សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប បញ្ជាក់ថា​ករណី​ផ្ទុះ​ហ្គាស​ឆេះ​ហាង​បញ្ចូល​ហ្គាស​រថយន្ត ពុំមាន​មនុស្ស​ស្លាប់​ទេ

203
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប​ ៖ សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា តាម​ព័ត៌មាន​ដែល​ទទួលបាន​ចុងក្រោយ​នេះ គឺ​ពុំមាន​មនុស្ស​ស្លាប់​ទេ ក្នុង​ករណី​ផ្ទុះ​ហ្គាស​ឆេះ​ហាង​បញ្ចូល​ហ្គាស​រថយន្ត​មួយកន្លែង នៅតាម​ផ្លូវ​លោកតា​ណឺ​យ ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ នេះ គឺមាន​តែ​អ្នករងរបួស​ចំនួន​១៣​នាក់ ស្រី​ចំនួន​០៣​នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន​០៦ នាក់ ហើយ​ក្នុងចំណោម​អ្នករងរបួស​ចំនួន​១៣​នាក់​នេះ មាន​ជនជាតិ​បរទេស ចំនួន​០២​នាក់។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ដំណឹង​ដែល​ទទួលបាន​ថា មាន​អ្នករងរបួស​ដែល​បណ្ដាល​ឲ្យ​ស្លាប់​នោះ គឺ​ទទួលបាន​ពី​អ្នក​ដែល​ជូន​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ដែល​គាត់​បាន​ប្រាប់ថា ជនរងគ្រោះ​បាន​ស្លាប់​នៅពេល​ធ្វើដំណើរ​នៅតាម​ផ្លូវ ប៉ុន្តែ​បើតាម​ព័ត៌មាន​ផ្លូវ​ការដែល​ទើបនឹង​ទទួលបាន​នោះ គឺ​គិត​មកទល់ពេលនេះ ពុំមាន​មនុស្ស​ស្លាប់ ក្នុងករណី​ផ្ទុះ​ហ្គាស​ឆេះ​ហាង​បញ្ចូល​ហ្គាស​រថយន្ត​នោះទេ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​បន្ថែមថា ដោយមាន​ការយកចិត្ត​ទុកដាក់ និង សម្របសម្រួល​ពី​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប ដែលជា​ជំហាន​ដំបូង ជនរងគ្រោះ​ទាំងអស់​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​ជំងឺ ទាំង​នៅ​មន្ទីរពេទ្យ​រដ្ឋ និង ពេទ្យ​ឯកជន រួច​បាន​បញ្ជូន​បន្តទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ចំនួន​០៧​នាក់ ក្នុងនោះ​ជនជាតិ​បរទេស​ចំនួន​ម្នាក់​បញ្ជូនទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ និង​ជនបរទេស​ម្នាក់ទៀត​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ខេត្ត, ​ចំនួន​០៤​នាក់​សំរាក​នៅ​ពេទ្យ​ឯកជន​ក្នុង​ខេត្ត និងសុំ​សម្រាក​ព្យាបាល​ជំងឺ​នៅផ្ទះ​ម្នាក់​។​

សូមបញ្ជាក់ថា ម្ចាស់​ហាង​បញ្ចូល​ហ្គាស​រថយន្ត​មានឈ្មោះ ឈុ​ក ឈុនលី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​លក់​ហ្គាស មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​គោក​ស្រុក ឃុំ​ពួកស្រុក​ពួក ខេត្តសៀមរាប ហើយ​បាន​ជួល​ផ្ទះ​កន្លែង​ហេតុ បើកហាង​បញ្ចូល​ហ្គាស​រថយន្ត៕B/

#