សមត្ថកិច្ច​បង្ក្រាប​ទីតាំង​កែច្នៃ​ដំឡើងរថយន្ត​គ្មាន​ច្បាប់ ​ចង្កូត​ស្ដាំ​ គ្មាន​ពន្ធ នៅ​ស្រុក​អង្គស្នួល

309
ចែករម្លែក

ដោយ​:​ឆាយា​នាថ​/​កណ្តាល ​៖ ​នៅ​ថ្ងៃទី​៥ ខែកក្កដា នេះ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បង្ហាញ​របាយការណ៍ផ្លូវការ ដោយ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២ ខែកក្កដា វេលា​ម៉ោង​១០៖៣០​នាទី ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកណ្ដាល បាន​បន្ត​សហការ​ជាមួយ​កម្លាំង​សាខាគយ​និង​រដ្ឋាករ​ខេត្ដ​កណ្ដាល កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ប៉ុស្តិ៍នគរបាល​រដ្ឋបាល​និង​អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ ដោយមាន​ការចូលរួម​សម្របសម្រួល​នីតិវិធី ជាមួយ​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល បាន​ចុះមក​ដល់ទី​តាំង​កែច្នៃ​ដំឡើងរថយន្ត​គ្មាន​ច្បាប់ ​ចង្កូត​ស្ដាំ​គ្មាន​ពន្ធ ស្ថិតនៅ​ក្នុងភូមិ​ដំណាក់​កកោះ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។​

​ជនសង្ស័យ​ជា​ម្ចាស់​ទីតាំង​រថយន្ត​កែច្នៃ​មានឈ្មោះ​សុខ បញ្ញា ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះជួល​ភូមិ​ដំណាក់​កកោះ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។​វត្ថុតាង​ដកហូត​រួមមាន រកឃើញ​រថយន្ត​ម៉ាក NISSAN DISEL​ចំនួន​៦​គ្រឿង ទម្ងន់​៥​តោន រថយន្ត​ចង្កូត​ស្ដាំ​គ្មាន​ពន្ធ ។ ក្នុងនោះ​មាន​ពណ៌​ទឹកប្រាក់ ចំនួន​២​គ្រឿង និង​ពណ៌​ស ចំនួន​៤​គ្រឿង ដំឡើង​ទ្រុង​រួច​ចំនួន​៣​គ្រឿង និង​មិនទាន់​ដំឡើង​ទ្រុង​ចំនួន​៣​គ្រឿង ។ ចំពោះ​រថយន្ត​ទាំង​៦​គ្រឿង​នេះ គឺជា​ប្រភេទ​រថយន្ត​ដឹក​ធម្មតា កែច្នៃ​ទៅជា​រថយន្ត​បែន​សម្រាប់​ដឹក​ដី ហើយ​មាន​ម្ចាស់​រៀងៗ​ខ្លួន​។​

​ចំពោះ​វត្ថុតាង​រថយន្ត​ទាំង​៦​គ្រឿង​នេះ ក្រុមការងារ​ចម្រុះ​សម្រេចយកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បណ្ដោះអាសន្ន​រង់ចាំ​ការអនុវត្ត​នីតិវិធីរ​បស់​ជំនាញ​សាខាគយ​និង​រដ្ឋាករ​ខេត្តកណ្ដាល និង​បានធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​ទីតាំង ដើម្បី​ឲ្យ​បញ្ឈប់​ការធ្វើ​រថយន្ត​កែ​ដំឡើងរថយន្ត​គ្មាន​ច្បាប់​អនុញ្ញាត​បន្តទៀត​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល ថ្លែងថា ករណីនេះ គឺជា​សមត្ថកិច្ច​របស់​ជំនាញ​របស់​សាខាគយ​និង​រដ្ឋាករ​ខេត្តកណ្ដាល ពាក់ព័ន្ធ​លក្ខណៈ​បច្ចេកទេស​រថយន្ត ពោលគឺ​ម្ចាស់​ទីតាំង​ពុំមាន​បទល្មើស​ព្រហ្មទណ្ឌ​ទេ៕​B/Ha