើតមាន​សឹ​ង​រាល់ថ្ងៃ ក្នុងភូមិ​សាស្ត្រ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ តាម​ដងផ្លូវ​សហព័ន្ធ​រុស្សី​មុខ​ព្រលានយន្តហោះ ទើបតែ​នៅ​ព្រលប់​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨ ជនសង្ស័យ​មួយក្រុម ធ្វើ​សកម្មភាព​ឆក់​កាបូប ពី​អ្នកដំណើរ​តាមផ្លូវ ត្រូវបាន​កម្លាំង​ប៉ុស្តិ៍​កា​កាប​១ កម្លាំង​ព្រហ្មទណ្ឌ អន្តរាគមន៍ ត្រៀម​គុំ​តាម​ក្របួច​យូរ​មកហើយ ដេញតាម​ចាប់​ប្រផាប់ ប្រ​ផី​ង បាន​២​នាក់ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨ ត្រង់ចំណុច ផ្ទះសំណាក់​ដី​ថ្មី ភូមិ​តា​ងួន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ជនសង្ស័យ ទាំង​២​នាក់ ទើប​ឃាត់​បាន​នេះ ទី​១.ឈ្មោះ ឈឹម សុខ​ខាវ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​តា​ងួន​១ សង្កាត់​កា​កាប​១ ។ ទី​២.ឈ្មោះ សុខ សារ៉ន ហៅ អា​ជ្រឹង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​តា​ងួន​១ សង្កាត់​កា​កាប​១ ។

​ជនសង្ស័យ​ទាំង​២​នាក់ រស់នៅ​ក្បែរ​ខាង​ប៉ុស្តិ៍ប៉ូលីស​កា​កាប​១ ហើយ​ស្គាល់ កម្លាំង​សមត្ថកិច្ច ប៉ុស្តិ៍​ច្បាស់​ទៀត ។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់ សកម្ម​ខាង​ឆក់​ទ្រព្យសម្បត្តិ តាមផ្លូវ បក្ខពួក​មួយចំនួន​ត្រូវបាន​ចាប់ខ្លួន​កន្លងមក ហើយ​ជនសង្ស័យ​ទាំង​២​នាក់ ក៏​ត្រូវបាន​សម្របសម្រួល​ពី លោក កុល បុ​ន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឲ្យ​កម្លាំង​សមត្ថកិច្ច បង្ក្រាប​ចាប់​ឃាត់ ក្រោយ​ធ្វើ​សកម្មភាព​បទល្មើស​ឆក់ ។​

​តាម​សម្តី​ជនសង្ស័យ​សារភាពថា ពួកខ្លួន​ទាំង​៤​នាក់ ស្មើ​ដៃ​គ្នា សហការ បើក​ប្រតិបត្តិការ ប្រព្រឹត្តល្មើស ឆក់ ម្នាក់ៗ ចំនួន​៤​លើក បានសម្រេច ហើយ​លើក​ទី​៥​នេះ បានសម្រេច​ហើយ ត្រូវបាន​សមត្ថកិច្ច​ដេញ​ចាប់ខ្លួនបាន​តែម្តង ។​

​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ចាប់​ជនសង្ស័យ​ឆក់​សកម្ម​ខាងលើ លោក ប៉ាល់ យុ​ត្ថា នាយប៉ុស្តិ៍​កា​កាប​១ កំពុង​ក្តៅស្លឹកត្រចៀក ដោយសារ​បទល្មើស ឆក់​នេះ កើតមាន​ញឹកញាប់ ក្នុងភូមិ​សាស្ត្រ​របស់លោក​ផង ប្រើប្រាស់​កម្លាំង​ច្រើន​នាក់ ដេញតាម​រហូត​ចាប់ខ្លួនបាន ២​នាក់ ដកហូត​ម៉ូតូ​បាន​២​គ្រឿង មួយគ្រឿង​ម៉ាក ហុងដា សេ​១២៥ សេរី​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1HC-9576 របស់​ជនសង្ស័យ​ឈ្មោះ សុខ សារ៉ន ហៅ​អា​ជ្រឹង និង​មួយគ្រឿង​ទៀត​ម៉ាក ស្មាស់​វី សេរី​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ CF-1295 របស់​ជនសង្ស័យ ឈឹម សុខ​ខាវ ។ សមត្ថកិច្ច​បន្តទៀតថា ម៉ូតូ​ទាំង​២​គ្រឿង​ខាងលើ ជា​មធ្យោបាយ ជនសង្ស័យ ជិះ​ប្រយុទ្ធ ធ្វើ​សកម្មភាព​រាល់​លើក ។​

​ក្រោយពី​ចាប់ខ្លួនបាន ជនសង្ស័យ​ទាំង​២​នាក់ ឃាត់ខ្លួន​សាកសួរ​នៅ​ប៉ុស្តិ៍​កា​កាប​១ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ​ខណ្ឌ បន្ត​តាម​នីតិវិធី ៕​B