សមត្ថកិច្ច​បន្ត​ការស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​បុរស​ជនជាតិ​ព្នង​ម្នាក់​

476
ចែករម្លែក
  • 27
    Shares

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ឃាតកម្ម​បាញ់សម្លាប់​បុរស​ជា​ជនជាតិ​ព្នង​ម្នាក់​នៅក្នុង​ខេត្តមណ្ឌលគិរី នៅ​ចំ​ថ្ងៃ នៃ​ពិធីបុណ្យ ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ រហូតមកដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ នគរបាល ខេត្តមណ្ឌលគិរី នៅតែ​បន្ត​នីតិវិធី​ស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់​បំផុត គ្រា​ដែល​ខ្មាន់កាំភ្លើង នៅ​ពុំទាន់​ចាប់ខ្លួនបាន​នៅឡើយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ឡោ​សុខា​ស្នងការ​នគរបាល​ខេត្ត​មណ្ឌល​គី​រី​បាន​ប្រាប់​អ្នកកាសែត​នៅ​ព្រឹក​ថ្ងៃទី​១៨​ខែមេសា​នេះ​ថា​សមត្ថកិច្ច​នៅ​ពុំទាន់​អាច​បង្ហាញ​ពី​ភស្តុតាង​ដែល​បាន​រកឃើញ​កំឡុងពេល​ស្រាវជ្រាវ​ក្រោយ​កើតហេតុ​នៅឡើយ​នោះទេ​។ គ្រា​ដែល ទាំង​កម្លាំង​នគរបាល​ស្រុក​កែវ​សីមា ក៏ដូចជា ជំនាញ​ព្រហ្មទណ្ឌ​នៅតែ បន្ត​នីតិវិធី​ស្រាវជ្រាវ​។

​លោកស្នងការ​បាន​បន្ត​ថា ខ្មាន់កាំភ្លើង នឹងត្រូវ​ចាប់ខ្លួន នៅពេល​ឆាប់ៗ​ខាងមុខនេះ ស្រប​ពេលដែល ភស្តុតាង​ពាក់ព័ន្ធ រួមទាំង​សាក្សី សមត្ថកិច្ច​កំពុងតែ ធ្វើការ​លម្អិត​។​ចំពោះ​ករណី​ឃាតកម្ម​មួយ​នេះ អភិបាលខេត្ត​មណ្ឌលគិរី លោក​ស្វាយ​សំ​អ៊ាង កាលពី​ថ្ងៃទី​១៥ ខែមេសា​អំឡុងពេល ដែល​លោក បាន​ដឹកនាំ កងកម្លាំង​ទាំងបី​ប្រភេទ រួមទាំង ក្រុម​មនុស្សធម៌ ចុះ​ផ្ដល់​អំណោយ និង​ចែករំលែក ក្តី​លំបាក ជាមួយ​ភរិយា​នៃ​សព រួមទាំង​កូនៗ​នោះ​។​

​លោក​បានដាក់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ដល់​សមត្ថកិច្ច​ជំនាញ​ត្រូវតែ​ខិតខំ​ធ្វើយ៉ាងណា​ត្រូវតែ​បំបែកសំណុំរឿង​ឃាតកម្ម​មួយ​នេះ​ឱ្យបាន​ឆាប់រហ័ស​ដើម្បី​ស្វែងរក​ចាប់​ខ្មាន់​កំ​ភ្លើង​យកមក​ដល់​ផ្តន្ទាទោស​ស្វែងរក​ភាពយុត្តិធម៌​ជូន​គ្រួសារ​រងគ្រោះ​អោយ​ខាន​តែ​បាន​។​

​សូមជម្រាបថា នៅ​ព្រលប់​ថ្ងៃទី ១៤​ខែមេសា​ឆ្នាំ​២០១៩​ចំ​ថ្ងៃទី​១ នៃ​ព្រះរាជ​ពិធីបុណ្យ ចូលឆ្នាំ​ប្រពៃណី ជាតិខ្មែរ បុរស​ជនជាតិ​ព្នង​ម្នាក់ ឈ្មោះ​ប្យុ​ច ផុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ឃ្មុំ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​មាន​ប្រពន្ធ​និង​កូនៗ​ចំនួន​៧​នាក់ បាន​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ នៅលើផ្ទះ​របស់ខ្លួន​។ គ្រា​ដែល ត្រូវ​ជន​មិន​ស្គាល់មុខ ប្រើ​អាវុធ​អាកា បាញ់ប្រហារ ពី​ខាង​ក្រោមផ្ទះ ចំនួន​២​គ្រាប់​ធ្លាយ​ពោះ ដោយ​ពុំទាន់​ដឹង​អំពី​មូលហេតុ ថា​វា​ជា​រឿង​គំនុំ ឬ​ជា​បញ្ហា​អ្វី​ឱ្យ​ប្រាកដ​។​

​ក្នុងករណី​ឃាតកម្ម មួយ​នេះ គ្រួសារ​នៃ​សព បាន​ប្រាប់​សមត្ថកិច្ច​ថា បុរស​ជា​ជនរងគ្រោះ មុន ខ្មាន់កាំភ្លើង​បាញ់​ស្លាប់​នោះ គឺ​បាន​ត្រឡប់ មកពី បណ្ដើរ​សត្វ​ឆ្កែ ដើម្បី​ចាប់​សត្វ យកមក​ធ្វើ​ម្ហូបអាហារ​។​ក្រោយពី ធ្វើជា​ព្រានព្រៃ​រួច បុរស​រូបនេះ បាន​បន្ត​ចូលរួម​កម្មវិធី​សែនព្រេន បុណ្យចូលឆ្នាំថ្មី នៅផ្ទះ របស់​អ្នកភូមិ ដែល​មានផ្ទះ​ជិតគ្នា​។​

​ពេល​ត្រឡប់មក​ដល់ផ្ទះ​វិញ​នៅ​ម៉ោង​ប្រហែលជា​៨​ថ្ងៃ​ដដែល​ជនរងគ្រោះ​បាន​ឡើង​នៅផ្ទះ​នឹង​ដេក​ផ្កាប់មុខ​មើល​ទូរ​សព្ទ​ជាមួយ​កូន​ឲ្យ​ត្រូវបាន​កាំភ្លើង​ចូលមក​ក្រោមផ្ទះ​រួច​ធ្វើការ​បាញ់ប្រហារ​ចំនួន​២​គ្រាប់​ធ្លាយ​ផ្នែក​ពោះ​ទៅ​ខ្នង​និង​ធ្លាយ​ដំបូលផ្ទះ​ស​ង្ក័​សី ស្លាប់​ភ្លាមៗ​តែម្ដង​។​

​ករណី​ឃាតកម្ម​មួយ​នេះ ត្រូវបាន​អ្នកភូមិ បញ្ជាក់ថា វា​ជា​អំពើ ដ៏​សាហាវ របស់​ខ្មាន់កាំភ្លើង ដែល​ហ៊ាន​សម្លាប់ ជនរងគ្រោះ​ជា​ឪពុក ដោយ​បន្សល់ទុក ឲ្យ​កូន​ធំ​តូច រហូតដល់​ទៅ​៧​នាក់ កំព្រា ហើយ​ប្រពន្ធ បាន​ក្លាយជា​ស្ត្រី​មេម៉ាយ ទាំង​ដែល​គ្រួសារ​មួយ​នេះ​ក្រីក្រ នៅក្នុង​ភូមិ​នេះ​ទៀត​៕S/​