សមត្ថកិច្ច​នឹង​បង្ក្រាប​ម៉ូតូ​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​ដែល​បង្ក​ស្នូរ​រំខាន​ដល់​សាធារណជន​

382
ចែករម្លែក

ដោយ:បូកគោ/​កំ​ពត ៖ សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្តកំពត​នឹង​បង្ក្រាប​ឱ្យអស់​នូវ​រាល់​ទោចក្រយានយន្ត​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​ដែល​បង្ក​ស្នូរ​រំខាន​ដល់​អ្នកដំណើរ និង​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ដ​ង​ផ្លូវ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ​ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត​បាន​មានប្រសាសន៍ថា​ ចាប់ពី ្ងៃទី​១៧ ខែមិថុនា​រហូតដល់​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៩ កម្លាំង​នគរបាល​ចំណុះ​ស្នងការដ្ឋាន​ខេត្ត​បាន​បើក​យុទ្ធនា​ការឆែកឆេរ និង​ឃាត់​ទោចក្រយានយន្ត​ដែល​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​ចំនួន​៨០​គ្រឿង​។ ក្នុងនោះក្រុង​កំពត​ឃាត់​បាន​៦១​គ្រឿង​, ស្រុក​ទឹកឈូ​ឃាត់​បាន​១​គ្រឿង​, ស្រុក​កំពង់ត្រាច​៨​គ្រឿង​, ស្រុក​បន្ទាយមាស ៦​គ្រឿង​, ស្រុក​ឈូក​២​គ្រឿង​, និង​ស្រុក​ដងទង់​ចំនួន​២​គ្រឿង​។

លោកស្នងការ​បានបញ្ជាក់​ថា​ សមត្ថកិច្ច​នឹង​កោះអញ្ជើញ​ឪពុកម្តាយ ឬ​អាណាព្យាបាល​ម្ចាស់​ម៉ូតូ​ដែល​ភាគច្រើន​ជា​យុវវ័យ​ទាំងនេះ​មក​ធ្វើ​កិច្ចសន្យា រួច​ប្តូរ​ស៊ី​ម៉ាំង​មុននឹង​ប្រគល់​ទ្រព្យសម្បត្តិ​ឱ្យ​ត្រឡប់​ទៅវិញ​។

ដោយឡែក​បំពង់​ស៊ី​ម៉ាំង​មាន​ស្នូរ​រំខាន​ដែល​រឹបអូស​បាន​ទាំងនេះ សមត្ថកិច្ច​នឹងធ្វើ​ពិធី​កិនកម្ទេច​ចោល​នៅ​ចំពោះមុខ​សាធារណជន​នាពេលខាងមុខ​។ លោក​ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បាន​បន្តថា​ ប្រតិបត្តិ​ការបង្ក្រាប​ករណី​ប្រើប្រាស់​បំពង់​ស៊ី​ម៉ាំង​កែច្នៃ​នេះ កម្លាំង​នគរបាលនៅតែ​បន្តធ្វើ​រហូត​លែងមាន​ចរាចរ​ក្នុង​ដែនដី​នៃ​ខេត្តកំពត​ទាំងមូល​៕​B/Ha