សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ទៅ​តុលាការ​

287

​(​ក្រចេះ​)៖​កងកម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ​បញ្ជូន​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​រក្សាទុក​នៅ​សារ​សារធាតុ​ញៀ​និង​វត្ថុតាង​មួយចំនួនធំ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​នៅ​ព្រឹក​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០១៧​នេះ​។

​លោក​ឡុង​យឹ​ង​ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​បានបញ្ជាក់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ​២០១៧​ឱ្យដឹងថា​កងរាជអាវុធហត្ថ​ស្រុក​ស្នួល​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់​ដែលមាន​ពីរ​ទីតាំង​ផ្សេងគ្នា​បង្ក្រាប​ក្នុង​ថ្ងៃ​តែមួយ​កាលពី​យប់​ថ្ងៃទី​៤​ខែសីហា​ឆ្នាំ​២០១៧​។​

ទី​១​នៅ​ចំណុច​ផ្លូវ​ចូលទៅ​ចម្ការកៅស៊ូ​ដាយ​ណា​ម​ស្រុក​ស្នួល​ខេត្តក្រចេះ​គឺ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​មានឈ្មោះ​ទិ​ត្យ​ចន្ទ្រា​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​ក្រញូង​សែន​ជ័យ​ឃុំ​ក្រញូង​សែន​ជ័យ​ស្រុក​ស្នួល​ខេត្តក្រចេះ​។​ក្នុងនោះ​ចាប់បាន​វត្ថុតាង​មាន​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​មួយកញ្ចប់​ធំ​និង​សារធាតុ​ញៀន​ពណ៌​ក្រហម​ចំនួន​២​កញ្ចប់​ជញ្ជីង​ថ្លឹង​សារ​ធាត់​ញៀន​មួយគ្រឿង​អាវុធ​កែច្នៃ​មួយ​ដើម​ដាវ​មួយ​ដើម​។​

​ទី​២​ស្ថិតនៅ​ចំណុច​ភូមិ​ក្រញូង​សែន​ជ័យ ឃុំ​ក្រញូង ស្រុក​ស្នួល​ខេត្តក្រចេះ ឃាត់ខ្លួន​សង្ស័យ​ចំនួន​២​នាក់ ។ ១​ឈ្មោះ​ឃឿ ពៅ​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ជនជាតិខ្មែរ​រស់នៅ​ភូមិ​ក្រញូង​សែន​ជ័យ ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល​។ ទី​២​ឈ្មោះ​ញេ​ត ធី​ត​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ជនជាតិខ្មែរ​រស់នៅ​ភូមិ​មិ​ល​ឃុំ​ឃ្សឹ​ម​ស្រុក​ស្នួល​ខេត្តក្រចេះ​ចាប់បាន​វត្ថុ​តា​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​៤​កញ្ចប់​តូច​សារធាតុ​ញៀន ជញ្ជីង​ថ្លឹង​មួយគ្រឿង​ម៉ូតូ​មួយគ្រឿង​។​

​លោក អ៊ុ​ល ឆាយ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា​ប្រតិបត្តិ​ការបង្ក្រាប​នេះ​ដោយមាន​ការសម្របសម្រួល​ពី​លោក​កែវ សុជាតិ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ​ទើប​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​នៅ​ចំណុចកើតហេតុ​ខាងលើ​។​

​លោក​ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​បាន​បន្តថា​បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន​៣​នាក់​និង​វត្ថុតាង​ខាងលើ​ត្រូវបាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០១៧​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​៕S/​ដោយ​៖​សេង​ឃួន​

​សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ទៅ​តុលាការ​(រូប៖សេងឃួន)