សមត្ថកិច្ច​ថៃ​តាម​ប្រមាញ់ កូ​ទី ដែល​ត្រូវគេ​សង្ស័យ​រត់គេចខ្លួន​ចូល​ព្រំដែន​ឡាវ​-​កម្ពុជា​

556

​មន្ត្រីជាន់ខ្ពស់​ម្នាក់​និយាយថា ជនសង្ស័យ​ក្បាលរឹង​អាវ​ក្រហម​រត់គេចខ្លួន និង សង្ស័យ​ប្រមាថ​ស្តេច វូ​ធី​ពង់ “​កូ​ទី​” កូ​ចា​ថា​ម៉ា​គុន ត្រូវគេ​ជឿថា កំពុង​លាក់ខ្លួន​នៅតាម​ព្រំដែន​ឡាវ​-​កម្ពុជា​។​

​មេទ័ព​ជាន់ខ្ពស់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ វី​ចៃ សែ​ចូ​ហូ និយាយថា​ទីភ្នាក់ងារ​សន្តិសុខ​បាន​កំពុង​ឃ្លាំង​មើល​យ៉ាង​ដិតដល់​នូវ​បំលាស់​ទី​របស់​វូ​ធី​ពង់ ដែល​តាម​សេចក្តីរាយការណ៍​បាន​រត់គេច​ពី​ឡាវ​ទៅ​កម្ពុជា បន្ទាប់ពី​អាជ្ញាធរ​ថៃ​ស្វះ​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ពី​រដ្ឋាភិបាល​ក្រុង​វៀងចន្ទន៍​ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជននេះ និង បង្ក្រាប​សកម្មភាព​រប​ស់​ក្រុម​កូ​ទី​។​

​លោក​វូ​ធី​ពង់ និង ក្រុម​របស់ខ្លួន ត្រូវបាន​ចោទប្រកាន់ថា​ផ្សព្វផ្សាយ​មាតិកា​ប្រមាថ​ស្តេច​តាមរយៈ YouTube និង វិទ្យុ​សហគមន៍​ក្នុងស្រុក​មួយ​នៅ​ប្រទេស​ឡាវ​។​

​រដ្ឋាភិបាល​ឡាវ​យល់ព្រម​សហការ ដោយ​បង្ខំ​ឱ្យ​វូ​ធី​ពង់​រត់គេច​មក​កម្ពុ​ជា​។ នេះ​បើតាម​សេចក្តីរាយការណ៍​ព័ត៌មាន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ វី​ចៃ និយាយថា គេ​ជឿថា វូ​ធី​ពង់​មិនទាន់​ចូលដល់​កម្ពុជា​ទេ និង​កំពុង​លាក់ខ្លួន​នៅ​តំបន់​ព្រំដែន​។ អាជ្ញាធរ​មិនអាច​ផ្តល់ព័ត៌មាន​បន្ថែមទៀត​អំពី​កន្លែង​លាក់ខ្លួន​ជាក់លាក់​របស់​កូ​ទី​បានឡើយ​។​

​លោក​វូ​ធី​ពង់ ដែល​តាម​សេចក្តីរាយការណ៍​បាន​ចូល​ប្រទេស​ឡាវ បន្ទាប់ពី​ដីកា​មួយ​បានចេញ​សម្រាប់​ចាប់ខ្លួន​រូបគេ កាលពី​ខែមេសា ឆ្នាំ ២០១៤ ពីបទ​ប្រមាថ​ស្តេច​នោះ ក៏បាន​ជាប់​ពាក់ព័ន្ធ​ករណី​មួយទៀត​ផងដែរ ដែល​នាំទៅដល់​ការ​រឹបអូស​បាន​អាវុធ​ជាច្រើន​នៅផ្ទះ​មួយ​ក្នុង​ខេត្ត​ផា​ធុម​ថា​នី កាលពី​ខែមីនា​។​

​បន្ទាប់ពី​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​មន្ទីរពេទ្យ​ព្រះ​មង្គល​ក្លៅ ក្នុង​ក្រុង​បាងកក មេទ័ព ចា​ឡឺម​ចៃ សិទ្ធី​សាត បាន​និយាយ​នៅ​ប៉ុន្មាន​ថ្ងៃក្រោយ​មក​ថា ដំណឹង​ថ្មី​បាន​លេចឡើង ដោយ​អះអាងថា ការវាយប្រហារ​នោះ​ធ្វើឡើង​ដោយ​បណ្តាញ​របស់​វូ​ធី​ពង់​។

​ប៉ុន្តែ ឧបនាយករដ្ឋមន្ត្រី ប្រា​វីត វង់​សុ​វ៉ាន់ និយាយ​កាលពី​ថ្ងៃ​ពុធ​ថា គ្មាន​ភស្តុតាង​អះអាងថា វត​នា ភូមិ​រឹត ដែលជា​ជនសង្ស័យ​បំផ្ទុះ​គ្រាប់បែក​នៅ​មន្ទីរពេទ្យ ជាប់ទាក់ទង​នឹង​វូ​ធី​ពង់​ទេ​។​

​លោក​វី​ចៃ ក៏​និយាយ​ដែរ​ថា កងទ័ព​បាន​សហការ​ជាមួយ​ប្រទេសជិតខាង​ដើម្បី​តាមដាន​យ៉ាង​ដិតដល់ និង​ដាក់​កំហិត​លើ​បំលាស់​ទី​របស់​ក្រុមប្រឆាំង​រដ្ឋាភិបាល ដែល​ហៅ​ខ្លួនឯង​ថា “​រដ្ឋ​សហព័ន្ធ​ថៃ​ថ្មី​” នៅ​ភាគ​ឦសាន ក៏ដូចជា នៅក្នុង​ប្រទេសជិតខាង​មួយចំនួន​៕

​វូ​ធី​ពង់ ដែល​កំពុង​ត្រូវបាន​តាម​ចាប់ខ្លួន កំពុង​សម្ងំ​លាក់ខ្លួន​នៅ​ជិត​ព្រំដែន​ឡាវ និង កម្ពុជា​
​ប៉ូលិស​ប្រុស​ស្រី ៣០ នាក់​កំពុង​ឆែកឆេរ​ផ្ទះ​សង្ស័យ​មួយ ដែល​ជាប់ទាក់ទង​នឹង​កូ​ទី​