សមត្ថកិច្ច​បង្ក្រាប​ទីតាំង​ចម្លាក់​រូប​ព្រះពុទ្ធ រកឃើញ​សំណាក​សត្វព្រៃ​ជាច្រើន​ប្រភេទ​

932
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: កម្លាំង​អន្ដរាគមន៍​បង្ក្រាប​បទ​ល្មើស​សត្វព្រៃ​ចល័ត នៃ​រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រោម​ការសម្របសម្រួល​ពី​តំណាង​អយ្យការ បាន​ចុះបង្ក្រាប​ទីតាំង ដែល​ទទួល ចម្លាក់ ចម្លាក់​រូប ចេញពី​ភ្លុក ចែ ឆ្អឹង ដែលមាន​យីហោ “​ចឹក ម៉េង ចម្លាក់​ព្រះ​” កាលពី​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ដែល​ស្ថិត​ផ្ទះ​លេខ​១៦៦ ផ្លូវ​៣៦៩ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ រកឃើញ​សំណាក សំណល់​សត្វព្រៃ​ជាច្រើន​ប្រភេទ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ទីតាំង​ដែល​កម្លាំង​បាន​ចុះ​ពិនិត្យ និង​ឆែកឆេរ​នេះ មាន​យីហោ «​ចឹក ម៉េង លក់ និង​ឆ្លាក់​វត្ថុ​ស័ក្ដិសិទ្ធិ​» ដែលមាន​ម្ចាស់​ទីតាំង​ឈ្មោះ ម៉ុក ទិព្វ​រាសី ភេទ​ស្រី អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៦៦ ផ្លូវ​លេខ​៣៦៩ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​។​

​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​រកឃើញ​វត្ថុតាង បទល្មើស​ជា​សំណាក​សត្វព្រៃ រួមមាន សំណាក​ភ្លុក​ដំរី​, ភ្លុក​ដំរី​កែច្នៃ​, ចែ​ជ្រូកព្រៃ​, ធ្មេញ និង​ក្រចក​, ខ្លាឃ្មុំ , ចុង​ស្នែង​ប្រីស​, ជើង​ឈ្លូស​ក្រៀម​, នុប​ប្រីស​, ស្នែង​កេះ និង​សម្ភារៈ​ផ្សេងៗ​ជាច្រើន​មុខ​ទៀត​។​

​ដោយ​ពិនិត្យឃើញថា វត្ថុតាង​បទល្មើស​សំណាក​សត្វព្រៃ​ទាំងអស់ ពុំមាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ និង​បាន​ដកហូត​សំណាក​សត្វព្រៃ​ទាំងអស់​ជា​បណ្ដោះអាសន្ន និង​ឃាត់ខ្លួន​មនុស្ស​២​នាក់​ទៅ​សាកសួរ ដើម្បី​អនុវត្តន៍​បន្ត​តាម​នីតិវិធី​៕ ល​