(ព្រះសីហនុ)៖កម្លាំងនគរបាលខេត្តព្រះសីហនុក្រោមការបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្តបានបើកចុះបង្ក្រាបជនជាតិចិនចំនួន៣៦នាក់ ដែលបានបង្កអំពើហិង្សាដល់ពលរដ្ឋខ្មែរហើយធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សណ្ដាប់សាធារណៈ។ការឃាត់ខ្លួនក្រុមបង្កបានធ្វើឡើងនៅចំណុចរង្វង់មូលតោពីរស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុកាលពីយប់រំលងអាធ្រាត្រចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ ។
លោកឧត្តមសេនីយ៍ទោជួនណារិន្ទស្នងការខេត្តព្រះសីហនុបានបញ្ជាក់ថា ជនជាតិចិនទាំង៣៦នាក់ ដែលបង្ក្រាបបាននេះ ស្នាក់នៅកាស៊ីណូជីងប៉ី ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ។ ក្នុងនោះដកហូតបានដំបងឈើ៤ដើម,បំពង់ទីបដែកមួយដើមនិងដែកទីបបួនជ្រុង៣១ដើម។ បើតាមលោកស្នងការ មានជនរងគ្រោះ៣នាក់ហើយបានដាក់ពាក្យបណ្ដឹងប៉ុន្ដែនៅមួយចំនួនទៀតមិនបានមកដាក់ទេ។
លោកឧត្តមសេនីយទោជួនណារិន្ទបានបញ្ជាក់យ៉ាងដូច្នេះថា”នេះជាលើកទី២ហើយក្នុងខេត្តព្រះសីហនុដែលក្រុមក្បាលខិលខូចទាំងនោះគេតែងតែបង្កបញ្ហាអាចជាការសាកល្បងកម្លាំងនគរបាលថាពេលយប់អត់មានកម្លាំងសមត្ថកិច្ចធ្វើការទេ”។តែកម្លាំងស្នងការ និងកម្លាំងមូលដ្ឋានចេញទៅបង្ក្រាបទាន់ម្លេះអាចមានបញ្ហាធំដោយប្រជាពលរដ្ឋយើងចោមរោមវាយអាចវឹកវរ។
ក្នុងនោះដែរលោកឧត្តមសេនីយ៍ទោជួនណារិន្ទសំណូមពរដល់បងប្អូនប្រជាពលរដ្ឋយើងក្នុងខេត្តព្រះសីហនុទាំងអស់ “កុំធ្វើអ្វីមួយឲ្យលើសពី ប្រពៃណី សីលធម៌ និងច្បាប់របស់ប្រទេសយើងឲ្យសោះ”។
លោកបន្តថាអាជ្ញាធរនិងសមត្ថកិច្ចអ្នកអនុវត្តច្បាប់រក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនហើយដោយអនុវត្តច្បាប់ដូចគ្នាដូចក្នុងករណីនេះសមត្ថកិច្ចនឹងបន្តស្រាវជ្រាវទៀតទៅលើទំនាស់ខាងលើនេះ តើផ្ដើមចេញពីហេតុការអ្វីខ្លះបើមានការពាក់ព័ន្ឌដល់កម្រិតណា នឹងចាត់ការបន្តទៀតមិនឲ្យគេចខ្លួនបាននោះទេ៕ ដោយ ៖ហូសាន់