សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​ទៅកាន់​តុលាការ​

1033
ចែករម្លែក

ដោយ : សេង ឃួន​/​ខេត្តក្រចេះ ៖ កម្លាំង​នរគ​បាល​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ​និង​រក្សាទុក​ដោយ​ខុសច្បាប់​នៅ​សារធាតុ​ញៀន​ជាមួយនឹង​វត្ថុ​មួយចំនួន​ទៅកាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​១០​ ខែឧសភា ​ឆ្នាំ​២០១៨​នេះ​។​

​លោក គង់ ស៊ីដន ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​បានឲ្យ​ដឹងថា​មាន កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្នួល បានធ្វើការ​បង្ក្រាប​ករ​ណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ចំណុច​ផ្អាក ភូមិ​កាត់​ដៃ ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​កាលពី​ល្ងាច​ថ្ងៃទី​០៨​ ខែឧសភា ​ឆ្នាំ​២០១៨​។

លោក ចាន់ សុ​គីម​អធិការ​នរគ​បាល​ស្រុក​ស្នួល​បាន​ឲ្យដឹងថា​ ជនសង្ស័យ​ខាងលើ​មាន ឈ្មោះ ធឿន ភួង ភេទ​ប្រុស អាយុ២៣​ឆ្នាំ​រស់នៅ​ភូមិ​កាត់ ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ចាប់យក​វត្ថុតាង​នៅនឹងកន្លែង​កើតហេតុ​រួមមាន​: ម្សៅ​ក្រាម​ពណ៌​សរាង​ដូច​ប៊ីចេង សង្ស័យ​ជា​គ្រឿងញៀន​ម៉ា​ទឹកកក​ចំនួន​០៧កញ្ចប់ (០៦​កញ្ចប់​តូច និង​០១​កញ្ចប់​មធ្យម ដែល​ឆែក​រកឃើញ​នៅលើ​ខ្លួន​ជនសង្ស័យ​), ទុយោ​ឆ្នៃ​សម្រាប់​ចូក​គ្រឿង​ចំនួន​០២, ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន និង​ប្រាក់​ចំនួន៤,៥០០០​រៀល​​។

​លោក គង់ ស៊ីដន​បាន​បន្តទៀតថា ​ជនសង្ស័យ​ខាងលើ​រួមជាមួយ​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ​នៅ​ព្រឹក​ថ្ងៃទី​១០​ខែឧសភា ​ឆ្នាំ​២០១៨ ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕B