សមត្ថកិច្ច​បង្ក្រាប​រថ​យន្ត​ដឹកឈើ​ឈើប្រណិត​ខុសច្បាប់​ពីរ​គ្រឿង​ស្រុក​សំបូរ​

611

​ក្រចេះ​៖ កម្លាំង​ស្នាក់ការ​សន្តិសុខ​៧១០ សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង ចុះបង្ក្រាប​បាន​រថយន្ត​ស៊ាំ​យ៉ុង​ដឹកឈើ​ឈើប្រណិត​ខុសច្បាប់ ចំនួន​ពីរ​គ្រឿង នៅ​ចំណុច​ផ្លូវ​ចូល​ក្រុមហ៊ុន​ដុង​ណាយ ស្ថិតក្នុង​ភូមិ​អូរ​កណ្តៀ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែកក្កដា​ឆ្នាំ​២០១៧​នេះ​។ ដោយឡែក​រថយន្ត​ដឹកឈើ​ប្រណិត​ខុសច្បាប់​ចំនួន​ពីរ​គ្រឿង​នេះ បាន​ដឹកជញ្ជូន​ចេញពី​ខេត្តស្ទឹងត្រែង មក​ពួន​សម្ងំ​នៅ​ចំណុច​ខាងលើ បំរុង​លោតឆ័ត្រ​បន្តទៅ​លក់​នៅ​ព្រំដែន​ប្រទេស​វៀតណាម​។​

​ប្រភពព័ត៌មាន​ពី​លោក សៀង សុខុម ប្រធាន​ស្នាក់ការ​សន្តិសុខ​៧១០ បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​ឱ្យដឹងថា មុននឹង​ឈានដល់​ការបង្ក្រាប​រថយន្ត​សាំ​យ៉ុង ដឹកឈើ​ប្រណិត​ខុសច្បាប់​ចំនួន​ពីរ​គ្រឿង​នេះ ដោយ​ទទួលបាន​ព័ត៌មាន​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ឆ្លងកាត់​ទីកន្លែង​នោះ​ថា មាន​រថយន្ត​សាំ​យ៉ុង​ពីរ​គ្រឿង ផ្ទុក​ឈើ​ពេញព្រៀប ហើយ​កម្លាំង​របស់លោក​សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង ចុះ​ទៅដល់​គោលដៅ​ធ្វើការ​បង្ក្រាបបាន​រថយន្ត​ដឹកឈើ​ដឹកឈើ​ល្មើសច្បាប់​ចំនួន​ពីរ​គ្រឿង បំរុង​លោតឆ័ត្រ​បន្តទៅ​លក់​នៅ​ព្រំដែន​ប្រទេស​វៀតណាម​។ ក្រោយពី​កម្លាំង​របស់លោក​ឃាត់​បាន​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ពីរ​គ្រឿង ឯ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ដោយ​មិន​ស្គាល់​អត្តសញ្ញាណ​ម្ចាស់​ឈើ​នោះទេ​។​

​ប្រភពព័ត៌មាន​ពី​លោក កែវ ចំណាន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង បានឱ្យដឹងថា ក្រោយពី​បង្ក្រាប​រថយន្ត​សាំ​យ៉ុង​ពីរ​គ្រឿង ដឹកឈើ​ប្រណិត​ខុសច្បាប់​រាប់រយ​ដុំ​មក កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​របស់លោក​ក៏​នាំយក វត្ថុតាង​ទាំងនោះ ទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង​។​

​លោកនាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង បាន​បន្ថែមថា ឈើ​ទាំងនេះ ឈើ​សុ​ក្រម​ប្រភេទ​លេខ​១ ក្រោយពី​កម្លាំង​របស់លោក​ធ្វើការ​វាស់វែង​បាន​ចំនួន​២១៦​ដុំ ស្មើរ​នឹង​៨​ម៉ែត្រគូប និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់រដ្ឋបាល​ព្រៃឈើ​បន្ត​៕ ដោយ​៖ សេង​ឃួន​

បង្ក្រាបបាន​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ចំនួន​ពីរ​គ្រឿង​ស្រុក​សំបូរ (​រូប​៖ សេង​ឃួន​)​